រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញទៅពិនិត្យការដ្ឋានស្ថានភាពផ្លូវ និងស្ថានភាពផ្លូវនៅស្រុកកោះញែក


(មណ្ឌលគិរី)៖ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ រួមដំណើរដោយ ថ្នាក់ដឹកនាំក្រសួង និងមន្រ្តីបច្ចេកទេស នារសៀលថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ បានអញ្ជើញទៅពិនិត្យការដ្ឋានស្ថាបភាពផ្លូវ និងស្ថានភាពផ្លូវ២ខ្សែ នៅស្រុកកោះញែក ខេត្តមណ្ឌលគិរី។

ខ្សែទី១៖ ការដ្ឋានស្ថាបនាផ្លូវល្បាយថ្មភ្នំប្រវែង១០គីឡូម៉ែត្រ តភ្ជាប់ពីផ្លូវជាតិលេខ៧៦ ត្រង់ចំណុចភូមិរង្សី ឃុំស្រែសង្គម ទៅភូមិអបួន ឃុំអបួនលើ ស្រុកកោះញែក ខេត្តមណ្ឌលគិរី ជាគម្រោងទឹកជំនន់។ ផ្លូវនេះបានចាប់ផ្ដើមស្ថាបនាកាលពីខែមិថុនា ឆ្នាំ២០២៤ លទ្ធផលសម្រេចបាន៥៣% គ្រោងនឹងបញ្ចប់នៅខែវិច្ឆិកាឆ្នាំនេះ។ ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្ដីបានណែនាំឱ្យមន្រ្ដីបច្ចេកទេសប្រចាំការនៅការដ្ឋានត្រួតពិនិត្យលើបច្ចេកទេសនៃការស្ថាបនា អនុវត្តឱ្យបានខ្ជាប់ខ្ជួនតាមគំនូសប្លង់ដើម្បីធានាបានទាំងបរិមាណ និងគុណភាព។

ខ្សែទី២៖ ជាប្រភេទផ្លូវល្បាលក្រួសមានស្ថានភាពទ្រុឌទ្រោម ប្រវែង៧គីឡូម៉ែត្រ តភ្ជាប់ពីភូមិស្រែសង្គម ទៅដល់ភូមិអន្រ្ដេះ ឃុំអបួនលើ ស្រុកកោះញែក។ ផ្លូវនេះនឹងធ្វើការស្ថាបនាដោយក្រាលកៅស៊ូពីរប្រភេទ DBST ក្នុងផែនការ៣ឆ្នាំ (២០២៥-២០២៧ របស់ក្រសួងអភិវឌ្ឍន៍ជនបទ។

បន្ទាប់មក ឯកឧត្តមរដ្ឋមន្រ្ដីនិងប្រតិភូរួមដំណើរ បានទៅពិនិត្យស្ពានអូរច្បារប្រវែង៧៥ម៉ែត្រ ស្ថិតនៅក្នុងភូមិអបួន ឃុំអបួនលើ ស្រុកកោះញែក ដែលសាងសង់ដោយក្រសួងអភិវឌ្ឍន៍ជនបទ កាលពីឆ្នាំ២០១១៕