រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ធ្វើបទបង្ហាញអំពីព្រំដែនកម្ពុជា ជូនឧត្តមក្រុមប្រឹក្សា​ពិគ្រោះ ​និងផ្តល់យោបល់


រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ឯកឧត្តម ឡាំ ជា នៅព្រឹកថ្ងៃ១៨ ខែកញ្ញា ឆ្នាំ២០២៤​បានអញ្ជើញធ្វើបទ​បង្ហាញ​​​ជូន​ប្រតិភូ​គណបក្សនៃឧត្តមក្រុមប្រឺក្សាពិគ្រោះ និងផ្តល់យោបល់ នៅវិមាន​សន្តិភាព។ ការធ្វើបទបង្ហាញ​នេះ បន្ទាប់ពីសម្តេច​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីម្ពុជាបានឯកភាពឱ្យឯកឧត្តមបណ្ឌិត ឡាំ ជា មកធ្វើបទ​បង្ហាញ​អំពីព្រំដែន​ស្រប​ច្បាប់របស់ព្រះ​រាជា​ណាចក្រកម្ពុជា រវាង​ប្រទេស​ឡាវ-វៀតណាមនិងថៃ តាមការស្នើសុំរបស់លោកជំទាវ ពោធិតី សាវត្ថី ប្រធានប្រតិភូគណបក្សធម្មា​ធិបតេយ្យនៃឧត្តមក្រុមប្រឹក្សា​ពិគ្រោះ និងផ្តល់យោបល់កាលពីថ្ងៃទី៣០ ខែសីហាកន្លងទៅ។

លោកជំទាវ ពោធិតី សាវត្ថី ប្រធានប្រតិភូគណបក្សធម្មាធិបតេយ្យ​នៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់បាន​មានប្រសាសន៍​ថា ការធ្វើបទបង្ហាញអំពីព្រំដែនរបស់កម្ពុជាជាមួយប្រទេសជិតខាង គឺមានសារៈសំខាន់ណាស់សម្រាប់ប្រតិភូ​គណបក្ស​ទាំងអស់​នៅក្នុង​ឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ និងប្រជាពលរដ្ឋខ្មែរទាំងអស់ ក៏ត្រូវតែដឹងឱ្យ​ច្បាស់អំពី​ព្រំដែនស្របច្បាប់របស់ខ្មែរ ចៀសវាងការចាញ់​បោកពួកប្រឆាំងជ្រុលនិយមដែលបំភ្លៃការពិតក្នុងបំណងផ្តួលរលំរាជរដ្ឋាភិបាលស្របច្បាប់។

លោកជំទាវបានបន្តថា មូលហេតុដែលប្រតិភូគណបក្សធម្មាធិបតេយ្យ​ស្នើ​សុំឱ្យធ្វើបទបង្ហាញ គឺដើម្បីឱ្យ​សមាជិកប្រតិភូគណបក្ស​ទាំង ២៩ នៅក្នុងឧត្តមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ជ្រាបឱ្យច្បាស់អំពីព្រំដែន​ស្របច្បាប់របស់​រាជរដ្ឋាភិបាលដែល​បានធ្វើរួច​ហើយនោះ ដើម្បីចុះទៅ​បង្ហាញ​ពន្យល់ប្រជាពលរដ្ឋនៅថ្នាក់ក្រោមជាតិ ថ្នាក់មូលដ្ឋានឱ្យ​គាត់​ជ្រាប​ឱ្យ​ដឹងច្បាស់អ្វីខុសអ្វីត្រូវឱ្យ​គាត់​យល់ដឹងឱ្យ​ច្បាស់ឡើងវិញ​អំពីព្រំដែនរបស់យើងសព្វថ្ងៃនេះ។

លោកជំទាវ ពោធិតី សាវត្ថី បានបញ្ជាក់ថា បន្ទាប់ពីទទួលបានបទ​បង្ហាញរបស់គណៈកម្មការព្រំដែនហើយ ឧត្តមប្រឹក្សាពិគ្រោះ និង​ផ្តល់យោបល់ នឹងមានគម្រោងចុះទៅទូទាំងប្រទេសតែម្តង​មិនមែន​ត្រឹមតែខេត្តនៅតំបន់ត្រីកោណអភិវឌ្ឍន៍នោះ ទេ គឺយើង​ធ្វើបទបង្ហាញ​ចុះ​ទៅពន្យល់ប្រជាពលរដ្ឋទូទាំងប្រទេសតែម្តង។

លោកជំទាវ ពោធិតី សាវត្ថី ប្រធានប្រតិភូគណបក្សធម្មាធិបតេយ្យកាល​ពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤ បានដាក់លិខិតគោរព​ជូន​សម្តេច​មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ​កម្ពុជា ស្នើសុំអញ្ជើញឯកឧត្តមបណ្ឌិត ឡាំ ជា រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋ​លេខាធិការដ្ឋានកិច្ចការព្រំដែន មកធ្វើបទបង្ហាញអំពីព្រំដែនស្របច្បាប់ នៃព្រះរាជាណាចក្រកម្ពុជា​រវាង​ប្រទេសឡាវ-វៀតណាម និងថៃ ដើម្បីឱ្យប្រតិភូបានយល់ច្បាស់ ដើម្បីជាចំណេះដឹងមូលដ្ឋានគ្រឹះ ងាយស្រួល យកទៅ​ពន្យល់ប្រជាពលរដ្ឋខ្មែរឱ្យពួកគាត់បានយល់ច្បាស់ កុំឱ្យជឿតាមល្បិចកលទុច្ចរិតរបស់ពួកក្រុមជ្រុលនិយមទៀត៕