សម្ដេចធិបតី ហ៊ុន ម៉ាណែត លើកឡើងថា សង្រ្គាមមិនមែនធ្វើឱ្យបែកបាក់តែមនុស្សទេ សូម្បីព្រលឹងដូនតាក៏បែកបាក់ដែរ


សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា ពេលប្រទេសជាតិមានសង្រ្គាមមិនមែនធ្វើឱ្យបែកបាក់តែមនុស្សជាតិទេ សូម្បីព្រលឹងដូនតាក៏បែកបាក់ដែរ។

នាឱកាសអញ្ជើញជាអធិបតី ក្នុងពិធីបញ្ចុះបឋមសិលាសាងសង់សារមន្ទីរ សម្តេចព្រះព្រហ្មរតនមុនី ពិន សែម ស្ថិតនៅក្នុងបរិវេណវត្តរាជបូណ៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប នាព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤នេះ សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ដោយសារកត្តាសុខសន្តិភាព ទើបព្រលឹងដូនតារបស់យើងបានវិលត្រលប់មកវិញជាបណ្តើរៗ។

ទន្ទឹមនេះរាជារដ្ឋាភិបាលនឹងខិតខំធ្វើការងារជាច្រើនដើម្បីទទួលបានវត្ថុបុរាណពីគ្រប់ទិសទី និងតស៊ូតាមផ្លូវច្បាប់ដើម្បីស្នើសុំពីប្រទេសនានា ដើម្បីទទួលវត្ថុបុរាណ ដែលជាព្រលឹងដូនតារបស់យើងត្រឡប់មកវិញ។

សូមជម្រាបជូនថា ពិធីបញ្ចុះបឋមសិលាសាងសង់សារមន្ទីរ សម្តេចព្រះព្រហ្មរតនមុនី ពិន សែម នៅព្រឹកនេះ នឹងដាក់តាំងតម្កល់វត្ថុសិល្បៈសរុបប្រមាណ២៥៧៥វត្ថុ មានអាយុកាលចាប់ពីសម័យបុរេប្រវត្តិ រហូតដល់សម័យក្រោយអង្គរ៕