ទីក្រុង Guilin៖ ព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានអនុញ្ញាតជូន ឯកឧត្តម Gan Lin ប្រធានលេខាធិការបក្សមន្ទីរវប្បធម៌ ទេសចរណ៍ តំបន់ស្វយ័ត Guangxi Zhuang និងសហការី ព្រមទាំងមានការអញ្ជើញចូលរួមពីប្រធានសមាគមទេសចរណ៍វប្បធម៌ក្វាងស៊ី និងជានាយកប្រតិបត្តិនៃក្រុមហ៊ុនវិនិយោគទេសចរណ៍ Guilin Shenghui Group និងនាយកប្រតិបត្តិក្រុមហ៊ុនទេសចរណ៍អន្តរជាតិ Guilin Tianyuan ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសដែល ឯកឧត្តមរដ្ឋមន្រ្តី មកចូលរួមពិព័រណ៍ទេសចរណ៍ចិន-អាស៊ាន China-ASEAN EXPO Tourism Exhibition លើកទី១០ នៅទីក្រុង Guilin ខេត្ត Guangxi សាធារណរដ្ឋប្រជាមានិតចិន។
ក្នុងជំនួបពិភាក្សានេះគឺផ្តោតជាសំខាន់ទៅលើការជំរុញការផ្សព្វផ្សាយទេសចរណ៍របស់កម្ពុជាឱ្យបានទូលំទូលាយនៅទីក្រុងគួយលីន និងតំបន់ដទៃទៀតនៃខេត្តក្វាងស៊ី ប្រទេសចិន ដើម្បីកៀរគរទេសចរចិនមកកម្ពុជា។ ជាមួយគ្នានេះ, ឯកត្តមរដ្ឋមន្ត្រី ក៏ស្នើឱ្យមានការទប់ស្កាត់ការផ្សាយព័ត៌មានមិនពិតឬអវិជ្ជមានពីកម្ពុជា នៅក្នុងសហគមន៍ចិនផងដែរ។ បន្ថែមលើនេះ, ភាគីកម្ពុជា ស្វាគមន៍ចំពោះគំនិតផ្តួចផ្តើមរបស់ភាគីចិនលើកិច្ចសហប្រតិបត្តិការលើប្រព័ន្ធ Smart Tourism Platform ដែលនឹងតភ្ជាប់ជាមួយប្រទេសអាស៊ាន ដើម្បីសម្រួលការផ្តល់ព័ត៌មានដល់ទេសចរឱ្យបានកាន់តែប្រសើរ។
សម្រាប់ឆ្នាំ២០២៤ ដែលជា “ឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជន កម្ពុជា-ចិន ២០២៤”, ភាគីទាំងពីរមានជំនឿយ៉ាងមុតមាំក្នុងការជំរុញទេសចរបន្ថែមទៀត រវាងខេត្តក្វាងស៊ី ប្រទេសចិន និងប្រទេសកម្ពុជា ជាពិសេសការលើកទឹកចិត្តឱ្យទេសចរចូលរួមឱ្យបានច្រើនកុះករក្នុងព្រឹត្តការណ៍នានានៅខេត្តសៀមរាបនាពេលខាងមុខ មានជាអាទិ៍ ព្រឹត្តិការណ៍ពិព័រណ៍ម្ហូបអាហារ កម្ពុជា-ចិន និងព្រឹត្តិការណ៍ពិព័រណ៍ទេសចរណ៍ កម្ពុជា-ចិន។