(សៀមរាប)៖ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) កម្ពុជា បានធ្វើជាម្ចាស់ផ្ទះ បើកកិច្ចប្រជុំក្រុមការងារត្រីភាគីលើកទី៣ ស្តីពីកិច្ចសហប្រតិបត្តិការប្រឆាំងអំពើពុករលួយ ជាមួយអាជ្ញាធរអធិការកិច្ចរដ្ឋឡាវ និងស្នងការ គណៈកម្មការជាតិប្រឆាំងអំពើពុករលួយថៃ រយៈពេល០២ថ្ងៃ ដោយចាប់ពីថ្ងៃទី៣១ ខែកក្កដា ដល់ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៤ នៅខេត្តសៀមរាប។
ពិធីនេះក្រោមអធិបតីឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ, MR. EAKAWIT WAJJWALKU ស្នងការ គណៈកម្មការជាតិប្រឆាំងអំពើពុករលួយ នៃព្រះរាជាណាចក្រថៃ, H.E. VILAYVANH BOUTDAKHAM អនុប្រធាននៃ អាជ្ញាធរអធិការកិច្ចរដ្ឋនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងលោក លោកស្រី ជាគណៈប្រតិភូជាច្រើនចូលរួមផងដែរ។
ថ្លែងក្នុងឱកាសនោះ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង បានលើកឡើងថា កិច្ចប្រជុំនេះ បានពន្យារពេលយូរមកហើយដោយសារការផ្ទុះឡើងនៃជំងឺកូវីដ១៩ និងតម្រូវការសម្រាប់ការស្តារឡើងវិញសម្រាប់ប្រទេសនីមួយៗ ដែលរងផលប៉ះពាល់ដោយជំងឺឆ្លងជាសកលនេះ។ ទោះបីជាយ៉ាងណាក៏ដោយនៅពេលនេះ យើងកំពុងជួបជុំគ្នាជាលើកទី៣ នៅទីក្រុងប្រវត្តិសាស្ត្រ និងវប្បធម៌នៃព្រះរាជាណាចក្រកម្ពុជា ដែលស្ថិតក្នុងខេត្តសៀមរាប ដើម្បីពិភាក្សា និងបន្តគោលដៅរួមគ្នាប្រឆាំងអំពើពុករលួយឆ្លងព្រំដែន។
ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង បានបន្តថា អំពើពុករលួយមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សង្គម និងសេដ្ឋកិច្ច និងបានរារាំងដល់ការអភិវឌ្ឍ និងការរីកចម្រើន។ អំពើពុករលួយជាបញ្ហាធ្ងន់ធ្ងរ ស្មុគស្មាញ និងមានលក្ខណៈឆ្លងដែន ហើយប្រាកដណាស់គ្មានប្រទេសណាអាចកម្ចាត់វាតែម្នាក់ឯងបានទេ។ នេះជាមូលហេតុដែលយើងត្រូវរួមដៃគ្នាប្រយុទ្ធប្រឆាំងនឹងសត្រូវរួមនេះ ដើម្បីប្រជាជន និងប្រទេសរៀងៗខ្លួន។
ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង បានបញ្ជាក់ថា មេរៀនដែលបានសិក្សាឆ្លងកាត់ក្នុងរយៈពេលជាច្រើនឆ្នាំបានបង្ហាញថា ការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយមិនមែនគ្រាន់តែជាការអនុម័តបទប្បញ្ញត្តិ និងច្បាប់ និងការអនុវត្តបទប្បញ្ញត្តិ និងច្បាប់ទាំងនោះប៉ុណ្ណោះទេ ការងារនេះទាមទារពេលវេលា និងការខិតខំប្រឹងប្រែងជាច្រើនដែលមានលើវិធានការចាំបាច់ចំនួនពីរគឺ ការអប់រំ និងការបង្ការទប់ស្កាត់។ វិធានការទាំងពីរនេះ អាចអនុវត្តជាទម្រង់ និងបែបបទ ព្រមទាំងមធ្យោបាយ និងយុទ្ធសាស្ត្រផ្សេងៗគ្នា អាស្រ័យលើបរិបទ និងអាទិភាពរបស់ប្រទេសនីមួយៗ ប៉ុន្តែគោលបំណងរួមគឺ ដើម្បីធ្វើឱ្យសង្គមមានអំពើពុករលួយតិចជាងមុន និងចុងក្រោយគឺរួចផុតពីអំពើពុករលួយ។
ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត បានបន្តថា រាជរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្ននេះ ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានប្រកាន់ខ្ជាប់នូវគោលនយោបាយយុទ្ធសាស្ត្រ និងការអភិវឌ្ឍន៍ជាបន្តបន្ទាប់ ពោល គឺយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ឆ្នាំ២០២៣-២០២៨ ដែលមានការងារប្រឆាំងអំពើពុករលួយជាស្នូលសំខាន់មួយនៃគោលនយោបាយ។ គោលនយោបាយនេះ អំពាវនាវឱ្យមានការបន្តធ្វើកំណែទម្រង់ និងការពង្រឹងអភិបាលកិច្ចល្អ ជាពិសេសការលើកកម្ពស់ការគ្រប់គ្រងរដ្ឋបាលស្អាតស្អំ និងមានប្រសិទ្ធភាព ជាមួយនឹងអាទិភាពសំខាន់ៗចំនួន០៥ រួមមាន៖
១- ការរៀបចំ និងការដាក់ឱ្យអនុវត្តក្រមសីលធម៌វិជ្ជាជីវៈ និងក្រមប្រតិបត្តិក្នុងមុខងារសាធារណៈព្រមទាំងការជំរុញការគោរពខ្ជាប់ខ្លួននូវគោលការណ៍វិសមិតភាពមុខងារ និងទំនាស់ផលប្រយោជន៍ នៅក្នុងការបំពេញការងាររបស់មន្រ្តីសាធារណៈ
២- ការពង្រឹងប្រសិទ្ធភាព នៃការធ្វើអធិការកិច្ច និងសវនកម្ម ព្រមទាំងការរៀបចំក្របខ័ណ្ឌ និងវិធាន នៃប្រព័ន្ធអធិការកិច្ច និងសវនកម្ម ដើម្បីធានាសុខដុមនីយកម្ម នៃមុខងារអធិការកិច្ច និងសវនកម្ម ក្នុងរដ្ឋបាលសាធារណៈ
៣- ការពង្រឹងយន្តការគ្រប់គ្រង និងការផ្តល់សេវាសាធារណៈ ការផ្តល់ការលើកទឹកចិត្ត ផ្អែកលើគុណាធិបតេយ្យ និងការចាត់វិធានការម៉ឹងម៉ាត់តាមច្បាប់ ក្នុងការអនុវត្តតួនាទី និងភារកិច្ចដើម្បីបង្កើនជំនឿទុកចិត្ត និងប្រសិទ្ធភាព នៃការផ្តល់សេវាសាធារណៈ
៤- ការបន្តពង្រឹង និងពង្រីកលើការងារអប់រំ បង្ការ និងទប់ស្កាត់ជាចម្បង ព្រមទាំងការពង្រឹង ការអនុវត្តច្បាប់យ៉ាងម៉ឹងម៉ាត់ ដើម្បីបង្ក្រាបបទល្មើសអំពើពុករលួយ
៥- ការពង្រឹងកិច្ចសហប្រតិបត្តិការរវាងអង្គភាពប្រឆាំងអំពើពុករលួយ និងស្ថាប័នសាធារណៈ ជាពិសេសតាមរយៈយន្តការជនបង្គោល ទាំងការងារអប់រំ និងការងារបង្ការទប់ស្កាត់ ដើម្បីរៀបចំដាក់ឱ្យអនុវត្ត តាមដាន ត្រួតពិនិត្យ និងវាយតម្លៃ ការអនុវត្តផែនការយុទ្ធសាស្រ្ត និងលើកកម្ពស់ភាពស្អាតស្អំ នៅតាមស្ថាប័នសាធារណៈ
ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង បានបន្តទៀតថា កិច្ចប្រជុំត្រីភាគីចំនួនពីរលើកដំបូងនៅប្រទេសថៃ និងប្រទេសឡាវបានពិភាក្សា និងចែករំលែកយ៉ាងសំខាន់អំពីក្របខ័ណ្ឌច្បាប់ និងបទពិសោធន៍អនុវត្តច្បាប់រៀងៗខ្លួនអង្គភាពប្រឆាំងអំពើពុករលួយយល់ថាអាចបង្វែរការយកចិត្តទុកដាក់ទៅលើការពិភាក្សាលើទិដ្ឋភាពសំខាន់ពីរក្នុងការប្រយុទ្ធប្រឆាំងអំពើពុករលួយ គឺការអប់រំ និងការបង្ការទប់ស្កាត់។
ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិតសង្ឃឹមថា ឱកាសនេះនឹងធ្វើឱ្យយើងកាន់តែរីកចម្រើនលើទិដ្ឋភាពសំខាន់ៗទាំងនេះនៃការងាររបស់យើង ហើយនៅក្នុងពេលជាមួយគ្នានេះ យើងអាចនឹងរកវិធីដែលអាចបន្តផ្តល់ជំនួយឱ្យគ្នាទៅវិញទៅមក ក្នុងការទំនាក់ទំនងគ្នាកាន់តែច្រើន និងជាប្រចាំសម្រាប់ផ្នែកទាំងនេះផងដែរ។
ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង៖ «ជឿថាមានរឿងច្រើន ដែលយើងអាចស្វែងយល់ពីរបៀបរៀន និងជួយគ្នាទៅវិញទៅមក និងធ្វើការរួមគ្នាលើវិធានការទាំងពីរនេះ។ ដំណើររួមគ្នារបស់យើងនឹងមានរយៈពេលយូរ និងមិនងាយស្រួលនោះទេ ប៉ុន្តែយើងខ្ញុំប្តេជ្ញាសន្យាថា ACU នឹងរួមគ្នាជាមួយ NACC និង SIA ខិតខំឱ្យអស់ពីសមត្ថភាពក្នុងការបំពេញកាតព្វកិច្ចក្នុងនាមជាដៃគូល្អ អ្នកជិតខាងល្អ និងជាមិត្តល្អ»។
ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ក៏សូមលើកទឹកចិត្ដសមាសភាគី NACC និង SIA បង្កើន និងលើកកម្ពស់កិច្ចសហប្រតិបត្តិការពិសេសៗលើសគេ ឱ្យសមជាបងប្អូនដែលមានផ្ទះជាប់គ្នា។ ភាគីកម្ពុជា ACU ត្រៀមខ្លួនជានិច្ច ដើម្បីសហការ និងឆ្លើយតប ចំពោះសំណើរបស់ NACC និង SIA សមភាគីជាបងប្អូនក្នុងការរួមគ្នាអប់រំ រួមគ្នាបង្ការទប់ស្កាត់ រួមគ្នាស៊ើបអង្កេត និងបង្ក្រាបបទល្មើសពុករលួយជាមួយគ្នា៕