ប្រធានគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា លើកទឹកចិត្តដល់អភិបាលខេត្តកំពត ឱ្យបន្តដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ក្រោយទទួលបានជោគជ័យ និងសាទរពីពលរដ្ឋ


(កំពត)៖ ឯកឧត្តម អង្គ វង្ស វឌ្ឍនា ប្រធានគណៈកម្មកាទី៦ (គណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា) បានជំរុញ និងលើកទឹកចិត្តដល់លោកអភិបាលខេត្តកំពត ឱ្យបន្តដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ក្រោយទទួលបានជោគជ័យ និងសាទរ ពីប្រជាពលរដ្ឋទូទាំងខេត្តកំពត។

ការលើកទឹកចិត្តបែបនេះរបស់ឯកឧត្តម អង្គ វង្ស វឌ្ឍនា ក្នុងឱកាសលោកបានដឹកនាំគណៈប្រតិភូ ចូលរួមប្រជុំស្វែងយល់ពីការអនុវត្តច្បាប់ និងវិស័យយុត្តិធម៌ របស់ខេត្តកំពត។ ពិធីនេះបានប្រព្រឹត្តធ្វើឡើង នៅសាលាខេត្តកំពត នាសៀលថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៤។ ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម តាក ហាប់ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត ព្រមទាំងជួរថ្នាក់ដឹកនាំ មន្ត្រីនៃមន្ទីរ-អង្គភាព និងអ្នកពាក់ព័ន្ធជាច្រើនរូប។

បន្ទាប់ពីបានស្តាប់របាយការណ៍ស្តីពីវឌ្ឍនភាព និងការអនុវត្តការងារពាក់ព័ន្ធនឹងការអនុវត្តច្បាប់របស់ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពតរួចមកឯកឧត្តម អង្គ វង្សវឌ្ឍនា ប្រធានគណៈកម្មកាទី៦ នៃរដ្ឋសភា បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋបាលខេត្តកំពត ក្នុងការអភិវឌ្ឍខេត្តជាប់ឆ្នេរសមុទ្រមួយនេះ ឱ្យមានការរីកចម្រើនយ៉ាងឆាប់រហ័ស និងបានធ្វើឱ្យកំណើនភ្ញៀវទេសចរមានការកើនឡើងគួរឱ្យកត់សម្គាល់។

ឯកឧត្តម អង្គ វង្ស វឌ្ឍនា ក៏បានវាយតម្លៃខ្ពស់ ចំពោះការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដែលលោក ម៉ៅ ធនិន អភិបាលខេត្តកំពត បានធ្វើការដោះស្រាយកន្លងមក ដោយទទួលបានជោគជ័យ និងមានការសាទរគាំទ្រពីសំណាក់ប្រជាពលរដ្ឋនៅទូទាំងខេត្ត។

ឯកឧត្តម អង្គ វង្ស វឌ្ឍនា ក៏បានធ្វើការជំរុញ លើកទឹកចិត្តដល់លោក ម៉ៅ ធនិន ឱ្យបន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនេះបន្តទៅមុខទៀត ព្រោះការដោះស្រាយក្រៅប្រព័ន្ធតុលាការនេះ បានកាត់បន្ថការកកស្ទះសំណុំរឿងនៅស្ថាប័នតុលាការ ក៏ដូចជាកាត់បន្ថយការចំណាយពេលវេលារបស់ប្រជាពលរដ្ឋផងដែរ។ លោកក៏បានកោតសរសើចំពោះទេពកោសល្យ របស់លោកអភិបាលខេត្តកំពត ដែលបានប្រើប្រាស់ក្នុងការដោះស្រាយបញ្ចប់វិវាទក្រៅប្រព័ន្ធតុលាការ ដែលបានធ្វើឱ្យគូរទំនាស់ទទួលយកនូវការដោះស្រាយដោយភាពរីករាយ អ្នកខុស គឺខុស អ្នកត្រូវគឺត្រូវ ហើយលោកនឹងយកបទពិសោធន៍ ដែលបានអនុវត្តកន្លងមករបស់លោកអភិបាលខេត្តកំពត ទៅផ្សព្វផ្សាយ និងជំរុញឱ្យមានការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនៅតាមបណ្តាខេត្តនានា ឱ្យដូចខេត្តកំពតនេះដែរ។

យោងតាមរបាយការណ៍របស់ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានឱ្យដឹងថា ការអនុវត្តការងារលើការអនុវត្តច្បាប់ នៅក្នុងខេត្តកំពត គឺមានភាពល្អប្រសើ ដោយគ្រប់ភាគីពាក់ព័ន្ធ បានធ្វើការសហការគ្នាយ៉ាងស្អិតរមួតក្នុងការអនុវត្ត ដោយផ្អែកទៅលើបទដ្ឋានច្បាប់ជាធំ។

ឯកឧត្តមអភិបាលខេត្ត បានបន្តថា កន្លងមក ការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ គឺទទួលបានជោគជ័យ និងលទ្ធផលល្អប្រសើ ដោយការដោះស្រាយបានបញ្ចប់នូវវិវាទធំៗជាច្រើន ពិសេសវិវាទដីធ្លីរ៉ាំរ៉ៃ វិវាទដីធ្លីរវាងពលរដ្ឋ និងក្រុមហ៊ុន ដោយគិតមកដល់បច្ចុប្បន្ននេះ ការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការបានចំនួនជិត ៣ពាក់ករណី ហើយខេត្តនៅតែបន្តខិតខំប្រឹងប្រែងក្នុងការដោះស្រាយវិវាទដែលនៅសេសសល់បន្តទៀត៕