រដ្ឋមន្ត្រី ប៉េង ពោធិ៍នា ស្នើឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ជួយជំរុញដល់ក្រុមហ៊ុនវិនិយោគចិនឱ្យមកបន្តបណ្តាក់ទុនលើគម្រោងវិនិយោគធំៗបន្ថែមទៀតនៅកម្ពុជា


ឆ្លៀតក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួប២ឆ្នាំ នៃការបើកឱ្យប្រើប្រាស់ជាផ្លូវការ ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ, ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានស្នើសុំការគាំទ្រពីលោកឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ជួយជំរុញលើកទឹកចិត្តដល់ក្រុមហ៊ុនវិនិយោគចិនឱ្យមកបន្តបណ្តាក់ទុនលើគម្រោងវិនិយោគធំៗនៅកម្ពុជាបន្ថែមទៀត ដើម្បីរួមចំណែក​ដល់ការអភិវឌ្ឍ និងការរីកចម្រើនបន្ថែមទៀតរបស់កម្ពុជា។

ពិធីអបអរសាទរខួប២ឆ្នាំនៃការបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ បានធ្វើឡើងនាថ្ងៃទី០១ ខែតុលា វិច្ឆិកា ឆ្នាំ២០២៤នេះ ដោយមានការចូលរួមជាសហអធិបតីពីលោក វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា និងមានការចូលរួមពីលោក យ៉ាង ជៀ (Yang Jie) នាយកសាខាក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិនប្រចាំកម្ពុជា (CRBC) និងជាប្រធានក្រុមហ៊ុន Cambodian PPSHV Expressway Co., Ltd. និងមានការចូលរួមលោក លោកស្រី ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិជាច្រើនរូបទៀត។

នាឱកាសនោះដែរ ឯកឧត្តម ប៉េង ពោធិ៍នា បានឱ្យដឹងដែរថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយ ឈ្លាសវៃ និងប៉ិនប្រសប់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅតែបន្តចាត់ទុកវិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវ-ស្ពាន ជាអាទិភាពមួយក្នុងចំណោមអាទិ៍ភាពគន្លឹះចំនួន ៥ រួមមាន «មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា» ដូចមានកំណត់នៅ​ក្នុងយុទ្ធសាស្ត្រ បញ្ចកោណ-ដំណាក់កាលទី១ ដែលជាសរសៃឈាមក្នុងការរួមចំណែកលើកកម្ពស់សេដ្ឋកិច្ច និងការតភ្ជាប់ប្រទាក់ក្រឡាផ្ទៃក្នុងប្រទេស និងក្នុងតំបន់។

ក្នុងនោះរាជរដ្ឋាភិបាលដែលមានក្រសួងសាធារណការជាសេនាធិការ នៅតែបន្តខិតខំប្រឹងប្រែងអភិវឌ្ឍន៍និងធ្វើពិពិធកម្មហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងការតភ្ជាប់ឱ្យកាន់តែ ប្រសើរឡើងថែមទៀតដោយមិនអាច​បញ្ឈប់​ការសាងសង់ត្រឹមផ្លូវល្បឿនលឿនភ្នំពេញ- ក្រុងព្រះសីហនុនោះទេ គឺមានគម្រោងវិនិយោគធំៗបន្ថែមទៀតដូចជា៖ ផ្លូវល្បឿនលឿនទី២ ភ្នំពេញ-ក្រុងបាវិត ដែលបានប្រកាស​បើកការដ្ឋានសាងសង់ កាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣កន្លងទៅ, ផ្លូវល្បឿនលឿនទី៣ ភ្នំពេញ-សៀមរាប-ប៉ោយប៉ែត ដែលកំពុងស្ថិតនៅក្នុងដំណាក់កាលសិក្សាសមិទ្ធិលទ្ធភាព, គម្រោងសាងសង់និងលើកកម្រិតគុណភាពបណ្តាញ ហេដ្ឋារចនាសម្ព័ន្ធផ្លូវ-ស្ពានមួយចំនួន, គម្រោងព្រែកជីកហ្វូណនតេជោ, គម្រោងអភិវឌ្ឍប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់, គម្រោងពង្រីកសមត្ថភាពកំពង់ផែ និងគម្រោងអភិវឌ្ឍន៍និងធ្វើឱ្យប្រសើរឡើងបណ្តាញ​ផ្លូវដែកនៅកម្ពុជា។

ស្របជាមួយគ្នានោះ ឯកឧត្តម ប៉េង ពោធិ៍នា បានឱ្យដឹងទៀតថា រដ្ឋាភិបាលចិនក៏បាននិងកំពុងចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការជំរុញអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១និងគោល​នយោបាយអាទិភាពនានា ដើម្បីជួយដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៅកម្ពុជាផងដែរ ដោយគិតមកដល់បច្ចុប្បន្ននេះ រដ្ឋាភិបាលចិនបានរួមចំណែកជួយដល់កម្ពុជាក្នុងការកសាង និងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ-ស្ពានសរុបប្រមាណជាង ៣ពាន់លានដុល្លារអាម៉េរិក និងសាងសង់ខ្សែផ្លូវប្រវែងសរុប ប្រមាណជិត ៤ពាន់គីឡូម៉ែត្រ រួមទាំងស្ពានធំៗសរុបប្រមាណ ១៦ស្ពាន ប្រវែងសរុបប្រមាណ ជាង ១៤ពាន់ម៉ែត្រ។

តាមរយៈសមិទ្ធផលជាច្រើនដែលបានរួមចំណែកពីរដ្ឋាភិបាលចិន ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ឯកឧត្តមរដ្ឋមន្ត្រី ប៉េង ពោធិ៍នា បានធ្វើការវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងការទូតរវាងកម្ពុជា-ចិន ដែលមានរយៈពេល ៦៦ឆ្នាំ ដោយបានក្លាយទៅជាកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងវិវឌ្ឍន៍ទៅជាមិត្តភាពដែកថែប ហើយថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានកំណត់យកឆ្នាំ​២០២៤នេះ ជា «ឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជនកម្ពុជា-ចិន» ដើម្បីលើកកម្ពស់វិស័យទេសចរណ៍ ការតភ្ជាប់រវាងប្រទេសទាំងពីរ និងការជំរុញក្របខណ្ឌកិច្ចសហប្រតិបត្តិការ ត្បូងពេជ្រឱ្យកាន់តែរឹងមាំរីកចម្រើន ស្ថិតស្ថិរជាអមតៈ រួមទាំងសម្រេចឱ្យបាននូវការកសាង សហគមន៍ជោគវាសនារួមគ្នារវាងកម្ពុជា-ចិន ផងដែរ។

នាឱកាសនោះដែរជាមួយនឹងការថ្លែងអរគុណដល់មិត្តចិន ដែលតែងតែបានជួយដល់កម្ពុជាជាបន្ទាប់ប​ន្ទាប់លើគ្រប់វិស័យ ជាពិសេសវិស័យហេដ្ឋារចនាសម្ព័ន្ធនានា ឯកឧត្តម ប៉េង ពោធិ៍នា ក៏បានថ្លែង ស្នើសុំការគាំទ្រពីលោកលោក វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ជួយជំរុញលើកទឹកចិត្តដល់ក្រុមហ៊ុនវិនិយោគចិនឱ្យមកបន្តបណ្តាក់ទុនលើគម្រោងវិនិយោគធំៗនៅកម្ពុជាបន្ថែមទៀត ដើម្បីរួមចំណែក​ដល់ការអភិវឌ្ឍ រីកចម្រើនឈានទៅសម្រេចបាននូវចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ជាប្រទេសមានចំណូលខ្ពស់។

ជាមួយនឹងពិធីអបអរសាទរខួប២ឆ្នាំ នៃការបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ នេះដែរ ឯកឧត្តម ប៉េង ពោធិ៍នា បានស្នើឱ្យក្រុមហ៊ុន និងសមត្ថកិច្ចគ្រប់គ្រងលើ​ផ្លូវល្បឿនលឿន បន្តយកចិត្តទុកដាក់បន្ថែមទៀតចំពោះករណីគ្រោះថ្នាក់នៅលើដងផ្លូវ ដោយធ្វើការណែនាំឱ្យបានម៉ឺងម៉ាត់លើយន្តការត្រួតពិនិត្យថែទាំបរិក្ខារផ្លូវថ្នល់ឱ្យបានទៀងទាត់,ចាត់វិធានការសម្របសម្រួល​សង្គ្រោះរថយន្តខូច ឬមានគ្រោះថ្នាក់ចរាចរណ៍ជាយថាហេតុឱ្យបានទាន់ពេលវេលា។

លោកក៏បានលើកទឹកចិត្តឱ្យក្រុមហ៊ុនផលិតនូវវីដេអូផ្សព្វផ្សាយអប់រំខ្លីស្តីពីការប្រើប្រាស់ និងសុវត្ថិភាពផ្លូវល្បឿនលឿនឱ្យបានកាន់តែទូលំទូលាយ, លើកទឹកចិត្តប្រជាពលរដ្ឋឱ្យបំពាក់ឧបករណ៍ ETC លើយានយន្តរបស់ខ្លួនបន្ថែមទៀត ដើម្បីបញ្ចៀសការកកស្ទះនៅបញ្ជារបង់ប្រាក់ និងបន្តកិច្ចសហការជាមួយអាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចក្នុងការណែនាំ និងអប់រំប្រជាពលរដ្ឋ ដើម្បីទប់ស្កាត់សកម្មភាពកាត់របងចូលមកផ្លូវ និងបណ្តោយឱ្យសត្វពាហនៈឆ្លងកាត់បាន ដែលជាហេតុនាំឱ្យបង្កជាគ្រោះថ្នាក់ផ្សេងៗផងដែរ៕