នៅក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលលើកទី៧ ក្រោមប្រធានបទ«សេចក្ដីផ្ដើម ស្ដីពីការប្រតិបត្តិល្អនៃការតាក់តែងបទប្បញ្ញត្តិ» ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី នាថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ បានបញ្ជាក់ថា ការពង្រឹងការប្រតិបត្តិល្អនៃការតាក់តែងបទប្បញ្ញត្តិ ត្រូវផ្ដោតលើចំណុចសំខាន់ៗ ចំនួន៥៖
ទី១.ទីស្ដីការគណៈរដ្ឋមន្រ្ដី ត្រូវពង្រឹងមុខងារស្នូលគឺជាស្ថាប័នសម្របសម្រួលត្រួតពិនិត្យ និងវាយតម្លៃការតាក់តែង, ការធ្វើវិសោធនកម្ម, និរាករណ៍ច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ដែលមានក្រុមប្រឹក្សាអ្នកច្បាប់ និងក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ជាសេនាធិការ តាមរយៈការបង្កើតប្រព័ន្ធការងារដែលមានប្រសិទ្ធភាព និងស័ក្ដិសិទ្ធិភាព។
ទី២.គ្រប់ក្រសួង-ស្ថាប័ន ត្រូវអនុវត្ដវិធីសាស្រ្ដការប្រតិបត្តិល្អនៃការតាក់តែងបទប្បញ្ញត្តិ តាមរយៈការបង្កើនការយកចិត្ដដាក់លើការចូលរួមពីភាគីពាក់ព័ន្ធ, ការពិគ្រោះយោបល់ជាសាធារណៈ, ការវាយតម្លៃលើផលប៉ះពាល់នៃលិខិតបទដ្ឋានគតិយុត្ត (RIA) និងអនុលោមតាមស្ដង់ដាអន្ដរជាតិ ក្នុងការតាក់តែងសេចក្ដីព្រាងច្បាប់ លិខិតបទដ្ឋានគតិយុត្ដ និងគោលនយោបាយនានា ដើម្បីធានាដល់តម្លាភាពនៃការអភិវឌ្ឍបទប្បញ្ញត្តិ ព្រមទាំងអនុវត្ដលិខិតបទដ្ឋានគតិយុត្ដ ប្រកបដោយតម្លាភាព, ប្រសិទ្ធភាព និងការទទួលខុសត្រូវខ្ពស់។
ទី៣. គ្រប់ក្រសួង ស្ថាប័ន ត្រូវពង្រឹង និងបង្កើនសមត្ថភាពរបស់អង្គភាព និងធនធានមនុស្ស ដែលមានសមត្ថភាពស្វែងយល់អំពីការប្រតិបត្តិល្អនៃការតាក់តែងបទប្បញ្ញត្តិ, ការតាក់តែងសេចក្ដីព្រាងច្បាប់, លិខិតបទដ្ឋានគតិយុត្ដ និងគោលនយោបាយនានា និងការវិភាគសេដ្ឋកិច្ច និងសង្គម។
ទី៤. ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ គួរផ្ដោតការយកចិត្ដទុកដាក់ក្នុងការវិភាជថវិកាគ្រប់គ្រាន់សម្រាប់ក្រសួង ស្ថាប័ន ដើម្បីធានាដល់ការអនុវត្ដការប្រតិបត្តិល្អនៃការតាក់តែងបទប្បញ្ញត្តិតាមបណ្ដាក្រសួង ស្ថាប័នទាំងអស់។
និងទី៥. និងទី៥. គ្រប់ក្រសួង-ស្ថាប័ន ត្រូវពង្រឹងយន្ដការសម្រេចចិត្ដបទប្បញ្ញត្តិដោយផ្អែកលើវិទ្យាសាស្រ្ដ ដើម្បីធានាថារាល់ការតាក់តែងសេចក្ដីព្រាងច្បាប់, លិខិតបទដ្ឋានគតិយុត្ដ និងគោលនយោបាយបែបវិទ្យាសាស្រ្ដផ្ដល់នូវសង្គតិភាព, និងភាពដែលអាចប៉ាន់ប្រមាណបាននូវលទ្ធផលនៃច្បាប់, លិខិតបទដ្ឋានគតិយុត្ដ និងគោលនយោបាយទាំងនេះ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានវាយតម្លៃជារួមថា ការប្រតិបត្តិល្អនៃការតាក់តែងបទប្បញ្ញត្តិទាមទារឱ្យមានការចូលរួម និងការពិគ្រោះយោបល់ជាមួយភាគីពាក់ព័ន្ធ,ការវាយតម្លៃលើផលប៉ះពាល់នៃលិខិតបទដ្ឋានគតិយុត្ត (RIA) និងអនុលោមតាមនិយាមស្ដង់ដាអន្ដរជាតិ ក្នុងការតាក់តែងសេចក្ដីព្រាងច្បាប់ លិខិតបទដ្ឋានគតិយុត្ដ និងគោលនយោបាយនានា។
ឯកឧត្តម វង្សី វិស្សុត ការតាក់តែង និងការអនុវត្ដបទប្បញ្ញត្ដិមានកម្មវិបាក ឬបច្ច័យដល់ភាពប្រកួតប្រជែងនិងកំណើនសេដ្ឋកិច្ច សុខុមាលភាព និងជីវភាពរស់នៅប្រចាំថ្ងៃ ក៏ដូចជាការប្រកបធុរកិច្ចរបស់ប្រជាពលរដ្ឋ និងក្រុមហ៊ុន។ ជាក់ស្ដែង, ការអនុវត្ដបទប្បញ្ញត្តិល្អ នឹងផ្ដល់បច្ច័យវិជ្ជមានដល់សង្គម-សេដ្ឋកិច្ច ដូចជាប្រសិទ្ធភាពសេដ្ឋកិច្ចជួយការពារសិទ្ធិ និងផលប្រយោជន៍ដល់សាធារណជន ព្រមទាំងគាំទ្រដល់អន្ដរអំពើក្នុងសង្គម ដើម្បីធានាភាពច្បាស់លាស់, ភាពអាចប៉ាន់ប្រមាណបាន និងភាពយុត្ដិធម៌។ ផ្ទុយទៅវិញ ការដាក់ឱ្យអនុវត្ដបទប្បញ្ញត្តិ ដែលមិនមានលក្ខណៈអំណោយផលនឹងបង្កើនជាបន្ទុកចំណាយអនុលោមភាព, ការរឹតត្បិតសេរីភាព, និងជាពិសេសការបន្ទុចបង្អាក់នវានុវត្ដន៍ និងការបង្កើតជាវិបាកមិនល្អដល់សង្គម-សេដ្ឋកិច្ចជាយថាហេតុ។
.j.jpg)


.j.jpg)
.j.jpg)
