នៅថ្ងៃចន្ទ ៣រោច ខែកត្តិក ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះ ក្នុងឱកាសបំពេញទស្សនកិច្ចនៅប្រទេសជប៉ុន ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ដ្រីកសួងធនធានទឹក និងឧតុនិយម បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងធនធានទឹក និងឧតុនិយមចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកប្រធានអគ្គនាយកនៃទីភ្នាក់ងារឧតុនិយមជប៉ុន នៅការិយាល័យកណ្តាល ក្នុងទីក្រុងតូក្យូ។
ឯកឧត្តមរដ្ឋលេខាធិការបានបញ្ជាក់ឱ្យដឹងថា ក្នុងកិច្ចជំនួប ភាគីទាំងពីរបានពិភាក្សាលើការងារយុទ្ធសាស្ត្រជាច្រើនក្នុងវិស័យឧតុនិយម និងជលសាស្ត្រ ជាពិសេសលើផែនការការងារក្នុងការរៀបចំធ្វើទំនើបកម្មមជ្ឈមណ្ឌលជាតិគ្រប់គ្រងទិន្នន័យធនធានទឹកដែលទទួលបានហិរញ្ញប្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី(ADB)។
សូមបញ្ជាក់ថា ទីភ្នាក់ងារឧតុនិយមជប៉ុនគឺជាសេនាធិការឱ្យរដ្ឋាភិបាលជប៉ុនដែលបានដើរតួនាទីសំខាន់ក្នុងសកម្មភាពកាត់បន្ថយ និងបង្ការគ្រោះមហន្តរាយធម្មជាតិក្នុងប្រទេស តាមរយៈកិច្ចសហប្រតិបត្តិការ និងការសម្របសម្រួលជាមួយអាជ្ញាធរពាក់ព័ន្ធ ទាំងថ្នាក់ជាតិនិងថ្នាក់មូលដ្ឋាន ព្រមទាំងចូលរួមក្នុងកិច្ចសហប្រតិបត្តិការអន្តរជាតិទាក់ទងនឹងឧតុនិយម និងគ្រោះរញ្ជួយដី ជាមួយទីភ្នាក់ងារអន្តរជាតិពាក់ព័ន្ធនានាផងដែរ៕