សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការពង្រីកសមត្ថភាពផែ តភ្ជាប់ជាមួយប្រព័ន្ធហេដ្ឋា​រចនា​សម្ព័ន្ធដឹកជញ្ជូន គឺជាជួយប្រព័ន្ធភស្តុភាកម្មរបស់កម្ពុជាកាន់តែប្រសើរ ខណៈជប៉ុននឹងជួយប្រែក្លាយកំពង់ផែស្វយ័តក្រុងព្រះសីហនុ ឱ្យក្លាយជាមជ្ឈមណ្ឌលភស្តុភាកម្មរបស់កម្ពុជា


(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា ការពង្រីកសមត្ថភាពផែ តភ្ជាប់ជាមួយប្រព័ន្ធហេដ្ឋា​រចនា​សម្ព័ន្ធដឹកជញ្ជូន គឺជាជួយប្រព័ន្ធភស្តុភាកម្មរបស់កម្ពុជាកាន់តែប្រសើរ។ សម្តេចធិបតី បានថ្លែងបន្តថា ជប៉ុននឹងជួយប្រែក្លាយកំពង់ផែស្វយ័តក្រុងព្រះសីហនុ ឱ្យក្លាយជាមជ្ឈមណ្ឌលភស្តុភាកម្មរបស់កម្ពុជា។

សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញសម្ពោធចំណតផែកុងតឺន័រ នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ តម្លៃជិត ៤០លានដុល្លារ នាព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា «អីចឹងថ្ងៃនេះ ទេវតាក៏អបអរសាទរ ក្នុងការរៀបចំពិធីបើកសម្ពោធការប្រើប្រាស់បំពេញបន្ថែមនៅទីនេះ ដែលជាសមិទ្ធផលបន្ថែមនៃវិស័យភស្តុភារកម្ម ដឹកជញ្ជូនរបស់យើង»

ជាមួយគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានចាត់ទុកការពង្រីកសមត្ថភាពកំពុងផែស្វយ័តក្រុងព្រះសីហនុ គឺជាការពង្រឹងមូលដ្ឋានសេដ្ឋកិច្ចរបស់កម្ពុជា។

សូមជម្រាបថា ចំណតផែកុងតឺន័រដែលសម្ពោធដាក់ឱ្យប្រើប្រាស់នាពេលនេះ បានបើក​ការ​ដ្ឋាន​សាងសង់កាលពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៣ នៅក្នុងឱកាសអបអរ​សា​ទរខួបអនុស្សាវរីយ៍លើកទី១៣៧ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០​២​៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និង​ជាប្រធានរដ្ឋសភាកម្ពុជានាពេលបច្ចុប្បន្ន។

ចំណត​ផែកុង​តឺន័របន្ថែមនេះ ត្រូវបានសាងសង់ និងស្តារ​ជម្រៅ​ទឹកដល់ ១១,៥ម៉ែត្រ និងការ​បំពាក់មធ្យោបាយលើកដាក់កុងតឺន័រទំនើប រួមមាន គ្រឿងចក្រលើកដាក់កុងតឺន័រ​នៅគែមផែ ប្រភេទ QGC ចំនួន ២គ្រឿង, និងគ្រឿងចក្រលើកដាក់កុងតឺន័រ​នៅ​ទី​លាន ប្រភេទ RTG ចំនួន ៦គ្រឿង រួមទាំងការបំពាក់សម្ភារបរិក្ខារសំខាន់ៗផ្សេង​ទៀត ដែលនឹងជួយបង្កើន​សមត្ថភាព​ចំណតផែកុងតឺន័របន្ថែមនេះ បានប្រមាណ ៤៥ម៉ឺនTEUs/ឆ្នាំ។

ចំណតផែកុងតឺន័របន្ថែមថ្មីនេះ បាននិង​កំពុង​ជួយបំពេញបន្ថែមនូវមុខងាររបស់​កំពង់​ផែស្វយ័តក្រុងព្រះសីហនុ ដែលធ្វើ​ឱ្យ​សមត្ថភាពផែសរុបកើនឡើងពី៥៥​ម៉ឺន​TEUs/ឆ្នាំ ទៅ ១លាន TEUs/ឆ្នាំ និង​អាច​អនុញ្ញាតឱ្យនាវាកុងតឺន័រមានជម្រៅ​ទឹក​ ១០,៤ម៉ែត្រ ចូលចតបាន ដែល​តាម​ការ​ព្យាករណ៍ គឺកើនឡើងពី ១៨ភាគ​រយ ទៅប្រមាណ ៣៨ភាគរយ នៃនាវា​ដែលធ្វើនាវាចរក្នុងពិភពលោក ដោយ​ឡែក​សម្រាប់នាវាដែលមាន​ផ្លូវរត់ក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក កើនឡើងរហូតដល់ ៤៩,២៥ភាគរយ។

គម្រោងអភិវឌ្ឍចំណតផែកុងតឺន័របន្ថែមនេះ បានអនុវត្តការសាងសង់ដោយក្រុម​ហ៊ុន​ជប៉ុន តូអា ខបផើរេសិន (TOA Corporation) និងត្រួតពិនិត្យបច្ចេកទេស​ដោយ​សម្ព័ន្ធក្រុមហ៊ុន នីបផន ខូអេ និងក្រុមហ៊ុន Oriental Consultants Global ប្រើប្រាស់រយៈពេលសាងសង់ចំនួន១៧ខែ និងបានបញ្ចប់ការសាងសង់​ជា​ស្ថាពរ​នៅក្នុងអំឡុងខែសីហា ឆ្នាំ២០២៤ ដោយបានចំណាយ ថវិកាសរុប​ប្រមាណ ៣៧,៥លានដុល្លារអាម៉េរិក ក្នុងនោះ ថវិកាឥណទានសម្បទានពី​រដ្ឋា​ភិបាល នៃប្រទេសជប៉ុនប្រមាណ ១០លានដុល្លារអាម៉េរិក, ថវិការបស់កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ ប្រមាណ ២៧,៥លានដុល្លារអាម៉េរិក រួមទាំងថវិកាបដិ​ភាគ​មួយចំនួនរបស់រាជរដ្ឋាភិបាលសម្រាប់ ការដោះស្រាយពន្ធអាករផ្សេងៗ៕