រដ្ឋមន្រ្តីក្រសួងបរិស្ថាន៖ ជំរុញឱ្យថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃមន្ទីរបរិស្ថានខេត្តត្បូងឃ្មុំ ពង្រឹងការអនុវត្តផែនការសកម្មភាពផ្តោតសំខាន់ទៅលើភាពស្អាត បៃតង និងចីរភាព


(ត្បូងឃ្មុំ)៖ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានអញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃមន្ទីរបរិស្ថានខេត្តត្បូងឃ្មុំ នារសៀលថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៤ ដើម្បីពង្រឹងទៅលើការអនុវត្ត យុទ្ធសាស្រ្តចក្រាលើវិស័យបរិស្ថាន ដែលក្នុងនេះ បានផ្តោតសំខាន់ទៅលើភាពស្អាត បៃតង និងចិរភាព។

ឯកឧត្តមរដ្ឋមន្រ្តី បានជំរុញឱ្យមន្ទីរបរិស្ថាន បន្តយុទ្ធនាការកាត់បន្ថយប្លាស្ទិកឱ្យបានផុសផុល ជាប្រចាំ សំដៅធ្វើយ៉ាងណាជំរុញឱ្យសិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ នៅតាមសាលារៀន បន្តការអនុវត្តយុទ្ធនាការ «ថ្ងៃនេះខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» ដែលត្រូវផ្សារភ្ជាប់ភាពស្អាត ពីសាលារៀនដល់មូលដ្ឋានដើម្បីចូលរួមក្នុងចលនាសម្អាតបរិស្ថាន នៅកន្លែងរស់នៅ ប្រកបដោយសុខភាពល្អ និងបណ្តុះទម្លាប់ក្នុងការរស់នៅស្អាត។

ទន្ទឹមជាមួយគ្នានេះឯកឧត្តមរដ្ឋមន្រ្តីបានជំរុញឱ្យសិស្សានុសិស្ស ត្រូវតែបង្កើតភាពស្អាតចេញពីខ្លួន ចេញពីបេះដូង ដើម្បីធ្វើយ៉ាងណារក្សាបាននូវផ្នត់គំនិតស្អាត។

ឯកឧត្តមរដ្ឋមន្រ្តីសង្ឃឹមជឿជាក់ថា យុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» ដែលជាយុទ្ធការថ្មីមួយទៀត របស់ក្រសួងបរិស្ថាន នឹងជួយឱ្យរួបរួមគ្នាកែប្រែពីយុទ្ធនាការ ទៅជាចលនាមួយយ៉ាងផុសផុល និងបន្តឆ្ពោះទៅជាទម្លាប់ ដែលទម្លាប់នេះហើយ នឹងជួយឱ្យកម្ពុជាស្អាត ពេលនោះមុខមាត់នៃប្រទេសជាតិយើងកាន់តែលេចត្រដែតលើឆាកអន្តរជាតិ។

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានលើកទឹកចិត្តឱ្យ មន្ទីរបរិស្ថានខេត្តត្បូងឃ្មុំធ្វើការបណ្តុះកូនឈើ ឱ្យបានច្រើនថែមទៀត ដែលក្នុងពេលបច្ចុប្បន្នមន្ទីរ បានបណ្តុះរួចរាល់ហើយប្រមាណជាង២ម៉ឺនដើម ក្នុងថ្នាល់ ដើម្បីចូលរួមយុទ្ធនការដាំឈើយ៉ាងតិច១លានដើម ជារៀងរាល់ឆ្នាំ ដោយការចែកកូនឈើដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋដាំដុះ។

ក្រៅពីនេះឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថានបានជំរុញដល់យុវជនកម្ពុជាចូលរួមពិព័រណ៍ផ្សព្វផ្សាយ និងចែកកូនឈើ «ពន្លកបៃតង» នៅខាងមុខក្រសួងបរិស្ថាន ដែលគ្រោងរៀបចំឡើងនៅថ្ងៃទី១០-១៦ ខែកក្កដា ឆ្នាំ២០២៤ខាងមុខ ដើម្បីចែកជូនកូនឃើប្រជាពលរដ្ឋ យកទៅដាំដុះបង្កើនភាពបៃតងក្នុងប្រទេសកម្ពុជា ពិសេសខេត្តត្បូងឃ្មុំនេះតែម្តង។

ក្នុងពិធីនេះឯកឧត្តមរដ្ឋមន្រ្តីបានថ្លែងអំណរគុណដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ក្នុងខេត្តត្បូងឃ្មុំ ពិសេសសិស្សានុសិស្ស លោកគ្រូអ្នកគ្រូ ដែលបានចូលរួមយុទ្ធនាការបរិស្ថាន ដែលជាផ្នែកមួយសំខាន់ក្នុងការលើកស្ទួយកម្ពុជាយើង ឈានឆ្ពោះទៅកំណត់ទស្សនៈវិស័យ ជាប្រទេសដែលមានគម្របព្រៃឈើ៦០ភាគរយ និងជាប្រទេសអព្យាក្រិតកាបូន នៅឆ្នាំ២០៥០៕