ស្អែកនេះ រដ្ឋសភានឹងបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការកែសម្រួលសមាសភាពរាជរដ្ឋាភិបាលកម្ពុជា ចំនួន ២រូប


យោងតាមសេចក្តីជូនដំណឹងពីអគ្គលេខាធិការដ្ឋានរដ្ឋសភា បានឱ្យដឹងថា នាព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ស្អែកនោះ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នឹងបើកសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៧ ដើម្បីបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការកែសម្រួលសមាសភាពរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ចំនួន២រូប។

សម័យប្រជុំនេះ ធ្វើឡើងក្រោមក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា។

សូមបញ្ជាក់ជូនថា កាលពីថ្ងៃទី១៧ ខែកញ្ញា ថ្មីៗនេះគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានបើកកិច្ចប្រជុំដើម្បីធ្វើការពិភាក្សា និងអនុម័តលើរបៀបវារៈមួយចំនួន។

តាមសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំខាងលើ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានអនុម័តយល់ព្រមលើសំណើសុំកោះប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៧ ដើម្បីរៀបចំការបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការកែសម្រួលសមាសភាពរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា។

ជាមួយគ្នានោះអង្គប្រជុំបានអនុម័តយល់ព្រមលើសំណើសុំបោះឆ្នោត ផ្តល់សេចក្តីទុកចិត្តលើការកែសម្រួល សមាសភាពរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ចំនួន ២រូបផងដែរ។