(ភ្នំពេញ)៖ ឯកឧត្តមនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការពារជាតិ នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃកងយោធពលខេមរភូមិន្ទ ទៅចូលរួមកិច្ចប្រជុំកំពូលសន្តិសុខអាស៊ី លើកទី២១ (កិច្ចសន្ទនាសាំងគ្រីឡា) ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី៣១ ខែឧសភា ដល់ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៤ នៅប្រទេសសិង្ហបុរី។
អមដំណើរឯកឧត្តមឧបនាយករដ្ឋមន្ត្រី ទៀ សីហា ចូលរួមកិច្ចប្រជុំខាងលើរួមមាន៖ ឯកឧត្តមនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ, ឯកឧត្តមនាយឧត្តមសេនីយ៍ ហ៊ឹម សុវត្ថិ អគ្គនាយក អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស, ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត មេបញ្ជាការរងកងទ័ពជើងគោក និងជាអគ្គនាយក អគ្គនាយកដ្ឋានស្រាវជ្រាវចារកិច្ច រួមជាមួយនាយទាហានជាន់ខ្ពស់នៃកងយោធពលខេមរភូមិន្ទ មួយចំនួនទៀត។
កិច្ចប្រជុំកំពូលសន្តិសុខអាស៊ី លើកទី២១ នឹងមានសម័យប្រជុំពេញអង្គចំនួន៧ លើប្រធានបទដូចជា៖
*ទី១៖ ភាពជាដៃគូយុទ្ធសាស្ត្ររបស់សហរដ្ឋអាមេរិក នៅក្នុងឥណ្ឌូប៉ាស៊ីហ្វិក
*ទី២៖ ការពង្រឹងការគ្រប់គ្រងវិបត្តិនៅពេលមានការប្រកួតប្រជែងកាន់តែកើនឡើង
*ទី៣៖ ការកសាងសន្តិសុខសហប្រតិបត្តិការក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក
*ទី៤៖ បញ្ហាប្រឈម សណ្តាប់ធ្នាប់សន្តិសុខឆ្លងតំបន់
*ទី៥៖ វិធីសាស្ត្ររបស់ចិនចំពោះសន្តិសុខសកល
*ទី៦៖ ការតភ្ជាប់សន្តិសុខមហាសមុទ្រឥណ្ឌា និងប៉ាស៊ីហ្វិក
*ទី៧៖ ការគិតគូរឡើងវិញអំពីដំណោះស្រាយសម្រាប់ស្ថិរភាពតំបន់។
ក្នុងឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ទៀ សីហា នឹងអញ្ជើញថ្លែងសុន្ទរកថា និងចែករំលែកទស្សនៈនៅក្នុងសម័យប្រជុំពេញអង្គទី៣ ស្ដីពី «ការកសាងសន្តិសុខសហប្រតិបត្តិការនៅអាស៊ី-ប៉ាស៊ីហ្វិក» ដោយបង្ហាញទស្សនៈស្តីពី បញ្ហាប្រឈមថ្មីៗដែលកំពុងកើតមាននៅក្នុងតំបន់ និងសកលលោក ក៏ដូចជាចែករំលែកនូវការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការរួមចំណែកដល់ការពង្រឹងសន្តិភាព ស្ថិរភាព និងភាពរុងរឿងរបស់តំបន់ និងសកលលោកទាំងមូល។
ក្រៅពីអញ្ជើញចូលរួមកិច្ចប្រជុំកំពូលខាងលើ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ទៀ សីហា នឹងចូលរួមកិច្ចប្រជុំក្រៅផ្លូវការ រដ្ឋមន្ត្រីការពារជាតិអាស៊ាន-សហរដ្ឋអាមេរិក ក៏ដូចជាចូលរួមជំនួបពិភាក្សាការងារទ្វេភាគី៕