នៅថ្ងៃទី ០៦ ខែកញ្ញា ឆ្នាំ ២០១៧ នៅទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានទទួលជួបសម្តែងការគួរសមពីសំណាក់គណៈប្រតិភូថៃ ដែលដឹកនាំដោយឯកឧត្តម Arkhom Termpittayapaisith រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនថៃ។
ឯកឧត្តម ទេសរដ្ឋមន្ត្រី បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅ និងបានថ្លែងអំណរគុណដល់ឯកឧត្តមរដ្ឋមន្ត្រី ដែលបានធ្វើទស្សនកិច្ចនៅក្រសួងសាធារណការ និងដឹកជញ្ជូន ព្រមទាំងការបន្តកិច្ចសហការរវាងក្រសួងទាំងពីរចំពោះគម្រោងការងារដឹកជញ្ជូន និងហេដ្ឋារចនាសម្ព័ន្ធនានា។
ឯកឧត្តម Arkhom Termpittayapaisith ក៏បានថ្លែងអំណរគុណ និងកោតសរសើរចំពោះកិច្ចសហការកន្លងមក និងកំពុងបន្តរវាងក្រសួងទាំងពីរ ដោយបានរំលេចពីកិច្ចពិភាក្សាកំពុងបន្ត និងដំណើរការទាក់ទងទៅនឹងអនុស្សារណៈយោគយល់ស្តីពីការតភ្ជាប់ផ្លូវដែករវាងកម្ពុជា និងថៃ ការសាងសង់ស្ពាន ស្ទឺងបត់ និងណង អៀន និងហេដ្ឋារចនាសម្ព័ន្ធឆ្លងកាត់ព្រំដែន ការអនុវត្តកិច្ចព្រមព្រៀងឆ្លងកាត់ព្រំដែន (Early Harvest of GMS Cross Border Transport Agreement) និងកិច្ចព្រមព្រៀងដឹកជញ្ជូនឆ្លងកាត់ដែនសមុទ្រ កម្ពុជា- វៀតណាម- ថៃ។
ឯកឧត្តម រដ្ឋមន្ត្រីទាំងពីរបានឯកភាពគ្នាកំណត់នូវកាលបរិច្ឆេទ ក្នុងការពិភាក្សាបញ្ចប់លើអនុស្សារណៈយោគយល់ស្តីអំពីការតភ្ជាប់ផ្លូវដែក និងគម្រោងសាងសង់ស្ពានស្ទឹងបត់ ដែលនឹងប្រពឹត្តទៅនៅថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ២០១៧។ ឯកឧត្តមទាំងពីរក៏បានព្រមព្រៀងគ្នាក្នុងរៀបចំកិច្ចប្រជុំក្រុមការងារបច្ចេកទេស ដែលនឹងមានការចូលរួមពីសំណាក់ឯកឧត្តមរដ្ឋមន្ត្រីទាំងពីរ ក្នុងកិច្ចប្រជុំចុងក្រោយដើម្បីស្វែងរកដំណោះស្រាយចំពោះបញ្ហាចំបងនានាសម្រាប់ប្រទេសទាំងពីរ។ បន្ថែមពីនេះ ឯកឧត្តមទាំងពីរបានសម្រេចយកខែមករា ឆ្នាំ២០១៨ ជាកាលបរិច្ឆេទដើម្បីរៀបចំ ពិធីបើកការដ្ឋានសាងសង់ស្ពានស្ទឹងបត់ ពិធីប្រគល់រថភ្លើងឆ្លងកាត់ព្រំដែនកម្ពុជា-ថៃ (Diesel Multiple Unit-multiple-a unit of passenger train powered by on-board diesel engines) និងពិធីចុះអនុស្សារណៈយោគយល់ស្តីពីការតភ្ជាប់ផ្លូវដែក ដោយគ្រោងនឹងអញ្ជើញនាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរជាអធិបតីក្នុងកម្មវិធីខាងលើនេះ។