ខេត្តកំពង់ចាម ទទួលជ័យលាភី ជាខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលទី៨ នៅកម្ពុជា


(កំពង់ចាម)៖ នៅព្រឹកថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ២០២៤ ខេត្តកំពង់ចាម ទទួលបានជ័យលាភី ហើយត្រូវប្រកាសជាខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល ដោយពិធីប្រកាសនេះ ធ្វើឡើងនៅបរិវេណមុខសាលាខេត្តកំពង់ចាម ក្រោមអធិបតីភាឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំ ខេត្តកំពង់ចាម គ្រប់លំដាប់ថ្នាក់ និងមានការចូលរួមអបអរដង្ហែរក្បួនជំវិញក្រុងកំពង់ចាមប្រមាណជា២,០០០ នាក់.

ក្នុងឱកាសដ៏អធិកអធមនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងថា វិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យខេត្តកំពង់ចាម មានការកើនឡើងជាលំដាប់ អាស្រ័យដោយហេតុថា ស្ថានភាពជីវភាពប្រជាពលរដ្ឋមានការរីកចម្រើន ដូច្នេះទំនៀមទម្លាប់នៃការរស់នៅរបស់ប្រជាពលរដ្ឋក៏មានលក្ខណៈបែបទំនើប និងស៊ីវិល័យមិនចាញ់ពលរដ្ឋ រស់នៅទីក្រុងឡើយ។ ចំពោះស្ថានភាពក្រុង-ស្រុក ឃុំ-សង្កាត់ និងភូមិ ដែលសម្រេចបានការបញ្ចប់ការបន្ទោបង់ពាសវាល ពាសកាល សរុបចំនួន ១០ក្រុង-ស្រុក ១០៩ឃុំ-សង្កាត់ ៩៤៦ភូមិស្មើនឹង ១០០%។

ពិតមែនហើយ សមិទ្ធផល នៃការបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលខេត្តកំពង់ចាមនាពេលនេះ គឺពិតជាបានចូលរួមចំណែកយ៉ាងធំធេងក្នុងការអភិវឌ្ឍន៍ជាតិ ជាពិសេសប្រជាពលរដ្ឋខេត្តកំពង់ចាម បានបង្កើនលទ្ធភាព ក្នុងការទទួលបាននូវប្រាក់ចំណូល មានសុខុមាលភាពល្អ ជីវភាពសមរម្យ អនាម័យបរិស្ថានស្អាត ដែលជាភាពសុខសាន្តរបស់ប្រជាពលរដ្ឋ ព្រោះថាបើការរស់នៅមិនមានអនាម័យ មិនមានទឹកស្អាតប្រើប្រាស់ វាជាប្រភពនាំឱ្យកើតជំងឺឆ្លងដែលជាហេតុនាំឱ្យប៉ះពាល់ដល់សុខភាព ទាំងរូបរាងកាយ និងសតិបញ្ញាស្មារតី ជាពិសេសធ្វើឱ្យខាតបង់សេដ្ឋកិច្ចគ្រួសារ និងសង្គមជាតិផងដែរ។

ឯកឧត្តមរដ្ឋមន្ត្រី ឆាយ ឫទ្ធិសែន បានលើកឡើងថា៖ «ថ្ងៃនេះ យើងពិតជាមានមោទនភាព ដែលខេត្តកំពង់ចាមត្រូវបានទទួលស្គាល់ជាខេត្តទី៨ ក្នុងព្រះរាជាណាចក្រកម្ពុជា ដែលសម្រេចបាននូវការបញ្ចប់ ការបន្ទោរបង់ពាសវាលពាក្យកាល។ ការសម្រេចបាននេះគឺមានន័យថា គ្រប់ក្នុងផ្ទះទាំងអស់នៅខេត្តកំពង់ចាម មានបង្គន់អនាម័យផ្ទាល់ខ្លួន និងមានបង្គន់អនាម័យប្រើប្រាស់រួមគ្នា។ លទ្ធផលនៃការទទួលបាននៅពេលនេះ បានឆ្លុះបញ្ចាំង ពីការចូលរួម និងការខិតខំប្រឹងប្រែងរបស់ខេត្តទាំងមូល អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ក្រុមការងារបច្ចេកទេសថ្នាក់ខេត្ត មន្ទីរអភិវឌ្ឍន៍ជនបទ ក៏ដូចជាមន្ទីរពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍នានា អង្គការមិនមែនរដ្ឋាភិបាល វិស័យឯកជន និងការចូលរួមរបស់ប្រជាពលរដ្ឋផងដែរ»

ឯកឧត្តមរដ្ឋមន្ត្រី បានយកឱកាសនោះសំដែងនូវការកោតសរសើរដោយស្មោះ ចំពោះការខិតខំប្រឹងប្រែងចូលរួមដឹកនាំជំរុញ ឱ្យខេត្តកំពង់ចាមទទួលបានជោគជ័យ ជាខេត្ត ODF ទី៨ នៅព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តមរដ្ឋមន្ត្រីក៏បានអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ បន្តចូលរួមនិងសហការ សម្រាប់សកម្មភាពលើកកម្ពស់អនាម័យជនបទ ឱ្យកាន់តែប្រសើរឡើងថែមទៀត និងបន្តយកចិត្តទុកដាក់ដល់គ្រួសារក្រីក្រ ជនមានពិការភាព និងជនងាយរងគ្រោះនានា ដើម្បីឱ្យពួកគាត់ទទួលបានសេវាផ្គត់ផ្គង់ទឹកស្អាត ការសម្អាត និងអនាម័យជនបទគ្រប់ៗគ្នា៕