ខេត្តពោធិ៍សាត់ ត្រៀមរៀបចំព្រឹត្តិការណ៍ ពីធីប្រណាំងទូក «ង» ខ្នាតអន្តរជាតិ ជាលើកទី៥ រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី០៩-១០ ក្នុងខែវិច្ឆិកា ខាងមុខ


(ពោធិ៍សាត់)៖ ក្នុងឱកាសអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ទៅតាមទំនៀមទម្លាប់ប្រពៃណីខ្មែរយើង ដែលមានតាំងពីបុរាណកាលមក, រដ្ឋបាលខេត្តពោធិ៍សាត់ ក្រោមគំនិតផ្តួចផ្តើមរបស់លោក ខូយ រីដា អភិបាលខេត្ត បានរៀបចំព្រឹត្តិការណ៍ប្រណាំងទូក «ង» ខ្នាតអន្តរជាតិ ជាលើកទី៥ ដែលមានរយៈពេល២ថ្ងៃ ពោលគឺចាប់ពីថ្ងៃទី០៩-១០ ខែវិច្ឆិកា ឆ្នាំ២០២៤ខាងមុខ ដើម្បីជ្រើសរើសទូកដែលឈ្នះជ័យលាភី និងមានសមត្ថភាព ចូលរួមប្រកួតប្រជែកថ្នាក់ជាតិ និងដើម្បីបង្កលក្ខណៈឱ្យមានភាពសប្បាយរីករាយ ជូនដល់បងប្អូនពុកម៉ែប្រជាពលរដ្ឋមកពីគ្រប់ទិសទី ជាពិសេសភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចូលមកទស្សនាកម្សាន្តឱ្យបានច្រើនកុះករ ក្រោមម្លប់នៃសន្តិភាព។

ថ្លែងក្នុងឱកាសដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ សេចក្តីសម្រេចស្តីពីការបង្កើតគណៈកម្មការ និងអនុគណៈកម្មការខេត្ត រៀបចំព្រឹត្តិការណ៍ ពីធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នាព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤នេះ, លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ សូមឱ្យលោក លោកស្រី ដែលមានក្នុងសមាសភាព គណៈកម្មការ និងអនុគណៈកម្មការខេត្តទាំងអស់ ត្រូវអនុវត្តសេចក្តីសម្រេចឱ្យបានម៉ឺងម៉ាត់ និងមានប្រសិទ្ធភាពខ្ពស់ ដើម្បីបង្កភាពសប្បាយរីករាយ និងរក្សាបាននូវសន្តិសុខសុវត្ថិភាព ជូនបងប្អូនពុកម៉ែប្រជាពលរដ្ឋយើង។

យោងសេចក្តីសម្រេច របស់រដ្ឋបាលខេត្តពោធិ៍សាត់ លេខ១០០/២៤ សសរ.ខពស ចុះថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ ស្តីពីការបង្កើតគណៈកម្មការ និងអនុគណៈកម្មការខេត្ត រៀបចំព្រឹត្តិការណ៍ ពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ត្រូវបានបង្កើតគណៈកម្មការខេត្ត រៀបចំពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលមាន លោក ខូយ រីដា ជាប្រធាន និងមានអនុប្រធានអចិន្ត្រៃយ៍ អនុប្រធាន ព្រមទាំងសមាជិក សមាជិកា សរុបចំនួន៦៨នាក់។

គណៈកម្មការនេះ មានតួនាទីភារកិច្ច៖

ទី១៖ ដឹកនាំរៀបចំ និងទទួលខុសត្រូវរួម លើការងាររៀបចំពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ក្នុងខេត្តពោធិ៍សាត់ ឱ្យបានអធិកអធម ស្របតាមទំនៀមទម្លាប់ និងប្រពៃណីជាតិ។
ទី២៖ ផ្សព្វផ្សាយឱ្យបានទូលំទូលាយគ្រប់មធ្យោបាយ ដល់សាធារណជន អំពីការប្រារព្ធពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ក្នុងខេត្តពោធិ៍សាត់។
ទី៣៖ ធ្វើការណែនាំ និងបំផុសដល់មន្ទីរអង្គភាពជុំវិញខេត្ត រដ្ឋបាលក្រុងស្រុក និងមូលដ្ឋានដែលមានទូក ដាក់ពាក្យសុំចុះឈ្មោះចូលរួមប្រកួតប្រជែង ដើម្បីអបអរសាទរក្នុងពិធីបុណ្យប្រពៃណីជាតិ។
ទី៤៖ រៀបចំប្រទីប ដែលនឹងត្រូវបណ្តែតអបអរសាទរ នៅដងស្ទឹងពោធិ៍សាត់ ដើម្បីបង្ហាញពីភាពសប្បាយរីករាយ ក្នុងសុខសន្តិភាព និងការអភិវឌ្ឍ។
ទី៥៖ កំណត់ទីតាំងប្រារព្ធពិធីដោយរៀបចំវេទិកាកិត្តិយស នៅលើវេទិកាដែលមានស្រាប់ ជាប់មាត់ស្ទឹងពោធិ៍សាត់ និងលើបុរីវប្បធម៌កោះសំពៅមាស។
ទី៦៖ ចាត់តាំងឱ្យមានការរៀបចំ ការសម្តែងសិល្បៈ និងប្រគុំតន្ត្រីសម័យ ដល់មហាជន ពិសេសយុវជន យុវនារី ដើម្បីបង្កើត ឱ្យបាននូវបរិយាកាសរីករាយជូនប្រជាពលរដ្ឋ ដែលបានចូលរួមទស្សនាកម្សាន្ត។
ទី៧៖ រៀបចំពិព័រណ៌ពាណិជ្ជកម្ម និងពិព័រណ៌ភូមិមួយផលិតផលមួយ តាមមន្ទីរវិស័យសំខាន់ៗ និងក្រុងស្រុក។
ទី៨៖ រៀបចំផែនការការពារ របស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត និងចាត់តាំងអនុវត្ត ដើម្បីការពារសន្តិសុខ សុវត្ថិភាពភ្ញៀវជាតិ អន្តរជាតិ ក្នុងទូទាំងខេត្តឱ្យមានប្រសិទ្ធភាពខ្ពស់។
ទី៩៖ ធ្វើការកៀរគររកចំណូលសម្រាប់ផ្គត់ផ្គង់ដល់ពិធី។
ទី១០៖ រៀបចំតុបតែងលម្អភ្លើង សោភណភាព អនាម័យក្រុងឱ្យបានល្អប្រសើរ។

ជាមួយគ្នានោះ ត្រូវបានបង្កើតអនុគណៈកម្មការ ចំនួន០៦ ធ្វើជាសេនាធិការ ជូនគណៈកម្មការខេត្ត រៀបចំពិធីបុណ្យអុំទូក បណ្តែត ប្រទីប និងសំពះព្រះខែ អកអំបុក ក្នុងខេត្តពោធិ៍សាត់ រួមមាន៖

ទី១៖ អនុគណៈកម្មការរៀបចំទីកន្លែងប្រារព្ធពិធី និងពិព័រណ៍ (លោក ងួន ប៉ោសេង និងលោក ឡាយ វិសិដ្ឋ ជាសហប្រធាន)
ទី២៖ អនុគណៈកម្មការរៀបចំអុំទូក និងបច្ចេកទេស (លោក លឹម សុខតូ និងលោក ហេង សុភាណា ជាសហប្រធាន)
ទី៣៖ អនុគណៈកម្មការរៀបចំបណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក (លោកស្រី ប៉ុក ណាឌី និងលោក រុន សារី ជាសហប្រធាន)
ទី៤៖ អនុគណៈកម្មការតុបតែងលម្អភ្លើង សោភណភាព អនាម័យ (លោក សាយ សុជាតិ និងលោក ហៀម ឃួន ជាសហប្រធាន)
ទី៥៖ អនុគណៈកម្មការសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងជួយសង្គ្រោះ (លោក ពៅ ពិសិដ្ឋ ជាប្រធាន)
ទី៦៖ អនុគណៈកម្មការចំណូល ចំណាយ (លោកគិត សុផា ជាប្រធាន)៕