ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត៖ ការដាំដើមឈើនៅពេលនេះ គឺការវិនិយោគទុនទុកជូនមនុស្សជំនាន់ក្រោយ


(ភ្នំពេញ)៖ នៅក្នុងពិធីបើកសម្ពោធ «ពិព័រណ៍ផ្សព្វផ្សាយ និងចែកកូនឈើក្រោមមូលបទ «ពន្លកបៃតង» និងវេទិកាកេសរកូលជាតិលើកទី៤ នារសៀលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានគូសបញ្ជាក់ថា ការដាំដើមឈើនៅពេលនេះ គឺការវិនិយោគ ទុនទុកជូនមនុស្សជំនាន់ក្រោយ។ ពោល គឺយើងកំពុងតែរៀបចំផ្ទះ និងកំណប់ទ្រព្យទុកសម្រាប់កូនចៅជំនាន់ក្រោយ។

ឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថាន បានថ្លែងថា នៅក្នុងអាណត្តិទី៧ នៃរដ្ឋសភារាជរដ្ឋាភិបាលបានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ហើយតាមរយៈយុទ្ធសាស្ត្រនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានធ្វើការណែនាំ និងចង្អុលបង្ហាញដល់ក្រសួងបរិស្ថានឱ្យរៀបចំឡើងនូវយុទ្ធសាស្ត្រ ចក្រា ដែលមានសរសរស្ដម្ភបី នោះគឺ ភាពស្អាត ភាពបៃតង និងចីរភាព។

ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្រ្តី អ៊ាង សុផល្លែត បានបន្ថែមថា ភាពបៃតងនៅទីនេះ ជាម៉ាស៊ីនបន្សុទ្ធខ្យល់បរិសុទ្ធសម្រាប់ទ្រទ្រង់ជីវិតយើងគ្រប់គ្នា។ គ្មានខ្យល់បរិសុទ្ធសម្រាប់ដកដង្ហើម សុខភាព របស់យើងគឺមិនល្អនោះទេ។ លើសពីនេះទៅទៀត ដើមឈើជាប្រភពចំណូល ដែលកម្ពុជាយើងអាចទទួលបានច្រើននាពេលអនាគត។

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានគូសបញ្ជាក់យ៉ាងដូច្នេះថា៖ «ការដាំដើមឈើនៅពេលនេះ គឺការវិនិយោគ ទុនទុកជូនមនុស្សជំនាន់ក្រោយ ទទួលបានផលទាំងសេដ្ឋកិច្ច សុខុមាលភាព។ ពោល គឺយើងកំពុងតែរៀបចំផ្ទះ និងកំណប់ទ្រព្យទុកសម្រាប់កូនចៅជំនាន់ក្រោយរបស់យើង»

ក្នុងឱកាសនោះ រដ្ឋមន្រ្តីក្រសួងបរិស្ថាន ក៏បានអំពាវនាវដល់អ្នកពាក់ព័ន្ធទាំងអស់ ចូលរួមក្នុងយុទ្ធនាការ ដែលរៀបចំឡើងដោយក្រសួងបរិស្ថាន ដើម្បីភាពស្អាត ភាពបៃតង ធ្វើយ៉ាងណាឱ្យមានចីរភាព តាមរយៈការបណ្តុះ ពន្លកនៃភាពស្អាត ពន្លកនៃភាពបៃតង» នេះជាបន្តទៀត ដើម្បីឱ្យប្រទេសយើងទទួលបាននូវភាពស្អាត ភាពបៃតង រយៈពេលវែង ស័ក្ដិសមជាអរិយប្រទេស ដែលធ្លាប់មានកិត្តិស័ព្ទឱ្យល្បីរន្ទឺទៅពិភពលោកយើងនេះជាថ្មី។

បើតាមឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានថ្លែងថា ការប្រារព្ធពិធីពិព័រណ៍ផ្សព្វផ្សាយ និងចែកកូនឈើក្រោមមូលបទ «ពន្លកបៃតង» និងវេទិកាកេសរកូលជាតិលើកទី ៤ គឺជាព្រឹត្តិការណ៍ដ៏សំខាន់ដែលចាត់ទុកជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តមួយដែលក្រសួងបរិស្ថាន ក្នុងអាណត្តិទី៧ បានរៀបចំឡើងក្នុងគោលបំណងបណ្តុះផ្នត់គំនិតដល់ប្រជាពលរដ្ឋកម្ពុជាគ្រប់វ័យឱ្យស្រឱ្យញ់ដើមឈើ តាមរយៈការយល់ដឹងអំពីអត្ថប្រយោជន៍នៃព្រៃឈើ រុក្ខជាតិ និងកេសរកូលព្រៃនៅកម្ពុជា និងការចូលរួមដោយផ្ទាល់ក្នុងការដាំដើមឈើ និងការដាំស្តារព្រៃឈើនៅកម្ពុជា។

សូមបញ្ជាក់ថា «ពិព័រណ៍ផ្សព្វផ្សាយ និងចែកកូនឈើក្រោមមូលបទ «ពន្លកបៃតង» និងវេទិកាកេសរកូលជាតិលើកទី៤ ដែលគ្រោងរៀបចំ រយៈពេល៣ថ្ងៃ ពោលចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ នៅមុខទីស្តីការក្រសួងបរិស្ថាន ត្រូវបានបើកសម្ពោធជាផ្លូវការ ក្រោមអធិបតីភាពឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី នៅរសៀលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ ម្សិលមិញ៕