ឯកឧត្តម ឱក ប៊ុង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានទទួលជួបពិភាក្សាការងារជាមួយក្រុមការងារកម្មវិធីត្រួតពិនិត្យការនាំចេញ និងសន្តិសុខព្រំដែនពាក់ព័ន្ធ (Export Control and Related Border Security – EXBS) សហរដ្ឋអាម៉េរិក ដឹកនាំដោយ Mr. Lewis Pyrtle ទីប្រឹក្សាថ្នាក់តំបន់នៃ EXBS។
ជំនួបនេះ បានធ្វើឡើងកាលពីសៀលថៃ្ងអង្គារ ទី២២ ខែតុលា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងពាណិជ្ជកម្ម។
ឯកឧត្តមរដ្ឋលេខាធិការ បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងកម្ពុជា-សហរដ្ឋអាម៉េរិក ដែលបានរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ច-សង្គមកម្ពុជា នាពេលកន្លងមក និងបានគូសបញ្ជាក់ថា សហរដ្ឋអាម៉េរិកនៅតែជាដៃគូពាណិជ្ជកម្មដ៏សំខាន់របស់កម្ពុជា។
ភាគីទាំងពីរបានពិភាក្សា និងផ្លាស់ប្តូរយោបល់លើភាពចាំបាច់នៃការបង្កើតប្រព័ន្ធគ្រប់គ្រងពាណិជ្ជកម្មយុទ្ធសាស្រ្ត (Strategic Trade Management – STM) និងការធ្វើនិយត្តកម្មពាណិជ្ជកម្ម ជាពិសេស ការត្រួតពិនិត្យការនាំចេញនូវទំនិញយុទ្ធសាស្រ្ត និងបានចែករំលែកនូវបទពិសោធន៍ ព្រមទាំងឧត្តមានុវត្តន៍ពាក់ព័ន្ធនឹងការងារគ្រប់គ្រងពាណិជ្ជកម្មយុទ្ធសាស្រ្តក្នុងបរិបទកម្ពុជា និងតំបន់។
ឯកឧត្តមរដ្ឋលេខាធិការ បានថ្លែងអំណរគុណចំពោះក្រុមការងារ EXBS សហរដ្ឋអាម៉េរិក ដែលបានចំណាយពេលវេលាដ៏មានតម្លៃមកជួបពិភាក្សាការងារ៕

.j.jpg)


.j.jpg)
