រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំមន្ត្រីជំនាញ ចុះពិនិត្យស្ថានភាពផ្លូវ ២ខ្សែ និងទីតាំងស្ពាន ១កន្លែង នៅស្រុកកូនមុំ និងស្រុកលំផាត់ ខេត្តរតនគិរី


(រតនគិរី)៖ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ រួមដំណើរដោយថ្នាក់ដឹកនាំក្រសួង និងមន្រ្តីបច្ចេកទេស លោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី ព្រមទាំងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ នាព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤នេះ បានចុះពិនិត្យស្ថានភាពផ្លូវចំនួន ២ខ្សែ និងទីតាំងសង់ស្ពាន១ នៅស្រុកកូនមុំ និងស្រុកលំផាត់ ខេត្តរតនគិរី។

*ខ្សែទី១៖ ឈ្មោះ កញ្ចាញ-ចាអុង-ហាត់ប៉ក (RK-3) គ្រោងសាងសង់ជាផ្លូវក្រាលកៅស៊ូ ២ជាន់ ប្រវែងសរុប ៣៨,៦០គីឡូម៉ែត្រ ក្នុងនោះប្រវែងក្រសួងបានដាក់បញ្ចូលក្នុងគម្រោងស្ដារបន្ទាន់របស់មន្ទីរ ប្រវែង ៧គីឡូម៉ែត្រ ស្ថិតក្នុងឃុំត្រពាំងច្រេស ដល់ឃុំសេរីមង្គល ស្រុកកូនមុំ ខេត្តរតនគិរី ។ ខ្សែផ្លូវនេះត្រូវបានក្រសួងដាក់ជួសជុលជាផ្លូវល្បាយក្រួសប្រវែង ៧គីឡូម៉ែត្រ និងឱ្យមន្ទីអភិវឌ្ឍន៍ជនបទខេត្តរតនគិ រីជួសជុលលក្ខណៈបន្ទាន់ជាផ្លូវល្បាយក្រួស ប្រវែង ៣គីឡូម៉ែត្រ ជូនប្រជាពលរដ្ឋប្រើប្រាស់មុននឹងលើកកម្រិតផ្លូវនេះជាផ្លូវក្រាលកៅស៊ូ២ជាន់ DBST ក្នុងក្របខណ្ឌគម្រោង NRCIP ។

*ខ្សែទី២៖ គម្រោងស្ថាបនា ផ្លូវដីល្បាយក្រួសប្រវែង ៩ គីឡូម៉ែត្រ និងបានពិនិត្យការដ្ឋានសាងសង់ទំនប់បង្ហៀរ ១កន្លែងមានប្រវែង ៦០ម៉ែត្រ ទទឹង ៧ម៉ែត្រ ស្ថិតក្នុងឃុំបាតាង ស្រុកលំផាត់ ខេត្តរតនគិរីក្នុងគម្រោងទឹកជំនន់។

បន្ទាប់ពីចុះពិនិត្យផ្លូវទាំង ២ខ្សែនោះរួច ឯកឧត្តមរដ្ឋមន្រ្ដី រួមដំណើរដោយឯកឧត្តម ញ៉ែម សំអឿន និង ឯកឧត្តមនាយឧត្ដមសេនីយ៍ ខេង សុមេធ អគ្គស្នងការរងនគរបាលជាតិ និងជាមេបញ្ជាការកងវិស្វកម្មតេជោ ហ៊ុន សែន សៀមរាប ព្រមទាំងប្រតិភូបានចុះពិនិត្យទីតាំងសាងសង់ស្ពាន ១កន្លែងឆ្លងកាត់ អូរទទឹង មានប្រវែង ៣៦ម៉ែត្រ ស្តិតនៅភូមិសាមខា ឃុំជ័យឧត្តម ស្រុកលំផាត់ ។

បច្ចុប្បន្នទីតាំងនេះមិនទាន់មានស្ពានឆ្លងកាត់នៅឡើយ ដោយប្រជាពលរដ្ឋត្រូវប្រើប្រាស់ទូកដើម្បីចម្លង។ ក្នុងឱកាសចុះត្រួតពិនិត្យនេះ ឯកឧត្តមរដ្ឋមន្ត្រីបានណែនាំ ឲ្យមន្ទីអភិវឌ្ឍន៍ជនបទខេត្តរតនគិរី ពិនិត្យលទ្ធភាពក្នុងការសាងសង់ស្ពានដែក(បាឡេ) បណ្តោះអាសន្នសម្រាប់សម្រួលដល់ការធ្វើដំណើរបស់ប្រជាពលរដ្ឋទៅមក។

សូមបញ្ជាក់ផងដែរថា ការអញ្ជើញទៅពិនិត្យស្ថានភាពផ្លូវខ្សែទី១ និងទីតាំងសាងសង់ស្ពាន១កន្លែងខាងលើនេះ ដើម្បីឆ្លើយតបតាមសំណូមពរនិងសេចក្ដីត្រូវការជាចាំបាច់របស់អាជ្ញាធរ​ក៏ដូចជាប្រជាពលរដ្ឋនៅតំបន់នោះផងដែរ៕