រដ្ឋលេខាធិកាក្រសួងធម្មការ និងសាសនា អញ្ជើញកាន់វេនបិណ្ឌ១ នៅវត្តចំបក់ ឃុំវល្លិស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ


(កំពង់ស្ពឺ)៖ ឯកឧត្តម នរៈ រតនវឌ្ឍនោ រដ្ឋលេខាធិកាក្រសួងធម្មការ និងសាសនា និងលោកជំទាវអគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៏ សូ សុគន្ធារី នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ០២៤ បានអញ្ជើញកាន់វេនបិណ្ឌ១ នៅវត្តចំបក់ ឃុំវល្លិស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

បុណ្យភ្ជុំបិណ្ឌ ជាពិធីបុណ្យមួយដែលធំជាងគេ នៅក្នុងចំណោមពិធីបុណ្យទាំងអស់ ចំពោះអ្នកកាន់ព្រះពុទ្ធសាសនា។ ជារៀងរាល់ឆ្នាំនៅពេលដល់ថ្ងៃខែ ដែលត្រូវប្រារព្ធ ពិធីបុណ្យភ្ជុំបិណ្ឌ គ្រប់បងប្អូនកូនចៅ សាច់ញាតិសន្ដានទាំងអស់ ទោះនៅទីជិត ឬទីឆ្ងាយ តែងតែធ្វើដំណើរទៅជួបជុំគ្នា ជាពិសេសឪពុកម្ដាយនៅស្រុកកណើត ដើម្បីរៀបចំម្ហូបអាហារ បាយសម្ល ចង្ហាន់យកទៅប្រគេនព្រះសង្ឃ ដែលគង់នៅវត្តអារាម។ ទាំងនេះ គឺជាទម្លាប់មួយដែលគេនិយមធ្វើតៗគ្នា របស់ជនជាតិខ្មែរ ជាយូរមកហើយ។

ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌឆ្នាំ២០២៤នេះ ប្រព្រឹត្តទៅចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ ១៥រោច ខែភទ្របទ ត្រូវនឹងថ្ងៃទី១៨ ខែកញ្ញាដល់ថ្ងៃទី៣ ខែតុលា។

ចំពោះបុណ្យបិណ្ឌភ្ជុំនេះ បុរាណាចារ្យរាជបណ្ឌិតខ្មែរ យើងបានរៀបចំរយៈពេល១៥ថ្ងៃ ដោយចាប់គិតពីថ្ងៃទី១រោច ដល់ថ្ងៃទី១៥រោច ខែភទ្របទ ជាពិធីមួយសម្រាប់ឧទ្ទិសកុសល ទៅដល់ប្រេតជនញាតិដែលបានស្លាប់ទៅ។ នៅក្នុងរយៈពេល១៤ថ្ងៃ នៃការកាន់បិណ្ឌ ឬដាក់បិណ្ឌនេះ ពុទ្ធបរិស័ទចំណុះជើងវត្តទាំងអស់ ជាពិសេសក្រុមនីមួយៗ ដែលបានរៀបចំជា ក្រុមដោយលោកតាអាចារ្យចាត់ចែងនោះ ត្រូវបែងចែកចេញ ៣ ឬ៤ក្រុមតូចៗ ដើម្បីរៀបចំធ្វើយាគូ (បបរ) ឬធ្វើភត្តាហារជា ៣ ទៅ ៤ឆ្នាំង ស្មើនឹង ៣ ទៅ ៤មុខម្ហូប។ ពេលទូងស្គរចំណាំវស្សា អ្នកនៅក្នុងក្រុមវេននីមួយៗ ត្រូវចាប់ផ្ដើមធ្វើចង្ហាន់ ហើយយាយតាចាស់ៗ ក្នុងក្រុមវេន ត្រូវជ្រើសរើសយកផ្ទះណាមួយ ដើម្បីប្រមូលនំរៀបចំបាយបិណ្ឌ បាយបត្តបូរ។ រៀបចំរួចហើយត្រូវនាំគ្នាទៅវត្តស្ដាប់លោកសង្ឃសូត្រថ្វាយ បង្គំធម៌ សុខោ និង ធម៌បរាភវសូត្រ។

ចំណែកឯកូនចៅដែលនៅផ្ទះ ត្រូវនាំគ្នាខិតខំដុតដៃដុតជើងបបរ ឬស្លតាមមុខម្ហូបនីមួយៗ ដោយឡែកពីគ្នា។ លុះដល់ពេលព្រឹកព្រាងអរុណោទ័យ (ពេលព្រះអាទិត្យរះឡើង) ត្រូវនាំគ្នារៀប ចំខ្លួន កណ្ដៀត យួរ កាន់ ទូល រែកចង្ហាន់ទៅវត្ត។ នៅក្នុងវត្ត លោកតាអាចារ្យត្រូវរៀបចំពិធីរាប់បាត្រ នៅលើឧបដ្ឋានសាលា។

បន្ទាប់មកលោកអាចារ្យជាប្រធាន ត្រូវនាំពុទ្ធបរិស័ទវេរ (ប្រគល់) ចង្ហាន់ប្រគេនព្រះសង្ឃ វេរបាយបត្តបូរ។ល។ លុះដល់ពេលព្រះសង្ឃធ្វើបត្តានុមោទនគាថាចប់ មេវេនក្រុមនីមួយៗត្រូវរៀបចំម្ហូបអាហារ ចំណីចូលគំនាប់ជូនលោកតាអាចារ្យវត្ត ព្រមទាំងចាត់ចែងភោជ នាហារទទួលភ្ញៀវដែលអញ្ជើញទៅបុណ្យ នៅក្នុងថ្ងៃវេនរបស់ខ្លួននោះផងដែរ៕