ហ្វីលីពីន ចាប់់អារម្មណ៍លើកិច្ចការធុរកិច្ចក្នុងវិស័យ សេវាអប់រំនិងបណ្ដុះបណ្ដាល សិទ្ធិអាជីវកម្ម សុខាភិបាល និងថែទាំ


លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងលោកជំទាវ Flerida Ann Camille P. Mayo ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋហ្វីលីពីន ប្រចាំព្រះរាជាណាចក្រកម្ពុជា បានសម្ដែងការពេញចិត្តលើកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម ទាំងកម្រិតទ្វេភាគី និងថ្នាក់តំបន់។

ជាមួយគ្នានោះ លោកជំទាវឯកអគ្គរដ្ឋទូត ក៏បានថ្លែងអំណរគុណ និងកោតសរសើរដល់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសតាមរយៈក្រសួងពាណិជ្ជកម្ម ដែលតែងតែខិតខំបង្កើតនូវបរិយាកាសអំណោយផលដល់សហគមន៍ធុរកិច្ចរបស់ហ្វីលីពីន ដែលកំពុងធ្វើធុរកិច្ចនៅកម្ពុជា។

នៅក្នុងឱកាសចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនាថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤នេះ ភាគីទាំងពីរក៏បានពិភាក្សាផ្លាស់ប្ដូរយោបល់សំដៅបង្កើនកិច្ចសហប្រតិបត្តិការវិស័យពាណិជ្ជកម្ម ឱ្យរីកចម្រើនបន្ថែមទៀត ដោយធ្វើយ៉ាងណាបង្កើនទំហំពាណិជ្ជកម្មទ្វេភាគី ទាំងពាណិជ្ជកម្មទំនិញ និងពាណិជ្ជកម្មសេវាកម្ម។

ក្នុងនោះដែរ ភាគីហ្វីលីពីន បានសម្ដែងចំណាប់អារម្មណ៍ក្នុងការមកធ្វើធុរកិច្ចលើវិស័យ មួយចំនួន ដូចជា៖ សេវាអប់រំនិងបណ្ដុះបណ្ដាល សិទ្ធិអាជីវកម្ម សុខាភិបាលនិងថែទាំ សាងសង់ ការផលិតនិងលក់ដូរចំណីអាហារជាដើម។