ជំនួបជាមួយអភិបាលខេត្តពោធិ៍សាត់ ក្រុមហ៊ុនមីនីបៀ (ជប៉ុន)​ បង្ហាញពីលទ្ធភាពបង្កើតគម្រោងថ្មីសម្រាប់ការវិនិយោគនៅកម្ពុជា ពិសេសក្នុងទឹកដីតំបន់សេដ្ឋកិច្ចពិសេសក្រគរ


(ពោធិ៍សាត់)៖ នាព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤នេះ ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានអនុញ្ញាតឱ្យលោក តាកាហ្ស៊ី អាអូគី ប្រធានគ្រប់គ្រងទីផ្សារ របស់ក្រុមហ៊ុនមីនីបៀ-Minebea (ជប៉ុន) និងគណៈប្រតិភូក្រុមហ៊ុន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។

ក្នុងជំនួបសម្តែងការគួរសមនេះដែរ ត្រូវបានធ្វើឡើង នៅសាលបន្ទប់រងចាំ ជាន់ទី១ អាគាររដ្ឋបាលខេត្តពោធិ៍សាត់ ដោយបានការចូលរួមពីលោក ហៀម ឃួន អភិបាលរងខេត្ត លោកនាយករងរដ្ឋបាលសាលាខេត្ត លោកអភិបាលក្រុង ស្រុក និងមន្ទីរពាក់ព័ន្ធមួយចំនួនទៀត។

លោក តាកាហ្ស៊ី អាអូគី ប្រធានគ្រប់គ្រងទីផ្សារ របស់ក្រុមហ៊ុនមីនីបៀ (ជប៉ុន) បានរាយការណ៍ជូនលោកអភិបាលខេត្តថា ក្នុងរយៈពេល១៤ឆ្នាំកន្លងមកនេះ ក្រុមហ៊ុនបានផលិតនូវផលិតផលថ្មីៗជាច្រើន ដើម្បីបម្រើឱ្យ សក្តានុពលវិនិយោគនៅកម្ពុជា ក្នុងនោះផលិតផលអេឡិចត្រូនិច គឺជាផលិតផលថ្មី របស់ក្រុមហ៊ុន ដែលត្រូវបានផលិតជាលើកដំបូងនៅកម្ពុជា ដើម្បីធ្វើការនាំចេញទៅកាន់ទីផ្សារអន្តជាតិ។

ប្រធានគ្រប់គ្រងទីផ្សារ ក៏បានជម្រាបជូន ឯកឧត្តមអភិបាលខេត្ត អំពីលទ្ធភាពនៃការបង្កើតគម្រោងថ្មី សម្រាប់ការវិនិយោគនៅកម្ពុជា ពិសេសក្នុងទឹកដីតំបន់សេដ្ឋកិច្ចពិសេសក្រគរ ដែរក្នុងនោះរួមមានការវិនិយោគលើ ថាមពលកកើតឡើងវិញ (Solar Power Generator) ដែលមិនធ្វើឱ្យប៉ះពាល់ដល់បម្រែបម្រួលអាកាសធាតុ។ បន្ថែមពីនោះ លោកក៏បានបង្ហាញអំពីគម្រោងផលិតអំពូលភ្លើង ដែលធន់នឹងអាកាសធាតុ សន្សំសម្ចៃភ្លើង និងមានគុណភាពល្អ ដែលអាចបញ្ជា និងគ្រប់គ្រងដោយស្វ័យប្រវត្តិ។

ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានសម្តែងនូវការរីករាយ និងទទួលស្វាគមន៍យ៉ាងកក់ក្តៅ គ្រប់ជ្រុងជ្រោយ ចំពោះវឌ្ឍនភាពរបស់ក្រុមហ៊ុនមីនីបៀ ដែលបានបណ្តាក់ទុនវិនិយោគនៅកម្ពុជា និយាយជារួមនឹងនិយាយដោយឡែក នៅតំបន់សេដ្ឋកិច្ចពិសេសក្រគរ ខេត្តពោធិ៍សាត់ ដែលគ្រោងនឹងពង្រីកវិសាលភាព ក្នុងពេលឆាប់ៗខាងមុខ។ ឯកឧត្តមបានជម្រាបជូនថា រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានទាក់ទាញក្រុមហ៊ុនជាច្រើន មកបន្តាក់ទុកវិនិយោគនៅកម្ពុជា ដែរក្នុងនោះក៏មានក្រុមហ៊ុនជប៉ុនធំៗជាច្រើន នេះដោយសារកត្តាសន្តិភាព និងមានការរីកចម្រើនពីមួយអាណត្តិទៅមួយអាណត្តិ ពិសេសការបង្កើនភាពជាដៃគូរវិនិយោគ ប្រកបដោយទំនុកចិត្តនៅកម្ពុជា។

គួរជម្រាបជូនថា ក្រុមហ៊ុន Minebea គឺជាក្រុមហ៊ុនអេឡិចត្រូនិករបស់ជប៉ុន ផលិតម៉ូទ័រគ្រប់ប្រភេទ ដែលយកទៅផ្គត់ផ្គង់ទីផ្សារអន្តរជាតិ ក្រុមហ៊ុននេះបានបើកដំបូងនៅកម្ពុជា ក្នុងឆ្នាំ២០១១ ក្នុងតម្លៃវិនិយោគ ចំនួន២៣លានដុល្លារអាមេរិក ខណៈបច្ចុប្បន្នក្រុមហ៊ុននេះ បានតម្លើងការវិនិយោគរបស់ខ្លួននៅកម្ពុជា ឡើងដល់ជាង៦០០លានដុល្លារអាមេរិក៕