ឯកឧត្តមវេជ្ជ. សុះ មុះសិន បានអញ្ជើញជាអធិបតី ក្នុងពិធីផ្តល់ប្រាក់ឧបត្ថម្ភជូនក្មេងកុមារកំព្រាចិញ្ចិមតាមមូលដ្ឋានចំនួន១១២នាក់មកពីរាជធានី ខេត្ត


ឯកឧត្តមវេជ្ជបណ្ឌិត សុះ មុះសិន សមាជិករដ្ឋសភា សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានគណៈចលនាសាសនិកឥស្លាមកម្ពុជា បានអញ្ជើញជួបសំណេះសំណាល និងផ្តល់ប្រាក់ឧបត្ថម្ភជូនក្មេងកុមារកំព្រាចិញ្ចឹមតាមមូលដ្ឋានចំនួន១១២នាក់ មកពីរាជធានី ខេត្តដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម សុះ ស៊ុបអុី អនុរដ្ឋលេខាធិការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ឯកឧត្តម សាន់ ស្នាវី អនុរដ្ឋលេខាធិការក្រសួងផែនការ លោក លោកស្រី មន្រ្តីសមាគម ព្រមទាំងអាណាព្យាបាលផងដែរ ។

ការផ្តល់ប្រាក់ឧបត្ថម្ភប្រចាំត្រីមាសទី១ និងទី២ ឆ្នាំ២០២៤នៃគម្រោងចិញ្ចឹមកុមារកំព្រាដែលកំពុងចិញ្ចឹមតាមផ្ទះ មានចំនួនសរុប ១១២នាក់ ដែលមកពីបណ្ដា ១២ រាជធានី ខេត្ត ដែលសរុបជាថវិកាចំនួន $ 20,906.66 ដុលា្ល ស្មើនិង៨៤,៦៧២,០០០លានរៀល ។
ពិធីខាងលើប្រារព្ធធ្វើឡើងនៅក្នុងបរិវេណមជ្ឈមណ្ឌលផ្ទះអេមីរ៉ាតសំរាប់ក្មេងកំព្រា ភូមិព្រែកតាពៅ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

ឯកឧត្តមវេជ្ជបណ្ឌិត សុះ មុះសិន បានមានប្រសាសន៍ថា គោលបំណងនៃការចិញ្ជឹមក្មេងកំព្រាតាមមូលដ្ឋាន គឺដើម្បីជួយសម្រាលបន្ទុករបស់អាណាព្យាបាលលើការផ្គត់ផ្គង់ជីវភាពចិញ្ចឹមបីបាច់ថែរក្សា ថែទាំសុខភាព និងពិសេសផ្ដល់លទ្ធភាពឱ្យក្មេងៗបានទទួលការអប់រំដូចក្មេងទូទៅដែរ និងចូលរួមចំណែក ជាមួយរាជរដ្ឋាភិបាលក្នុងការគាំពារវិស័យ សង្គមកិច្ច ការបណ្តុះបណ្តាលកុមារ ពិសេសកាត់បន្ថយភាពក្រីក្រជូនប្រជាពលរដ្ឋ ៕

ពិធីនេះប្រព្រឹត្តធ្វើនារសៀលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ ។