នាព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានទទួលជួបសម្តែងការគួរសមជាមួយគណៈប្រតិភូសហភាពយុវជនកុម្មុយនីស្តហូជីមិញ និងសហព័ន្ធយុវជនវៀតណាម ដឹកនាំដោយ ឯកឧត្ដម ង្វៀន មិញជៀត (Nguyen Minh Triet) លេខាគណៈមជ្ឈិមសហភាពយុវជនកុម្មុយនីស្តហូជីមិញ និងជាប្រធានសហភាពនិស្សិតវៀតណាម ក្នុងឱកាសទស្សនកិច្ចរបស់គណៈប្រតិភូនៅកម្ពុជា តបតាមការអញ្ជើញរបស់សហភាពសហព័ន្ធយុវជនកម្ពុជា។
ជាកិច្ចចាប់ផ្តើម ឯកឧត្តម ហ៊ុន ម៉ានី បានទទួលស្វាគមន៍យ៉ាងកក់ក្តៅ និងសម្តែងការអរគុណដល់គណៈប្រតិភូយុវជនវៀតណាម ដែលបានចំណាយពេលវេលាមកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ក្នុងរយៈពេល ៣ថ្ងៃកន្លងមកនេះ។
ក្នុងជំនួបនេះ ភាគីកម្ពុជា និងវៀតណាម បានចែករំលែកអំពីវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការលើវិស័យយុវជន តាមរយៈការអនុវត្តអនុស្សរណៈនៃការយោគយល់រវាង ស.ស.យ.ក. និងសហព័ន្ធយុវជនវៀតណាម ជាមូលដ្ឋាននៃការពង្រឹង និងពង្រីកកាន់តែស៊ីជម្រៅនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការនៅក្នុងក្របខណ្ឌយុវជននៃប្រទេសទាំងពីរក្នុងឆ្នាំ២០២៥ និងឆ្ពោះទៅមុខ ដើម្បីបន្តផ្ដល់ឱកាស ឱ្យយុវជនប្រទេសទាំងពីរ ចែករំលែកនូវចំណេះដឹង បទពិសោធន៍ និងឧត្ដមានុវត្តន៍ល្អៗ ជាមួយគ្នាទៅវិញទៅមក។
ជាចុងបញ្ចប់ភាគីវៀតណាមបានថ្លែងអំណរគុណភាគីកម្ពុជា ដែលបានយកចិត្តទុកដាក់ និងសម្របសម្រួលប្រតិភូវៀតណាមអំឡុងពេលទស្សនកិច្ចនេះ ប្រកបដោយភាពកក់ក្តៅជាទីបំផុត៕








