(ភ្នំពេញ)៖ ក្រសួងបរិស្ថាន បើកយុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» ចាប់ពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ នេះតទៅ។ យុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» គឺជាយុទ្ធនាការបំផុសឱ្យសិស្សានុសិស្ស ប្រជាពលរដ្ឋចេញរើសសំរាម សំអាតបរិវេណផ្ទះ សាលារៀន វត្តអារាម និងតាមទីសាធារណៈ ចំនួន១៥នាទី រៀងរាល់ថ្ងៃសៅរ៍ ដោយប្រមូលទុកដាក់សំរាមឱ្យបានត្រឹមត្រូវ។
ពិធីនេះបានធ្វើឡើងក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន រួមជាមួយថ្នាក់ដឹកនាំក្រសួងបរិស្ថានជាច្រើនរូប នៅព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤នេះ នៅទីស្តីការក្រសួងបរិស្ថាន។
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានគូសបញ្ជាក់ថា យុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» ជាយុទ្ធនាការបង្ហាញច្បាស់ពីការតាំងចិត្តចូលរួមពីខ្មែរទូទាំងប្រទេសក្នុងការសំអាតបរិស្ថានជុំវិញកន្លែងរស់នៅ បន្ទាប់ពីកម្ពុជាបានចូលរួមទប់ស្កាត់ ការពារការប្រើប្រាស់ និងបោះចោលថង់ប្លាស្ទិក បានច្រើនជាងការបោះចោលទៅក្នុងទីសាធារណៈ ទទួលបានជោគជ័យរួចហើយ។
«ជោគជ័យដែលទទួលបាននោះគឺយុទ្ធនាការបន្តថ្មីមួយទៀតនេះ បានដើរទន្ទឹមគ្នាជាមួយ យុទ្ធនាការ [ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ] ដែលត្រូវបានដាក់ចេញកាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣ ហើយដែលរហូតដល់ពេលនេះ មានការចូលរួមពីសំណាក់សិស្សានុសិស្ស និងប្រជាជនចំនួនជាង ៨លាន នាក់នៅទូទាំងប្រទេសកម្ពុជា»។ នេះជាការគូសបញ្ជាក់បន្ថែមរបស់លោករដ្ឋមន្រ្តីក្រសួងបរិស្ថាន។
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែតបានថ្លែងថា ភាពស្អាត និងសុខភាពប្រជាពលរដ្ឋជាការងារអាទិភាព ដែលរាជរដ្ឋាភិបាលកម្ពុជា នៅក្នុងអាណត្តិទី៧ បាននឹងកំពុងយកចិត្តទុកដាក់។ ការសម្អាតអនាម័យបរិស្ថាននៅតាមមូលដ្ឋាន ប្រមូលទុកដាក់សំរាម រួមទាំងការកាត់បន្ថយសំណល់ប្លាស្ទិក ដែលឈានទៅបញ្ឈប់ការប្រើប្រាស់ប្លាស្ទិក ក្នុងចំណោមយុវជនជំនាន់ក្រោយ ធានាការគ្រប់គ្រងសំរាម ថែរក្សាអនាម័យបរិស្ថាន និង សុខុមាលភាពប្រជាពលរដ្ឋ បានល្អប្រសើរ ស្របនឹងភាពស្អាត ដែលជាមុំយុទ្ធសាស្រ្តអាទិភាពទី១ ចែងក្នុងយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន៕