កាលពីថ្ងៃទី២៣ខែឧសភាឆ្នាំ១៩៩៣ ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសបានកាន់កាតនៅនឹងដៃហើយឈរតម្រងជួរនៅតាមមណ្ឌលបោះឆ្នោត។ នេះគឺជាការបោះឆ្នោតដែលរៀបចំឡើងដោយអាជ្ញាធរអន្តរកាលសហប្រជាជាតិនៅកម្ពុជា ហៅកាត់ថា អ៊ុនតាក់។ប្រជាពលរដ្ឋខ្មែរបានមកបំពេញកាតព្វកិច្ចនេះដោយរីករាយសប្បាយចិត្តគឺដោយសារតែចង់បញ្ឈប់សង្រ្គាម មិនចង់ឃើញការបង្ហូរឈាមខ្មែរនិងខ្មែរ និងមិនចង់ឃើញការព្រាត់ប្រាស់គ្រួសារបងប្អូន។
ជួនពេលនៅព្រឹកថ្ងៃទី២៣ខែតុលាឆ្នាំ២០២៤នេះ មានការបង្ហោះតាមបណ្តាញសង្គមដោយសម្តេចតេជោហ៊ុនសែន ដោយបានរំលឹកថា រហូតមកដល់ពេលនេះ រយៈពេល៣៣ឆ្នាំបានកន្លងផុតហើយ ដែលកម្ពុជាមានកិច្ចព្រមព្រៀងនៃទីក្រុងប៉ារីសថ្ងៃទី២៣តុលា ដើម្បីបញ្ចប់សង្រ្គាមស៊ីវិលនៅកម្ពុជា។
ប៉ុន្តែបើយើងរំលឹកឡើងវិញ ទើបយើងដឹងថាទំរាំទទួលបានកិច្ចព្រមព្រៀងសន្តិភាពនៃទីក្រុងប៉ារីសថ្ងៃទី២៣តុលានេះ យកមកកាន់នៅនឹងដៃគឺមិនមែនជាការងាយស្រួលនោះទេដោយបានចំណាយពេលវេលា៤ឆ្នាំ ធ្វើដំណើរលើផ្លូវដ៏រលាក់ ឧបស័គ្គច្រើននិងស្មុគស្មាញ លេចឡើងនូវបញ្ហាតម្រូវអោយដោះស្រាយមិនចេះចប់មិនចេះហើយ ។
ភាគីសម្តេចតេជោ ហ៊ុន សែន បានជួបពិភាក្សាដំបូងបំផុតជាមួយអតីតព្រះមហាក្សត្រខ្មែរ សម្តេចព្រះ នរោត្តម សីហនុ តាំងពីនៅថ្ងៃទី ២ ខែធ្នូ ឆ្នាំ ១៩៨៧ នៅប្រទេសបារាំង ហើយក្រោយមកជំនួបចរចា សីហនុ-ហ៊ុន សែន នៅថ្ងៃទី ២០-២១ ខែមករា ឆ្នាំ ១៩៨៨ ទៀតដែលជំនួបបានរៀបចំឡើងនៅប្រទេសជាច្រើនទៀតផង។
ដោយសារតែក្នុងកិច្ចចរចារមានភាគីចូលរួមរហូតដល់ទៅ៤ហើយចុងក្រោយភាគីខ្មែរក្រហមប្រកាសដកខ្លួនមិនចូលរួមដោះស្រាយសន្តិភាពដោយការបោះឆ្នោតទៀត ហើយអនុវត្តតាមរបៀបចរចារផងវាយផងដោយប្រើប្រាស់ទ័ពព្រៃឆក់ប្លន់ទ្រព្យសម្បត្តិ និងបំផ្លាញសេចក្តីសុខរបស់ប្រជាពលរដ្ឋនៅតាមតំបន់ដាច់ស្រយាល ដែលបង្ខំអោយសមមិត្តហ៊ុនសែន ដែលកាលនោះជានាយករដ្ឋមន្ត្រីត្រូវបំពេញការងារដៃម្ខាងទប់ទល់កម្លាំងខ្មែរក្រហម ដៃម្ខាងចរចារនៅក្រៅប្រទេស។សមមិត្ត ហ៊ុន សែនកាលនោះបានលៈបង់កម្លាំងចិត្តកាយនិងពេលវេលាព្រមទាំងបានធ្វើសម្បទានគ្រប់បែបយ៉ាងនៅក្នុងកិច្ចចរចារនេះដើម្បីសម្រេចគោលដៅបញ្ចប់សង្រ្គាមនៅកម្ពុជាជូនប្រជាពលរដ្ឋខ្មែរ។
នៅទីបំផុតកម្ពុជាទទួលបានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ហើយចាប់ដំណើរការដកកងទ័ពវៀតណាមចេញពីកម្ពុជានិងរៀបចំការបោះឆ្នោតសកល នីតិកាលទី១ ឆ្នាំ១៩៩៣ ដែលតំណាងរាស្ត្រជាប់ឆ្នោតមកពីពហុបក្សរួមមាន៖ គណបក្សហ៊្វុនស៊ិនប៉ិច គណបក្សប្រជាជនកម្ពុជានិងគណបក្សប្រជាធិបតេយ្យ សេរីនិយម ព្រះពុទ្ធសាសនា ដែលបានបង្កើតបានរដ្ឋធម្មនុញ្ញថ្មីមួយ ដែលយោងតាមខ្លឹមសារនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។
បណ្តាចំណុចសំខាន់ៗ នៃកិច្ចព្រមព្រៀងត្រូវដាក់បញ្ចូលទៅក្នុងខ្លឹមសារ នៃរដ្ឋធម្មនុញ្ញកម្ពុជាឆ្នាំ១៩៩៣ ដូចជារបបនយោបាយប្រជាធិបតេយ្យ សេរីពហុបក្ស កើតឡើងដោយការបោះឆ្នោត របបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ ការបែងចែកអំណាចដាច់ពីគ្នារវាងអំណាចនីតិប្បញ្ញត្តិ នីតិប្រតិបត្តិនិងតុលាការ ធានាការគោរពធម្មនុញ្ញអង្គការសហប្រជាជាតិ និងកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិមនុស្ស សិទ្ធិកុមារ និងសិទ្ធិស្រ្តីជាដើម។
កិច្ចព្រមព្រៀងក្រុងប៉ារីស គឺជារបត់ដ៏សំខាន់ និងវិជ្ជមានមួយក្នុងប្រវត្តិសាស្ត្ររបស់កម្ពុជា។ វត្តមាននៃកិច្ចព្រមព្រៀងនេះបានភ្ជាប់ទំនាក់ទំនងប្រទេសកម្ពុជាទៅជាមួយសហគមន៍អន្តរជាតិសាឡើងវិញ និងក៏ជាលើកដំបូងដែលអាសនៈកម្ពុជានៅអង្គការសហប្រជាជាតិ ដែលក្រុមខ្មែរក្រហមធ្លាប់តែបានកាន់កាប់រយៈពេលជាង១០ឆ្នាំរួចមកនោះ ត្រូវបានផ្តល់មកឱ្យតំណាងកម្ពុជា ធ្វើការគ្រប់គ្រងវិញផងដែរ។ ទណ្ឌកម្មសេដ្ឋកិច្ចរយៈពេល១២ឆ្នាំ ដែលសហគមន៍អន្តរជាតិបានដាក់មកលើប្រជាជនកម្ពុជា ក៏ត្រូវបានបញ្ចប់ជាស្ថាពរ បន្ទាប់ពីកម្ពុជា មានកិច្ចព្រមព្រៀងថ្ងៃទី២៣ តុលានោះមក។
កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៦ នៅក្នុងពិធីដាក់ឱ្យដំណើរការមន្ទីរពេទ្យជប៉ុន សាន់រាយស៍ នៅខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ សម្តេចតេជោហ៊ុន សែន បានបកស្រាយជាលើកដំបូងអំពីប្រសិទ្ធភាពនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ដែលសម្តេច និងសម្តេចព្រះនរោត្តមសីហនុ ខិតខំខ្នះខ្នែងស្វះស្វែងរហូតចេញជាលទ្ធផលបោះឆ្នោតអ៊ុនតាក់នោះ ថាបានស្លាប់ទៅជាសាកសពទៅហើយ ព្រោះធាតុសំខាន់ៗ នៃកិច្ចព្រមព្រៀងបានដាក់បញ្ចូលទៅក្នុងរដ្ឋធម្មនុញ្ញកម្ពុជា ឆ្នាំ១៩៩៣ អស់ហើយដែរ។
កាលពីថ្ងៃទី ២៤ខែកញ្ញា ឆ្នាំ២០២៤ថ្មីៗនេះ រដ្ឋាភិបាលបានសម្ពោធវិមានរដ្ឋធម្មនុញ្ញ មួយនៅខាងលិចវិមានឯករាជ្យរាជធានីភ្នំពេញហើយតំកល់សៀវភៅរដ្ឋធម្មនុញ្ញ ទុកជាវិមានអនុស្សាវរីយ៍និងជានិមិត្តរូបនៃរដ្ឋធម្មនុញ្ញកម្ពុជាដែលបានកើតចេញពីកិច្ចព្រមព្រៀងទីក្រុងប៉ារីសផងនោះដូចនេះហើយបានជាទិវារដ្ឋធម្មនុញ្ញ២៤ខែកញ្ញានេះត្រូវបានចាត់ទុកជាទិវាបុណ្យជាតិរបស់កម្ពុជាទាំងមូល៕
.j.jpg)
