កម្ពុជា កំពុងជំរុញគោលនយោបាយកសិកម្ម ដើម្បីធានានូវសន្តិសុខស្បៀង និងនិរន្តរភាពសេដ្ឋកិច្ច


ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងថា ក្រសួង បាន និងកំពុងជំរុញគោលនយោបាយកសិកម្មឱ្យកាន់តែរីកចម្រើន ដើម្បីធានានូវសន្តិសុខស្បៀង និងនិរន្តរភាពសេដ្ឋកិច្ចនិងបរិស្ថាន តាមរយៈការពង្រឹងសហគមន៍កសិកម្មទំនើប ដែលអាចជួយប្រជាកសិករកាត់បន្ថយថ្លៃដើមផលិត ផលិតទៅតាមតម្រូវការទីផ្សារ ការដឹកនាំបែបទំនើប និងការដាក់ពង្រាយមន្ត្រីកសិកម្មនៅតាមមូលដ្ឋាន ដែលជាជំនួយការជិតស្និទ្ធរបស់កសិករ ដើម្បីដោះស្រាយបញ្ហាប្រឈមផ្សេងៗ រួមទាំងការគ្រប់គ្រងធនធានធម្មជាតិផងដែរ។

ការគូសបញ្ជាក់របស់ឯកឧត្តម បានធ្វើឡើងនៅក្នុងឱកាស ទទួលជួបសម្តែងការគួរសមជាមួយលោកស្រី Anna Wellenstein នាយកប្រចាំតំបន់សម្រាប់ការអនុវត្តសាកលនៃការអភិវឌ្ឍន៍ប្រកបដោយចីរភាព​ អាស៊ីបូព៌ា​ និងអាស៊ីប៉ាស៊ីហ្វិក​ នៃធនាគារពិភពលោក (WB)​ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នារសៀលថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៤។

លើសពីនេះទៅទៀត ឯកឧត្តមរដ្ឋមន្ត្រី លើកទឹកចិត្តដល់សហគមន៍កសិកម្មទំនើប ក្នុងការធ្វើពិពិធកម្មកសិកម្ម ឱ្យបានទូលំទូលាយក្នុងការអភិរក្ស និងអភិវឌ្ឍធនធានធម្មជាតិ ព្រៃឈើ និងកសិកម្ម។

ដើម្បីសម្រេចការងារនេះបាន បើតាមឯកឧត្តមរដ្ឋមន្ត្រី ក្រសួងត្រូវការការសហការចូលរួមពីដៃគូអភិវឌ្ឍនានា ទាំងក្នុងការងារបច្ចេកទេស និងជាពិសេសទុន ដើម្បីជួយអភិវឌ្ឍវិស័យកសិកម្ម និយាយជារួម និងជីវភាពប្រជាកសិករ និយាយដោយឡែក៕