(ភ្នំពេញ)៖ ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់អគារស្នាក់នៅរបស់គ្រូ និងប្រគល់សញ្ញាបត្រជូនគរុសិស្ស-និស្សិត នៅវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៤សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានផ្តល់អនុសាសន៍ ៥ចំណុច ដើម្បីបន្តយកចិត្តទុកដាក់ និងគាំទ្រដល់ការអភិវឌ្ឍន៍សមត្ថភាពគ្រូបង្រៀននៅកម្ពុជា។
សម្តេចធិបតីមានប្រសាសន៍ថា រាជរដ្ឋាភិបាល ត្រូវបន្តជាអទិភាពក្នុងការជ្រើសរើសគ្រូបង្រៀន ទាំងគ្រូបង្រៀនមានក្របខណ្ឌ និងគ្រូបង្រៀនកិច្ចសន្យាបច្ចេកទេស ព្រមទាំងយកចិត្តទុកដាក់ទៅលើការបំពេញបន្ថែមតម្រូវការគ្រូប្រកបដោយគុណភាព កៀរគរ និងផ្តល់ធនធានបន្ថែមទៀត សម្រាប់គាំទ្រដល់ការអភិវឌ្ឍន៍សមត្ថភាពគ្រូបង្រៀន និងការអភិវឌ្ឍន៍ទម្រង់សាលា។
ដើម្បីលើកទឹកចិត្ត និងយកចិត្តទុកដាក់ លើកិច្ចការដ៏មានសារៈសំខាន់នេះ សម្តេចសូមផ្ដល់អនុសាសន៍សំខាន់ៗមួយចំនួនសម្រាប់អនុវត្តបន្តដូចខាងក្រោម៖
ទី១).បន្តកែទម្រង់គ្រឹះស្ថានបណ្តុះបណ្តាលគ្រូ ដោយត្រូវបង្កើនគុណវុឡិគ្រូបង្រៀនចេញថ្មី និងធ្វើវិក្រឹតការគ្រូបង្រៀន កែលម្អការបណ្តុះបណ្តាលគ្រូ ដើម្បីបំពេញតាម«ស្តង់ដាវិជ្ជាជីវៈគ្រូបង្រៀន» «ស្តង់ដាសាលាគរុកោសល្យគំរូ»និងការផ្តល់ការអភិវឌ្ឍវិជ្ជាជីវៈជាប្រចាំ។
ទី២).យកចិត្តទុកដាក់ដល់ការអនុវត្តវិធីសាស្ត្របង្រៀន វិធីសាស្ត្ររៀន និងវិធីសាស្ត្រវាយតម្លៃថ្មី ដែលអាចអនុញ្ញាតឱ្យសិស្សអភិវឌ្ឍបំណិននៃការគិត ប្រកបដោយការត្រិះរិះពិចារណា ការដោះស្រាយ បញ្ហាដែលទាក់ទងនឹងជីវិតប្រចាំថ្ងៃ និងអនុវត្តចំណេះដឹងវិទ្យាសាស្ត្រក្នុងជីវិតប្រចាំថ្ងៃ។
ទី៣).លើកកម្ពស់គុណវុឦ និងសមត្ថភាពឌីជីថលដល់គ្រូបង្រៀន ដោយបញ្ចូលការប្រើប្រាស់ បច្ចេកវិទ្យាក្នុងការបង្រៀន និងរៀនកែលម្អមាតិកាឌីជីថល និងបង្កើតមជ្ឈមណ្ឌលអប់រំឌីជីថល និងផ្សព្វផ្សាយវេទិកាឌីជីថល ឱ្យកាន់តែទូលំទូលាយ និងគ្រប់ជ្រុងជ្រោយ។
៤.) លើកទឹកចិត្តដល់ប្អូនៗគរុនិស្សិតជ័យលាភី ត្រូវបន្តអភិវឌ្ឍន៍ចំណេះដឹង និងវិជ្ជាជីវៈប្រចាំ តាមរយៈការសិក្សាស្រាវជ្រាវ ការសិក្សាបន្ថែម ការអភិវឌ្ឍន៍ជំនាញបច្ចេកវិទ្យា និងបំនិនឌីជីថល ការអភិវឌ្ឍន៍ជំនាញជាមួយអ្នកពាក់ព័ន្ធ ការទទួលយកការប្រឹក្សាយោបល់ និងស្វែងយល់ពីបទពិសោធន៍ពីថ្នាក់ដឹកនាំ និងសហការនៅកន្លែងការងារ និងការចេះសម្របខ្លួនទៅនឹងបរិការណ៍អប់រំ ដែលកំពុងមានការវិវត្តខ្លាំង។
ទី៥.) ខ្ញុំសុំលើកទឹកចិត្តដល់ប្អូនៗគរុនិស្សិត ដែលកំពុងសិក្សាសូមខិតខំប្រឹងប្រែងសិក្សា និងស្វែងយល់បន្ថែមនូវជំនាញ ព្រមទាំងបច្ចេកទេស គរុកោសល្យថ្មីៗ ដើម្បីក្លាយខ្លួនជាអ្នកអប់រំ ដ៏មានគុណភាពខ្ពស់សម្រាប់កម្ពុជា ស្របតាមបរិបទនៃការរីកចម្រើនរបស់សង្គម។ ខ្ញុំសង្ឃឹមថា ក្មួយៗគរុនិស្សិតជ័យលាភីនឹងក្លាយជាធនធានដ៏មានតម្លៃ ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍន៍មូលធនមនុស្សប្រកបដោយសក្តានុពល និងផលិតភាពខ្ពស់ ដើម្បីកសាងសង្គមកម្ពុជា និងឈរលើចំណេះដឹង ជំនាញបច្ចេកវិទ្យា និងនវានុវត្តន៍ ជាពិសេសតាមរយៈការកសាងពលរដ្ឋឌីជីថល សម្រាប់ទាញយកផលប្រយោជន៍ជាអតិបរមាពីបដិវត្តកម្មឌីជីថល៕