រយៈពេល៨ខែ កំពង់ផែស្វយ័តភ្នំពេញរកចំណូល​បានជាង​២៧លានដុល្លារ


កំពង់ផែស្វយ័តភ្នំពេញក្នុងរយៈពេល ៨ខែ ឆ្នាំ២០២៤ នេះប្រមូល​ចំណូល​បានចំនួនប្រមាណជាង ២៧ លានដុល្លារអាម៉េរិក ពោលគឺកើន​ឡើងជាង ១៥ ភាគរយបើ​ធៀប​រយៈ​ពេលដូចគ្នាកាលពីឆ្នាំ២០២៣។ចំណូលនេះ​មិន​ទាន់​ធ្វើ​សវនកម្មនៅឡើយ​នេះបើតាមសេចក្តីប្រកាស​ព័ត៌មានរបស់កំពង់ផែស្វយ័តភ្នំពេញ។

​ប្រភពដដែលបន្ថែមថា ដោយឡែកសម្រាប់​ខែសីហា ឆ្នាំ២០២៤ កំពង់ផែស្វយ័តភ្នំពេញអនុវត្តការ​ប្រមូល​ចំណូល​​បាន​ចំនួន​ជាង ៤ លានដុល្លារពោលគឺកើនឡើង ២៥ ភាគរយបើធៀបទៅនឹងរយៈ​ពេល​ដូចគ្នាកាលពី​ឆ្នាំ​មុន ​ក្នុងនោះ ការប្រមូលចំណូល​ពីប្រតិបត្តិ​ការផែបាន​ចំនួន ៣,៨ លានដុល្លារ, ចំណូល​ពីអាជ្ញាធរផែ ជាង ៥៥ ម៉ឺនដុល្លារ និងចំណូលពីសេវាកម្មផ្សេងៗជាង៤ម៉ឺនដុល្លារ។

សម្រាប់តែខែសីហានេះដែរកំពង់ផែស្វយ័តភ្នំពេញ ទទួលបានបរិមាណ​កុង​តឺន័រឆ្លងកាត់មានចំនួន ៥៣៨២៥ TEUs កើនប្រមាណ ២៥,៤៦% ធៀបនឹងខែសីហាឆ្នាំ២០២៣។ ចំណែកបរិមាណនាវា​ដឹកអ្នកដំណើរចូលចតកំពង់ផែស្វយ័តភ្នំពេញនៅខែសីហា មានចំនួន ៤៩គ្រឿង កើន ៣៦ភាគរយ ធៀបនឹងខែសីហាឆ្នាំមុនដូចគ្នា។

របាយការណ៍បានគូសរំលេចថា ការប្រមូលចំណូល​ដោយ​មិន​ទាន់ធ្វើសវនកម្មរបស់កំពង់ផែស្វយ័តភ្នំពេញក្នុងរយៈ ៨ខែ ឆ្នាំនេះ មានចំនួនជាង ២៧ លានដុល្លារ​​ កើនឡើងជាង ១៥ ភាគរយក្នុង​នោះការ​ប្រមូល​ចំណូល​ពី​ប្រតិបត្តិការផែ បានចំនួនជាង ២២ លានដុល្លារ, ចំណូលពីអាជ្ញាធរផែជាង ៣ លាន​ដុល្លារ និងចំណូល​ពីសេវាកម្មផ្សេងៗជាង៩៦ម៉ឺនដុល្លារ៕