ក្នុងឱកាសអញ្ជើញចូលរួមសន្និសីទគ្រួសារអាស៊ីលើកទី៤ នៅសិង្ហបុរីនៅថ្ងៃទី៦ ខែវិច្ឆិកា ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានជួបដាច់ដោយឡែកជាមួយព្រះអង្គម្ចាស់ Michael George សែរាជវង្សអង់គ្លេស និងលោកបណ្ឌិត Robert Glover ស្ថាបនិក និងជានាយកប្រតិបត្តិអង្គការ Care for Children ដើម្បីជាការសម្តែងការគួរសម និងពិភាក្សាការងារ។
ក្នុងជំនួបនោះ ព្រះអង្គម្ចាស់ Michael George និងលោកបណ្ឌិត Robert Glover ក៏បានអញ្ជើញឯកឧត្តមរដ្ឋមន្ត្រី ដឹកនាំប្រតិភូទៅបំពេញទស្សនកិច្ចសិក្សា និងផ្លាស់ប្តូរបទពិសោធន៍ការងារ នៅចក្រភពអង់គ្លេសនៅដើមឆ្នាំ២០២៥ ខាងមុខ។ ជាការឆ្លើយតប លោករដ្ឋមន្ត្រី បានទទួលយកការអញ្ជើញនេះ។
ក្នុងជំនួបនោះ ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងអំណរគុណចំពោះព្រះអង្គម្ចាស់ និងលោកនាយកប្រតិបត្តិអង្គការ ដែលបានសហការក្នុងការបំពេញបេសកកម្មរបស់ខ្លួន តាមរយៈការអនុវត្តគម្រោងថែទាំកុមារនៅកម្ពុជា ក្នុងរយៈពេលជិត ៣ឆ្នាំកន្លងមកនេះ។
ព្រះអង្គម្ចាស់ Michael George និងលោកបណ្ឌិត Robert Glover បានវាយតម្លៃខ្ពស់ចំពោះ កិច្ចសហប្រតិបត្តិការរវាងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងអង្គការ Care for Children ដោយបានបញ្ជាក់ថា អង្គការនៅតែបន្តសហការគាំទ្រ តាមរយៈការចូលរួមអភិវឌ្ឍ និងពង្រឹងការអនុវត្តគោលនយោបាយ លិខិតបទដ្ឋានពាក់ព័ន្ធ ការកសាងសមត្ថភាពមន្ត្រី បុគ្គលិកសង្គម ព្រមទាំងសហការជាមួយមណ្ឌលថែទាំកុមាររបស់រដ្ឋ និងបន្តពង្រីកទៅខេត្តគោលដៅអាទិភាពផ្សេងទៀត។
ក្នុងឱកាសនោះ ឯកឧត្តម ជា សុមេធី បានលើកឡើងពីការបន្តគាំទ្រចំពោះកិច្ចសហការរបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ជាមួយអង្គការក្នុងដំណាក់កាលទី២ និងជាបន្តបន្ទាប់ ដោយក្រសួង និងមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នឹងបន្តកិច្ចសហការល្អក្នុងភាពជាដៃគូជាមួយអង្គការ ព្រមទាំងលើកទឹកចិត្តដល់អង្គការ Care for Children ឱ្យពង្រីកគម្រោងកម្មវិធីទៅខេត្តគោលដៅអាទិភាពផ្សេងទៀតក្រៅពីខេត្តដែលមានស្រាប់៕