សម្ដេចធិបតី ហ៊ុន ម៉ាណែត តែងលើកឡើងពីស្នាដៃកូនខ្មែរទៅកាន់ភ្ញៀវ ឬថ្នាក់ដឹកនាំបរទេស ពេលជួបសម្ដែងការគួរសមនៅវិមានសន្ដិភាព វិមានសន្ដិភាព កសាងដោយស្នាដៃកូនខ្មែរសុទ្ធសាធ


(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានលើកឡើងថា គ្រប់ពេលដែលសម្ដេចទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយភ្ញៀវ ថ្នាក់ដឹកនាំបរទេស នៅវិមានសន្ដិភាព តែងតែលើកឡើងអំពីអ្វីដែលជាស្នាដៃកូនខ្មែរដើម្បីបង្ហាញទៅកាន់បរទេស។ សម្ដេចបានគូសបញ្ជាក់ថា ទីតាំងអគារវិមានសន្ដិភាព ដែលប្រើប្រាស់សម្រាប់ជួបភ្ញៀវនេះ គឺកសាងដោយស្នាដៃកូនខ្មែរទាំងស្រុង មិនពឹងវិស្វករបរទេសឡើយ។

ការថ្លែងបែបនេះរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ធ្វើឡើងនៅព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ ក្នុងឱកាសអញ្ជើញជាអធិបតីភាព ប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច សរុបចំនួន៣,៥៣០នាក់ ក្នុងនោះនារី១,៨២២នាក់។ ពិធីនេះត្រូវបានរៀបចំធ្វើឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។

សម្ដេចធិបតីនាយករដ្ឋមន្ដ្រីនៃកម្ពុជា បានមានប្រសាសន៍យ៉ាងដូច្នេះថា «ពេលដែលខ្ញុំទទួលភ្ញៀវ ថ្នាក់ដឹកនាំបរទេស មិនថាកម្រិតណាទេ ជាច្រើនខ្ញុំតែងតែថា ស្វាគមន៍មកកាន់វិមានសន្តិភាព។ ហើយខ្ញុំតែងតែប្រាប់គាត់ពីលក្ខណៈពិសេសមួយ ដែលថានេះគឺជាវិមានរបស់រាជរដ្ឋាភិបាល ដែលមានកម្រិតធំ ឥឡូវមិនធំជាងគេទេ ប៉ុន្តែជាធំមួយដែលពេលកសាងនោះ កសាងដោយកូនខ្មែរទាំងស្រុង ដោយគ្មានពឹងវិស្វករមកពីប្រទេសណាទេម្ចាស់ការ»

បើតាមប្រសាសន៍របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត, នៅពេលបច្ចុប្បន្ននេះសមត្ថភាពកូនខ្មែរពិតជាអាចម្ចាស់ការដោយខ្លួនឯងបាន សូម្បីតែការកសាងស្ពាន ផ្លូវថ្នល់ អគារខ្ពស់ៗ វិស្វករក៏សុទ្ធតែជាកូនខ្មែរនោះដែរ។ មិនតែប៉ុណ្ណោះ សព្វថ្ងៃនេះកូនខ្មែរក៏អាចបង្កើតនូវកម្មវិធីកុំព្យូទ័របានដោយខ្លួនឯង ហើយក៏អាចផលិតកម្មវិធីផ្សេង និងធ្វើផែនការម្ចាស់ការ ទាំងនៅតាមស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ព្រមទាំងដឹកនាំអនុវត្តជាប្រចាំ។

សម្ដេចធិបតី ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានបន្ថែមទៀតថា អតីតកាលកម្ពុជាត្រូវការជំនាញការបរទេសជាច្រើន ដើម្បីមកជួយដឹកនាំ ឬមកផ្ដួចផ្ដើមគំនិតក្នុងការកសាងអ្វីមួយ ដែលការនោះមានទាំងជំនាញការរុស្ស៉ី វៀតណាមជាដើម។ សម្ដេចធិបតីបានរំលឹកថា សូម្បីតែសាស្ដ្រាចារ្យបង្រៀននៅតាមសាកលវិទ្យាល័យមួយចំនួន ក៏ជាជនជាតិបរទេសដែរ ប៉ុន្ដែក្រោយមកបានត្រឡប់ទៅវិញ ដោយសារមើលឃើញពីសមត្ថភាពរបស់សាស្ដ្រាចារ្យដែលជាជនជាតិខ្មែរ។

បន្ថែមពីនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានរំលឹកដល់ដំណាក់កាលនៃការប្រយុទ្ធប្រឆាំងជាមួយជំងឺកូវីដ១៩ ដែលនៅពេលនោះគ្រប់បណ្ដាប្រទេសនានានៅលើពិភពលោក គឺត្រូវម្ចាស់ការដោយខ្លួនឯងមិនអាចមានអ្នកណាជួយអ្នកណាបាននោះទេ ហើយពេលនោះកម្ពុជា ក៏មានសមត្ថភាពគ្រប់គ្រាន់ក្នុងការគ្រប់គ្រង និងប្រយុទ្ធប្រឆាំងជាមួយជំងឺនេះ ដោយវេជ្ជបណ្ឌិត គឺជាជនជាតិខ្មែរតែម្ដង៕