នៅក្នុងឱកាសអនុញ្ញាតឱ្យលោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី និងជាប្រធានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី ចូលជួបសម្តែងការគួរសម និងរាយការណ៍ជូនពីវឌ្ឍនភាពការងារឆ្នាំ២០២៣ និងផែនការសកម្មភាពឆ្នាំ២០២៤ នាថ្ងៃទី៣ ខែកក្កដាម្សិលមិញនេះ សម្ដេចអគ្គមហាសេនាបតីតេជោ ប្រធានព្រឹទ្ធសភាបានកោតសរសើរចំពោះការខិតខំរបស់ក្រុមប្រឹក្សាជាតិដើម្បីស្ត្រី។ ជាមួយគ្នានោះ សម្ដេចតេជោ ក៏បានសំដែងនូវមោទនភាព ដែលសម្ដេចផ្ទាល់បានចូលរួមនៅក្នុងក្រុមប្រឹក្សាជាតិដើម្បីស្ត្រីក្នុងការអនុវត្តការងារនានាកន្លងមក។
ឆ្លៀរនាឱកាសនោះ សម្ដេចតេជោ បានណែនាំឱ្យក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី ខិតខំពង្រឹងអំណាចស្ត្រីលើបញ្ហាសេដ្ឋកិច្ចដែលកំពុងតែមានវឌ្ឍនភាពនេះ ព្រោះចំនួនស្ត្រីដែលគ្រប់គ្រងនៅក្នុងសេដ្ឋកិច្ចមានចំនួន៦៤% ហើយពលករស្ត្រីក៏មានចំនួនច្រើនរហូតដល់ទៅ៧៥% ដែលបង្ហាញពីការកើនឡើងយ៉ាងខ្លាំងនៃតួនាទីរបស់ស្ត្រីនៅក្នុងវិស័យសេដ្ឋកិច្ច។
ក្នុងនេះសម្ដេចតេជោ ក៏បានលើកឡើងថា ត្រូវធ្វើការបន្ស៊ីគ្នារវាង អំណាចសេដ្ឋកិច្ច និងការអប់រំ គឺធ្វើយ៉ាងណាបង្កើនចំណេះដឹងដល់ក្រុមស្ត្រី ព្រោះតាមការសង្កេតការសិក្សានៅក្នុងបឋមសិក្សានិងមធ្យមសិក្សាគឺមិនសូវមានគម្លាតគ្នារវាងបុរស ស្ត្រី កុមារានិងកុមារី ទេ តែនៅក្នុងការសិក្សាកម្រិតឧត្តមសិក្សា ថ្នាក់បញ្ញា ឬបរិញ្ញាបត្រជាន់ខ្ពស់ ឬបណ្ឌិត ចំនួនស្ត្រីមានការថយចុះ។
ជាមួយគ្នានោះ សម្ដេចបានផ្ដល់អនុសាសន៍ថា ធ្វើយ៉ាងណាត្រូវពង្រឹងការអប់រំឱ្យស្ត្រីបានបន្តការសិក្សាឱ្យបានខ្ពស់។ បន្ថែមលើនោះ សម្ដេចតេជោ បានណែនាំឱ្យ ពង្រឹងអំណាចសេដ្ឋកិច្ចគួបផ្សំនឹងអំណាចចំណេះដឹង ដោយត្រូវជំរុញយ៉ាងណាឱ្យស្ត្រី ដែលកំពុងដឹកនាំក៏ដូចជាស្ត្រីដែលកំពុងសិក្សា ឱ្យបន្តជំនាញចំណេះដឹង ខាងបច្ចេកវិទ្យា ដើម្បីឱ្យគាត់អាចគ្រប់គ្រងទាន់សភាពការណ៍។
សម្ដេចតេជោ ក៏បានអំពាវនាវ ឱ្យខិតខំរកវិធីយ៉ាងណាដើម្បីកាត់បន្ថយគម្លាតរវាងស្ត្រីនិងបុរស យ៉ាងហោចណាស់នៅក្នុងកម្រិតថ្នាក់បរិញ្ញាបត្រ ឱ្យស្ត្រីមានការសិក្សាបានខ្ពស់ដើម្បីដឹកនាំបានប្រសើរប្រកបដោយជោគជ័យ។ សម្ដេចតេជោក៏បានផ្ដល់អនុសាសន៍ផងដែរថា គួរធ្វើការសិក្សាលើស្ត្រី ដែលមានទោស និងមានផ្ទៃពោះហើយជាពិសេសអ្នក ដែលមានកូននៅជាមួយ សូមឱ្យរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ធ្វើការពិភាក្សាដើម្បីរៀបចំយ៉ាងណាបានសម្រួលដល់ស្ត្រីទាំងនោះ៕





