ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវវិហារឥស្លាមជើមៀក ខេត្តកំពង់ចាម


សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅព្រឹកថ្ងៃចន្ទ ទី០៤ ខែកញ្ញា ឆ្នាំ២០១៧នេះ អញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវវិហារឥស្លាមជើមៀក ស្ថិតក្នុងក្រុងកំពង់ចាម ខេត្តកំពង់ចាម។ នៅក្នុងពិធីនោះក៏មានការអញ្ជើញចូលរួមពីមន្រ្តីជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលកម្ពុជា ថ្នាក់ដឹកនាំមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ សិស្សានុសិស្ស ព្រមទាំងបងប្អូនខ្មែរ-ឥស្លាមជាច្រើនពាន់នាក់ផង។

ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រាជរដ្ឋាភិបាល ជាពិសេសគណបក្សប្រជាជនកម្ពុជា ចូលដឹកនាំប្រទេសបានធ្វើឲ្យកម្ពុជាមានសុខដុមនីយកម្ម ផ្នែកសាសនា។ សម្តេចតេជោបន្តថា សាសនាខុស ជាតិសាសន៍ខុសគ្នា មិនមែនជាឧបសគ្គនៃការអភិវឌ្ឍប្រទេសនោះទេ។

* សម្តេចប្រមុខរាជរដ្ឋាភិបាល បានបន្តថា នៅលើពិភពលោកមានជម្លោះនៃការប្រកាន់សាសនា និងពូជសាសន៍ តែជាសំណាងល្អនៅក្នុងប្រទេសកម្ពុជា មានបញ្ហាទាំងអស់នោះទេ។ សម្តេចបន្ថែមថា នយោបាយរបស់កម្ពុជា បើទោះបីប្រជាពលរដ្ឋមានជំនឿអ្វីក៏ដោយ តែត្រូវមានគោលដៅរួមមួយ គឺសន្តិភាព និងការអភិវឌ្ឍ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចមានមោទនភាពក្នុងការកើតជាកូនខ្មែរ បើទោះបីកម្ពុជា បានយាយីដោយភ្លើងសង្រ្គាម និងការកាប់សម្លាប់ ដោយសាររបបប៉ុលពត តែសម្តេចបានរួមដំណើរជាមួយថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ដើម្បីអភិវឌ្ឍន៍ប្រទេស ពីប្រទេសដល់តែគំនរផេះផង់មក ជាប្រទេសមួយដែលប្រជាពលរដ្ឋមានស្ថានភាពដ៏ល្អប្រសើរ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចមានភាពសប្បាយរីករាយ ដោយសារតែនយោបាយសុខដុមនីយកម្ម ផ្នែកសាសនាកំពុងទទួលផល។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ប្រទេសមួយចំនួនកំពុងចាត់ទុកខ្លួនឯងគោរពខ្ជាប់ខ្ជួនលើសេរីភាព និងការគោរពសិទ្ធិមនុស្ស តែពួកគេមិនបានអនុញ្ញាតឲ្យសិស្សនិស្សិត ឥស្លាមមានសេរីភាពគ្រប់គ្រាន់នោះទេ ដូចជាការឲ្យឥស្លាមពាក់មួក និងពាក់ស្បៃមុខ ដើម្បីថតរូបធ្វើលិខិតស្នាមផ្សេងៗនោះទេ។ តែកម្ពុជា បានអនុញ្ញាតឲ្យពលរដ្ឋខ្មែរ-ឥស្លាម អាចថតរូបប្រើប្រាស់ចំពោះការធ្វើលិខិតស្នាមផ្សេងៗ ដោយពាក់មួក និងស្បៃមុខ។

* ក្នុងនាមប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណ និងរីករាយខ្លាំង ដែលបងប្អូនខ្មែរ-ឥស្លាម បានផ្តល់ទំនុកចិត្ត និងគាំទ្រចំពោះគណបក្សប្រជាជនកម្ពុជា ក៏ដូចជារាជរដ្ឋាភិបាលនាពេលបច្ចុប្បន្ន។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា កំពុងមានមហិច្ឆតាសម្រេចឲ្យកម្ពុជាក្លាយជាប្រទេស ដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០។

* សម្តេចតេជោ ហ៊ុន សែន បានហៅសេចក្តីថ្លែងការណ៍របស់អាមេរិកចំពោះបញ្ហាចាប់ខ្លួនលោក កឹម សុខា គ្រាន់តែជាសេចក្តីថ្លែងការណ៍ការពារអាយ៉ងរបស់ខ្លួនតែប៉ុណ្ណោះ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងសូមឲ្យអាមេរិកកុំព្យាយាមផ្តួលកម្ពុជាតាមរយៈបដិវត្តន៍ពណ៌។ សម្តេចនាយករដ្ឋមន្រ្តី បានរំលឹកពីការឈឺចាប់ក្នុងអតីតកាលនាទសវត្សរ៍ឆ្នាំ៧០ និងស្នើឲ្យមើលស្ថានការណ៍នៅមជ្ឈិមបូព៌ា និងអ៉ីរ៉ាក់ តើមានស្ថានការណ៍យ៉ាងណាទៅហើយ?

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជាមិនអនុញ្ញាតឲ្យបរទេសមកប្រើខ្មែរ ដើម្បីសម្លាប់ខ្មែរគ្នាឯងនោះទេ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចគ្មានត្រូវការធ្វើបាបជនណាម្នាក់នោះទេ តែកម្ពុជាក៏មិនអនុញ្ញាតឲ្យនរណាម្នាក់មកបំផ្លាញ សេចក្តីសុខរបស់ប្រជាពលរដ្ឋនោះដែរ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា លោក កឹម សុខា ក្បត់ និងបំពានពាក្យសម្បថចំពោះព្រះភក្រ្តព្រះមហាក្សត្រខ្មែរ និងសម្តេចសង្ឃ ដែលបានស្បថថា មិនឲ្យបរទេសមកបង្គាប់បញ្ជាខ្លួនទេ។ តែបែរជាបានឃុបឃិត និងស្តាប់ការបង្គាប់បញ្ជាតាំងពីឆ្នាំ១៩៩៣។

* សម្តេចតេជោ ហ៊ុន សែន ចង់ឲ្យពិភពលោកបំបាត់ពាក្យ «ឥស្លាម» ជ្រុលនិយម។ សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ការ «ជ្រុលនិយម» ជាតិសាសន៍ណាក៏មានដែរ វាមិនមែនជាបញ្ហាដោយឡែករបស់ជាតិសាសន៍ណាមួយនោះទេ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ដរាបណាគណបក្សប្រជាជននៅតែដឹកនាំប្រទេស សាសនាឥស្លាមនៅតែមានវត្តមានរហូតលែងមានអ្នកជឿ តែបើធ្លាក់ទៅលើគណបក្សនយោបាយផ្សេង សម្តេចមិនហ៊ានធានា ហើយក៏មានពេលមកសង្រ្គោះទៀតនោះដែរ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សាសនាទាំងអស់នៅកម្ពុជា មានអាយុស្មើគ្នា គ្មាននរណាបង នរណាប្អូននោះឡើយ ព្រោះសាសនាទាំងនោះបានរស់ឡើងវិញ ក្រោយថ្ងៃរំដោះ ៧ មករា ឆ្នាំ១៩៧៩។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចមានគេហទំព័រមួយសម្រាប់បង្ហោះរូបភាពជាមួយបងប្អូនប្រជាពលរដ្ឋរាល់ពេលសម្តេចចុះទៅកាន់ទីកន្លែងនានា។ ការបង្កើតទំព័រនេះ ដើម្បីដាក់រូបភាពបានច្រើន ព្រោះលើ Facebook ដាក់បានត្រឹមតែ ៣០រូបប៉ុណ្ណោះ។

* សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ស្ពានឆ្លងដៃទន្លេមួយទៀតនៅខេត្តកំពង់ចាម នឹងមានការសាងសង់នៅពេលខាងមុខ ក្រោយពីស្ពានឆ្លងពីក្រុងកំពង់ចាម ទៅកាន់កោះប៉ែន រួចរាល់។ ស្ពានឆ្លងទៅកោះប៉ែន នឹងដាក់សម្ពោធឲ្យដំណើរការនាពេលឆាប់ៗខាងមុខនេះ។