អគ្គនាយករងកិច្ចការបច្ចេកទេស ក្រសួងធនធានទឹក និងឧតុនិយម ដឹកនាំមន្ត្រីបច្ចេកទេសរបស់ក្រសួង ចុះត្រួតពិនិត្យប្រព័ន្ធធារាសាស្ត្រទំនប់អាងទឹក ត្រពាំងបឹង


ព្រឹកថ្ងៃទី ០៥ ខែកញ្ញា ឆ្នាំ ២០១៧ លោក លឹម វីរក្ស អគ្គនាយករងកិច្ចការបច្ចេកទេស ក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំមន្ត្រីបច្ចេកទេសរបស់ក្រសួង ចុះត្រួតពិនិត្យប្រព័ន្ធធារាសាស្ត្រទំនប់អាងទឹក ត្រពាំងបឹង ស្ថិតក្នុងឃុំសត្វពង ស្រុកឈូក ខេត្តកំពត បន្ទាប់ពីត្រូវបានសាងសង់ឡើងវិញរួចរាល់ជាស្ថាពរ ។
សូមជម្រាបថា ប្រព័ន្ធធាសាស្ត្រទំនប់អាងទឹក ត្រពាំងបឹង ត្រូវបានក្រសួងធនធានទឹក និងឧតុនិយម បើកការដ្ឋានដំណើរការសាងសង់ឡើងវិញ នៅក្នុងខែកុម្ភៈ ឆ្នាំ ២០១៧ ដោយមានទំហំការងារ ៖
១. សាងសង់ទំនប់អាងទឹក ប្រវែង ៣.៣០០ ម៉ែត្រ ។
២. សាងសង់សំណង់បង្ហៀរ ចំនួន ០១ កន្លែង ប្រវែង ២២ ម៉ែត្រ ដោយបំពាក់ស្ពានពីលើសម្រាប់ឆ្លងកាត់ និងមានទ្វារទឹក ចំនួន ០២ ប្រឡោះ ។
៣. សាងសង់សំណង់ទ្វារទឹក (ទ្វារ ៣) ចំនួន ០៣ កន្លែង ។
៤. សាងសង់លូប្រអប់ ចំនួន ០៤ កន្លែង ។
ក្រោយពេលសាងសង់រួច ប្រព័ន្ធធារាសាស្ត្រទំនប់អាងទឹក ត្រពាំងបឹង មានលទ្ធភាពស្រោចស្រពលើផ្ទៃដីបង្កបង្កើនផលលើផ្ទៃដីស្រូវវស្សា ចំនួន ១.៥០០ ហិកតា ស្រូវប្រាំង ចំនួន ២៥០ ហិកតា ស្រូវដើមរដូវ ចំនួន ១២០ ហិកតា និងដំណាំរួមផ្សំ ចំនួន ៣៥ ហិកតា ។ ក្រៅពីការផ្តល់ទឹកសម្រាប់ស្រោចស្រពដំណាំកសិកម្ម តួទំនប់នៃប្រព័ន្ធនេះ ក៏បានក្លាយទៅជាផ្លូវគមនាគមន៍ជនបទបម្រើឱ្យការធ្វើដំណើរ និងដឹកជញ្ជូនកសិផលនៅតំបន់នោះផងដែរ ៕