(ប៉េកាំង, ចិន)៖ នាព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ ក្នុងឱកាសដឹកនាំគណៈប្រតិភូចូលរួមវេទិកាសកលស្តីពីការដឹកជញ្ជូន ប្រកបដោយនិរន្តភាពនៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានជួបប្រជុំទ្វេរភាគីជាមួយសមភាគីឯកឧត្តម Li Xiaopeng រដ្ឋមន្រ្តីក្រសួងដឹកជញ្ជូននៃសាធារណរដ្ឋប្រជាមានិតចិន នៅទីស្តីការក្រសួងដឹកជញ្ជូនចិន ដើម្បីរឹតចំណងមិត្តភាព និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងក្រសួងទាំងពីរ។
នាឱកាសនោះឯកឧត្តម ប៉េង ពោធិ៍នា បានលើកឡើងពីចំណងមិត្តភាពត្បូងពេជ្ររវាងប្រទេសទាំងពីរ និងតួនាទីដ៏សំខាន់របស់ប្រទេសចិនក្នុងការវិនិយោគ ការផ្លាស់ប្តូរពាណិជ្ជកម្ម និងការផ្តល់ហិរញ្ញប្បទានសម្រាប់ការអភិវឌ្ឍនៅប្រទេសកម្ពុជា។ ឯកឧត្តមក៏បានស្នើឱ្យភាគីចិនបន្តជួយគាំទ្រ និងកសាងហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជាឱ្យមានភាពធន់ទៅនឹងបម្រែបម្រួលអាកាសធាតុ។
ឯកឧត្តម Li Xiaopeng បានវាយតម្លៃខ្ពស់ចំពោះចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អរវាងក្រសួងទាំងពីរនាពេលកន្លងមក និងសន្យាបន្តឱ្យកាន់តែប្រសើរឡើងនាពេលអនាគត។
នាឱកាសនៃជំនួបនោះ ថ្នាក់ដឹកនាំនៃក្រសួងទាំងពីរ បានឯកភាពគ្នាបង្កើតក្រុមការងារសម្រាប់ពិនិត្យឡើងវិញលើអនុស្សារណៈយោគយល់ រវាងក្រសួងទាំងពីរ ដែលបានចុះហត្ថលេខា កាលពីឆ្នាំ២០១៧ ក្នុងគោលដៅពង្រីកកិច្ចសហប្រតិបត្តិការ វិស័យសាធារណការ និងដឹកជញ្ជូន ឱ្យកាន់តែរីកចម្រើន និងគ្រប់ជ្រុងជ្រោយស្របតាមការអភិវឌ្ឍនាពេលបច្ចុប្បន្ន៕