សម្តេចធិបតី ហ៊ុន ម៉ាណែត៖ សេដ្ឋកិច្ចប្រទេសជាតិអាចជំរុញឱ្យរីកចម្រើនទៅបាន ទាល់តែមានធនធានមនុស្សដែលមានភាពរស់រវើក


(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ពាក្យថាជំរុញកំណើនសេដ្ឋកិច្ចប្រទេសជាតិឱ្យមានការអភិវឌ្ឍរីកចម្រើន មាននិរន្តរភាព និងចីរភាពទៅបាន ទាល់តែប្រទេសជាតិនោះមានធនធានមនុស្សដែលមានភាពរស់រវើក។

សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងបែបនេះក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យលីមកុកវីងប្រមាណ៥៤០នាក់ នាព្រឹកថ្ងៃ​ទី១៣ ខែមិថុនា ឆ្នាំ២០២៤។

សម្ដេចធិបតីបានថ្លែងថា ធនធានមនុស្សដែលធ្វើឱ្យសេដ្ឋកិច្ចមានចីរភាព ទាល់តែរស់រវើក។ ពាក្យថាជួយជំរុញកំណើនសេដ្ឋកិច្ចប្រទេសជាតិឱ្យមានការអភិវឌ្ឍរីកចម្រើន មាននិរន្តរភាព និងចីរភាពទៅបាន ទាល់តែប្រទេសជាតិនោះមានធនធានមនុស្សដែលមានភាពរស់រវើក។

សម្ដេចថ្លែងយ៉ាងដូច្នេះថា «ប្រទេសយើងត្រូវវិវត្ត ទើបអាចប្រកួតប្រជែងបាន បើយើងនៅនឹងថ្កល់ យើងចាញ់គេហើយ»

សម្ដេចបានបន្តថា ធនធានមនុស្សឱ្យប្រទេសកម្ពុជាមានលទ្ធភាពប្រកួតប្រជែងជាមួយប្រទេសផ្សេងនៅក្នុងបរិបទសកលភាវូបនីយកម្ម។ ការបញ្ចប់សង្គ្រាម និងការកសាងធនធានមនុស្ស បានប្រែក្លាយកម្ពុជាបានប្រែក្លាយកម្លាំងមនុស្សដែលធ្លាប់ចូលសមរភូមិ មកជាកម្លាំងប្រមូលផ្ដុំដើម្បីបណ្ដុះបណ្ដាល បង្កើនសមត្ថភាព និងសេដ្ឋកិច្ចរបស់ខ្លួន បានធ្វើឱ្យកម្ពុជាក្លាយមកជាប្រទេសដែលកំណើនសេដ្ឋកិច្ចខ្ពស់។

សម្ដេចធិបតីបានបន្ថែមថា ប្រជាជនកម្ពុជាត្រូវការរស់រវើកជាប្រចាំ ព្រោះប្រសិនជាធនធានមនុស្សនៅនឹងថ្កល់ កម្ពុជានឹងថយក្រោយវិញជាមិនខាន បើប្រៀបធៀននឹងប្រទេសផ្សេងនៅជុំវិញ។

សម្ដេចធិបតីនាយករដ្ឋមន្ត្រីបានបន្ថែមទៀតថា គុណភាពអប់រំល្អ គឺអាស្រ័យលើគ្រឹះស្ថានអប់រំ ដែលជារោងចក្រផលិតធនធានមនុស្ស៕