សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបប្រជុំអំពីបញ្ហាព្រំដែនជាមួយនាយករដ្ឋមន្រ្តីឡាវ


នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៧ ព្រឹកមិញនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបប្រជុំពិភាក្សាអំពីដំណោះស្រាយបញ្ហាព្រុំដែន ជាមួយ លោក ថង លូនស៊ីសូលីត នាយករដ្ឋមន្រ្តីឡាវនៅវិមានសន្តិភាព។ កម្ពុជា-ឡាវបានព្រមព្រៀង គ្នាដោះស្រាយបញ្ហាព្រុំដែនជាកញ្ចប់ដើម្បីឈានទៅរកការបញ្ចប់ទាំងស្រុងនូវបញ្ហាព្រំដែនរវាងប្រទេស ទាំងពីរក្នុងពេលដ៏ឆាប់ខាងមុខនេះ។ ចំណុចឯកភាពសំខាន់ៗរវាងកម្ពុជា-ឡាវគឺមានដូចជាៈ-
១)កម្ពុជា-ឡាវ រួមគ្នាដោះស្រាយបញ្ហាព្រុំដែនដោយគ្មានអ្នកឈ្នះ គ្មានអ្នកចាញ់ ដែលធានាបាននូវ ព្រុំដែនសន្តិភាព មិត្តភាព សាមគ្គីភាព និងសហប្រតិបត្តិការល្អរវាងប្រជាជាតិនៃប្រទេសទាំងពីរ។
២)កម្ពុជា-ឡាវ ឯកភាពគ្នាក្នុងការផ្ញើលិខិតផ្លូវការទៅកាន់ប្រទេសបារាំង ដើម្បីស្នើសុំអោយផ្ទេរផែនទី ពី ខ្នាត (1/100,000) ទៅជាផែនទីខ្នាត (1/50,000) និងស្នើសុំអោយបារាំងផ្តល់នូវឯកសារពាក់ព័ន្ឋនានា រួមជាមួយអ្នកឯកទេសផ្នែកផែនទីមកជួយដោះស្រាយបញ្ហាព្រំដែនផងដែរ។ ព្រោះកាលពីអតីតកាល គឺ កម្ពុជា ឡាវ និងវៀតណាម ធ្លាប់ស្ថិតនៅក្រោមអាណានិគមបារាំង។
៣)មិត្តឡាវបានយល់ព្រមតាមសំណើរបស់កម្ពុជា ក្នុងការដោះស្រាយបញ្ហា៤ចំណុចដែលនៅសេស សល់តាមរយៈលិខិតដែល សម្តេចតេជោ ហ៊ុន សែន បានផ្ញើជូនទៅ លោក ថង លន់ ស៊ីលីត កាលពី ពេលថ្មីៗកន្លងមកនេះ។ កម្ពុជា-ឡាវ បានឯកភាពគ្នាឱ្យគណៈកម្មាធិការព្រំដែនចុះទៅដោះស្រាយ ដោយផ្ទាល់នៅនឹងកន្លែងនៅតំបន់អូរតាង៉ាវ។
៤)កម្ពុជា-ឡាវខិតខំដោះស្រាយបញ្ហាព្រំដែននេះអោយបានចប់ជាស្ថាពរ ដើម្បីទុកជាកេរ្តិមរតកសម្រាប់ មនុស្សជំនាន់ក្រោយនៃប្រទេសទាំងពីរ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងលោក ថងលូន ស៊ីសូលីត មានសេចក្តីសោមនស្សរីករាយ បំផុត ដែលប្រទេសជាបងប្អូនទាំងពីរបានខិតខំដោះស្រាយបញ្ហាព្រំដែនរួមគ្នា ទន្ទឹមនឹងការខិតខំជំរុញ ទំហំពាណិជ្ជកម្មនៃប្រទេសទាំងពីរអោយបានកើនឡើងថែមទៀត។ អរគុណអ្នកសារព័ត៌មានដែលបាន ចូលរួមផ្សព្វផ្សាយអំពីកិច្ចពិភាក្សាដ៏សំខាន់ថ្ងៃនេះ។
ទន្ទឹមនឹងនេះដែរ សម្តេចតេជោនាយករដ្ឋមន្រ្តី បានអរគុណលោកនាយករដ្ឋមន្រ្តីឡាវដែលបាន អញ្ជើញធ្វើដំណើរតាមយន្តហោះពិសេសមកកាន់កម្ពុជានៅព្រឹកមិញនេះដើម្បីពិភាក្សាដោះស្រាយបញ្ហាព្រំដែនដែនដែលនៅសល់ប្រមាណជា ១៤% ទៀតអោយបានចប់ជាស្ថាពរនៅក្នុងពេលឆាប់ៗខាង មុខនេះ៕