ឯកឧត្តមវេជ្ជបណ្ឌិត សុះ មុះសិន និងលោកជំទាវ បានអញ្ជើញចុះសួរសុខទក្ខ និងប្រគល់គម្រោងបង្កើនមុខរបរបដល់គ្រួសារក្រីក្រនៅក្នុងខេត្តកំពង់ចាម .ខេត្តកំពង់ធំ កំពង់ឆ្នាំង និងរាជធានីភ្នំពេញ


ឯកឧត្តមវេជ្ជបណ្ឌិត សុះ មុះសិន សមាជិករដ្ឋសភា សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានគណៈចលនាសាសនិកឥស្លាមកម្ពុជារបស់គណបក្សប្រជាជនកម្ពុជា និងលោកជំទាវ បានអញ្ជើញចុះសួរសុខទក្ខ និងប្រគល់គម្រោងបង្កើនមុខរបរបដល់គ្រួសារក្រីក្រនៅក្នុងខេត្តកំពង់ចាម និងខេត្តកំពង់ធំ កំពង់ឆ្នាំង និងរាជធានីភ្នំពេញ ។ ពិធីនេះមានការចូលរួមអមដំណើរដោយឯកឧត្តម សុះ ស៊ុបអ៊ី អនុរដ្ឋលេខាធិការក្រសួងរប្បធម៌ និងវិចិត្រសិល្បៈ និងមានការចូលរួមពីសំណាក់ តំណាងអង្គការហាសានះ ដឹកនាំដោយលោក Mr. Rafet Kurtocağı លោកមេឃុំ និងអាជ្ញាធរមូលដ្ឋាន នាថ្ងៃទី០១ខែកក្កដា ឆ្នាំ២០២៤។
ឯកឧត្តមវេជ្ជ.សុះ មុះសិន បានលើកឡើងថា គោលបំណងនៃគម្រោងហ្សាកាត់នេះ គឺចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ តាមរយៈការផ្ដល់ដើមទុនបង្កើនមុខរបរចិញ្ចឹមជីវិត និងជួយសម្រាលបន្ទុកចំណាយដល់គ្រួសារក្រីក្រ និងនិស្សិត ដែលពុំមានលទ្ធភាពបង់ថ្លៃសិក្សាលើជំនាញវិទ្យាសាស្ត្រសុខាភិបាល។គម្រោងហ្សាកាត់នេះ បែងចែកជាពីរ ទី១.គម្រោងបង្កើនមុខបរបរ ទី២.គម្រោងអាហារូបករណ៍ ដែលសមាគមគ្រូពេទ្យអ៊ីស្លាមកម្ពុជា សហការជាមួយអង្គការហាសាណះ បានចាប់ផ្ដើមអនុវត្តចាប់ខែមិថុនា ឆ្នាំ២០២៤ នេះតទៅ។ គម្រោងបង្កើនមុខរបរ បានជ្រើសរើសគ្រួសារដែលមានលក្ខខណ្ឌតម្រូវត្រឹមត្រូវ ចំនួន ០៧គ្រួសារ រួមមាន ផ្តល់ថវិកាទិញទូកម៉ាស៊ីននេសាទ ០១គ្រួសារ ថវិកាទិញម៉ូតូសណ្ដោងរ៉ឹម៉កសម្រាប់ដឹកទំនិញ ០១គ្រួសារ ម៉ាស៊ីនបោកខោអាវ ០១គ្រួសារ ផ្តល់ដើមទុនពង្រីកមុខរបរលក់ដូរ ០៣គ្រួសារ និងគម្រោងសាងសង់ផ្ទះ ០១គ្រួសារ ចំណាយថវិកា ១៣ ២០៨,៦ដុល្លាអាមេរិក និងអាហាររូបករណ៍និស្សិតរៀនផ្នែកវិទ្យាសាស្ត្រសុខាភិបាល សរុប ២៥នាក់ ចំណាយថវិកា ៣៨ ៨៤៥,១០ដុល្លាអាមេរិក ក្នុងមួយឆ្នាំ សរុបថវិកាគម្រោង ៥២ ០៥៣,៧០ដុល្លាអាមេរិក។
ឯកឧត្តមបានបន្តថា ក្រោមកិច្ចសហប្រតិបត្តិការ ដៃគូរវាងសមាគមគ្រូពេទ្យអ៊ីស្លាមកម្ពុជា និងអង្គការអន្តរជាតហាសាណះ នៅប្រទេសអាល្លឺម៉ង់ សមាគមបានអនវត្តគម្រោងមួយចំនួនរួមមានគម្រោងចិញ្ចឹមកុមាកំព្រា អាហារកញ្ចប់ គោគួរហ្ពាន(បុណ្យហាជ្ជ) លើកកម្ពស់សុខភាពសហគមន៍ បង្កើនមុខរបរ និងអាហារូបករណ៌ ជាដើម។