ឯកឧត្តមបណ្ឌិត លី ធុជ លើកឡើងថា សហភាពអឺរ៉ុបចង់ឱ្យប្រទេសដទៃទៀត ធ្វើបានល្អដូចកម្ពុជាសម្រាប់វិស័យសកម្មភាពមីន


សហភាពអឺរ៉ុបចង់ឱ្យប្រទេសដទៃទៀតធ្វើបានល្អដូចកម្ពុជា សម្រាប់វិស័យសកម្មភាពមីន។ នេះជាការលើកឡើងរបស់លោកជំទាវ Lotte Knudsen ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំនៅអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ ក្នុងជំនួបទ្វេភាគីជាមួយឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី អនុប្រធានទី១ អាជ្ញាធរមីន និងជាប្រធានអនុសញ្ញាអូតាវ៉ា២០២៤ កាលពីរសៀលថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤ នៅទីក្រុងហ្សឺណែវ ដោយមានការអញ្ជើញចូលរួមពីព្រះអង្គម្ចាស់ Mired Raad Zeid Al-Hussein ប្រេសិតពិសេសនៃអនុសញ្ញាហាមប្រាមការប្រើប្រាស់គ្រាប់មីនប្រឆាំងមនុស្សផងដែរ។

ក្នុងជំនួបនោះ ឯកឧត្តមបណ្ឌិត លី ធុជ បានគូសបញ្ជាក់អំពីកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងនាមជាប្រធានអនុសញ្ញាអូតាវ៉ា ក្នុងនោះដូចជាសកម្មភាពនៃការកៀរគររដ្ឋមិនមែនភាគីឱ្យចូលរួមជារដ្ឋភាគីអនុសញ្ញាអូតាវ៉ា ការស្វែងរកការបោះឆ្នោតគាំទ្រដល់សេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិ និងការគាំទ្ររបស់បុរីវ៉ាទីកង់សម្រាប់កិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ជាដើម និងបានស្នើសុំឱ្យសហភាពអឺរ៉ុបបន្តលើកទឹកចិត្តបណ្តាប្រទេសមួយចំនួនដែលមិនទាន់ក្លាយជារដ្ឋភាគី ឱ្យពិចារណាចូលរួមជារដ្ឋភាគីអនុសញ្ញាអូតាវ៉ា។

ទន្ទឹមនឹងនេះ លោកជំទាវ Lotte Knudsen ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប បានអរគុណចំពោះភាពជាប្រធានរបស់កម្ពុជា និងធ្វើជាម្ចាស់រៀបចំកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥នៃអនុសញ្ញាអូតាវ៉ា។ សហភាពអឺរ៉ុបនឹងបន្តគាំទ្រដល់ការធ្វើសកលភាវូបនីយកម្មមិនត្រឹមតែរក្សាទុកនូវប្រទេសជារដ្ឋភាគីទាំង១៦៤ ប៉ុណ្ណោះទេ ថែមទាំងលើកទឹកចិត្តដល់ប្រទេសដទៃទៀតដែលមិនទាន់ក្លាយជារដ្ឋភាគីឱ្យពិចារណាចូលរួមជារដ្ឋភាគីអនុសញ្ញាអូតាវ៉ាផងដែរ។​

លោកជំទាវឯកអគ្គរដ្ឋទូតបានគូសបញ្ជាក់ទៀតថា សហភាពអឺរ៉ុបមិនត្រឹមតែគាំទ្រជាហរិញ្ញវត្ថុសម្រាប់អនុសញ្ញាអូតាវ៉ាប៉ុណ្ណោះទេ ថែមទាំងផ្តល់ការគាំទ្រដល់វគ្គបណ្តុះបណ្តាលសម្រាប់វិស័យសកម្មភាពមីនផងដែរ ហើយចង់ឱ្យប្រទេសដទៃទៀតធ្វើបានល្អ ដូចកម្ពុជាលើវិស័យសកម្មភាពមីនគ្រប់រូបភាព៕