សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ផ្ញើសារលិខិតចូលរួមរំលែកមរណទុក្ខ ចំពោះមរណភាពរបស់ ឯកឧត្តម ជា ចាន់តូ តំណាងរាស្រ្តមណ្ឌលខេត្តកំពង់ធំ និងជាទេសាភិបាលកិត្តិយសធនាគារជាតិនៃកម្ពុជា


សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤នេះ បានផ្ញើសារលិខិតចូលរួមរំលែកមរណទុក្ខ ចំពោះមរណភាពរបស់ ឯកឧត្តម ជា ចាន់តូ តំណាងរាស្រ្តមណ្ឌលខេត្តកំពង់ធំ និងជាទេសាភិបាលកិត្តិយសធនាគារជាតិនៃកម្ពុជា ដែលបានទទួលមរណភាពនៅថ្ងៃសុក្រ ៨រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង ១០៖៣៥ នាទីព្រឹក ក្នុងជន្មាយុ ៧៣ឆ្នាំ ដោយរោគាពាធ។

តាមរយៈសារលិខិតរំលែកមរណៈទុក្ខ សម្តេចរដ្ឋសភាធិបតី បានគូសបញ្ជាក់ថា៖ «ខ្ញុំ ពិតជាមានសេចក្ដីក្ដុកក្ដួលរំជួលចិត្ត និងសោកស្តាយឥតឧបមា ដោយបានទទួលដំណឹងថា ឯកឧត្តម ជា ចាន់តុ សមាជិករដ្ឋសភានិងជាទេសាភិបាលកិត្តិយសធនាគារជាតិនៃកម្ពុជាបានទទួលមរណភាពនៅថ្ងៃសុក្រ ៨រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង ១០៖៣៥ នាទីព្រឹក ក្នុងជន្មាយុ ៧៣ឆ្នាំ ដោយរោគាពាធ។ »

សម្តេចប្រធានរដ្ឋសភាបានបន្តថា ក្នុងវេលាប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំនេះ សម្តេចរដ្ឋសភាធិបតី សូមចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារសព ឯកឧត្តម ជា ចាន់តូនិងសូមសម្តែង នូវសេចក្តីសង្វេគប្រកបដោយអនិច្ចលក្ខណធម៌ដ៏ជ្រាលជ្រៅបំផុត ព្រោះការបាត់បង់ ឯកឧត្តម ជា ចាន់តូ គឺជាការបាត់បង់ស្វាមី ដែលប្រកបដោយសង្គហធម៌ដ៏ឧត្តុង្គ ឧត្តមចំពោះភរិយា និងជាការបាត់បង់ឪពុក ជីតា ប្រកបដោយព្រហ្មវិហារធម៌ចំពោះបុត្រាបុត្រី ចៅៗ រួមនឹងញាតិ មិត្តជិតឆ្ងាយទាំងអស់ ពិសេស ជាការបាត់បង់ឥស្សរជនកម្ពុជាដ៏ឆ្នើមមួយរូបដែលគួរឱ្យគោរពស្ញប់ស្ញែងបំផុត។

សម្តេចបានបញ្ជាក់បន្ថែមថា៖ «តាំងពីអតីតកាលរហូតរៀងមក ឯកឧត្តម តែងបានបូជានូវកម្លាំងកាយ កម្លាំងប្រាជ្ញាស្មារតី និងការធ្វើពលិកម្ម គ្រប់បែបយ៉ាង ដើម្បីប្រទេសជាតិ និងប្រជាពលរដ្ឋ»

សូមគោរពឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ ឯកឧត្តម ជា ចាន់តូ សូមឆាប់បានយោនយកកំណើតក្នុងសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕