អភិបាលខេត្តបន្ទាយមានជ័យ ដឹកនាំកិច្ចប្រជុំលើវិធានការ និងនិតិវិធីលម្អិត នៃការជម្រះបញ្ជីទ្រព្យសម្បត្តិរដ្ឋ ចេញពីបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ


(បន្ទាយមានជ័យ)៖ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ បានបើក​កិច្ច​ប្រជុំស្តីពីលើវិធានការ និងនិតិវិធីលម្អិត នៃការជម្រះបញ្ជីទ្រព្យសម្បត្តិរដ្ឋ ចេញពីបញ្ជីសារពើ ភណ្ឌទ្រព្យសម្បត្តិរដ្ឋ ដោយមានការចូលរួមពីអភិបាលរងខេត្ត លោក បឹង គឹមសឹង ប្រធានមន្ទីរហិរញ្ញវត្ថុខេត្តបន្ទាយមានជ័យ អភិបាលក្រុង ស្រុក ប្រធានមន្ទីរ មេឃុំ ចៅសង្កាត់ និងអ្នកពាក់ព័ន្ធជាច្រើននាក់។

ក្នុងកិច្ចប្រជុំនោះលោក បឹង គឹមសឹង បានធ្វើបទបង្ហាញស្តីពីការប្រកាសលេខ ០០២ សហវ .ប្រក ចុះថ្ងៃទី ៦ ខែមករា ឆ្នាំ២០២០ ស្តីពីលើវិធានការ និងនិតិវិធីលម្អិតនៃការ ជម្រះបញ្ជីទ្រព្យសម្បត្តិរដ្ឋ ចេញពីបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ។

លោក បឹង គឹមសឹង បានបញ្ជាក់ថា ការជម្រះបញ្ជីរបស់ទ្រព្យសម្បត្តិរដ្ឋ សំដៅដល់ការដកចេញពីបញ្ជីសារពើភណ្ឌនូវឈ្មោះ និងចំនួនព្រមទាំងតម្លៃទ្រព្យសម្បត្តិទាំងឡាយរបស់រដ្ឋ ដែលបានបំពេញតាមនិតិវីធីជាធរមានរួចរាល់។ គ្រប់ក្រសួង ស្ថាប័ន អង្គភាពសាធារណៈប្រហាក់ប្រហែល រដ្ឋបាលខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងនិតិបុគ្គលសាធារណះ ត្រូវរៀបចំគំរោងជម្រះបញ្ជីប្រចាំឆ្នាំ នូវទ្រព្យសម្បត្តិរដ្ឋទាំងឡាយណា ដែលជាកម្មវត្ថុនៃការសុំស្នើសុំ ជម្រះចេញពីបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋហើយត្រូវបានអនុញ្ញាតឲ្យជម្រះបានតែ១ដងគត់ក្នុង១ឆ្នាំ។

លោក បឹង គឹមសឹង បានបញ្ជាក់បន្តទៀតថា ទ្រព្យសម្បត្តិរដ្ឋដែលអនុញ្ញាតឲ្យជម្រះចេញពីបញ្ជីសារពើភណ្ឌទ្រព្យរបស់ទ្រព្យសម្បត្តិរដ្ឋ បានលុះត្រាតែទ្រព្យសម្បត្តិរដ្ឋនោះត្រូវបានចុះក្នុងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ រួចរាល់តាមនិតិវីធីជាធរមាននិងមានក្នុងគំរោងជម្រះបញ្ជីប្រចាំឆ្នាំ ដែលទទួលស្គាល់ពីក្រសួងសេដ្ឋកិច្ច ហិរញ្ញវត្ថុ។

លោក បឹង គឹមសឹង អះអាងថា អាជ្ញាធរគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ ជាអ្នកសម្រេចលើសំណើរសុំជម្រះបញ្ជីទ្រព្យសម្បត្តិរបស់អាជ្ញាធរកាន់កាប់ទ្រព្យសម្បត្តិរដ្ឋ។ អាជ្ញាធរកាន់កាប់មានសិទ្ធិសម្រេចលើការជម្រះបញ្ជីទ្រព្យសម្បត្តិរដ្ឋ ក្នុងនោះមានសង្ហារឹម រួមមាន៖ តុ ទូ គ្រឿងអេឡិចត្រូនិច កង្ហា និងកង់ធម្មតា ដែលជាទ្រព្យសម្បត្តិរដ្ឋ ដែលត្រូវជម្រះដោយមិនបញ្ចូលនូវគ្រឿងសង្ហារឹមប្រណិតដែលមានតំលៃដើមចាប់ពី ៤លានរៀលឡើង។ ការជម្រះនិងការលក់ទ្រព្យសម្បត្តិរដ្ឋដែលអាចជម្រះចេញពីបញ្ជីមាន ដី និងអាគារ បរិក្ខារបច្ចេកទេស និងឧស្សាហកម្ម យានយន្ត និងគ្រឿងចក្រ សម្ភារះនិងសង្ហារឹម និងទ្រព្យសម្បត្តិដទៃទៀត។

ឯកឧត្តម អ៊ុំ រាត្រី បានឱ្យដឹងដែរថា កិច្ចប្រជុំស្តីពីលើវិធានការនិងនិតិវិធីលម្អិតនៃការជម្រះបញ្ជីទ្រព្យសម្បត្តិរដ្ឋ ចេញពីបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋនេះចង់បង្ហាញលើគំរោងជម្រះបញ្ជីប្រចាំឆ្នាំត្រូវបានបញ្ជាក់លើព័ត៌មាន នៃទ្រព្យសម្បត្តិរដ្ឋដូចជា ប្រភេទនៃទ្រព្យសម្បត្តិរដ្ឋ ស្ថានភាពនៃទ្រព្យសម្បត្តិរដ្ឋ កំណត់តំលៃនៃទ្រព្យសម្បត្តិរដ្ឋ ត្រូវយកតំលៃដែលបានកត់ត្រាក្នុងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ និងតំលៃប៉ាន់ស្មាន ដោយអង្គភាពប្រើប្រាស់ និងព័ត៍មានផ្សេងៗទៀត ដែលមានលម្អិតក្នុងតារាងឧបស័ម្ពន្ធនៃប្រកាសលេខ ០០២ ការជម្រះបញ្ជីទ្រព្យសម្បត្តិរដ្ឋ ចេញពីបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋបាន លុះត្រាណាបង្កើតគណៈកម្មការចម្រុះមួយដោយមានការចូលរួម ពីតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលជាអាជ្ញាធរគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ អាជ្ញាធរកាន់កាប់ទ្រព្យសម្បត្តិរដ្ឋ និងតំណាងក្រសួង ស្ថាប័ន និងអង្គភាពពាក់ព័ន្ធ មានសម្ថកិច្ចដើម្បីកំណត់ឲ្យបានច្បាស់លាស់ ទើបអាចជម្រះបញ្ជីចេញពីសារពើភណ្ឌបាន៕