អភិបាលខេត្តព្រះវិហារ៖ ការអភិវឌ្ឍសមត្ថភាពកងកម្លាំង ទាំងសមត្ថភាពចំណេះដឹង ជំនាញ និងពង្រឹងកាយសម្បទា ពិតជាមានសារៈសំខាន់ខ្លាំងណាស់ ក្នុងបរិបទដែលប្រទេសមានសុខសន្តិភាពពេញលេញ


(ព្រះវិហារ)៖ ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តខេត្តព្រះវិហារ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានថ្លែងថា ការអភិវឌ្ឍសមត្ថភាពកងកម្លាំង ទាំងសមត្ថភាពចំណេះដឹង ជំនាញ និងការពង្រឹងនូវកាយសម្បទាឱ្យ មានភាពរឹងមាំ ស្វាហាប់ ក្នុងការអនុវត្តតួនាទី ភារកិច្ចរបស់ខ្លួន គឺពិតជាមានសារៈសំខាន់ខ្លាំងណាស់ ស្របពេលដែលប្រទេសរបស់យើងកំពុងមានសុខសន្តិភាពពេញលេញពេញផ្ទៃប្រទេស ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បច្ចុប្បន្ននេះ។

ការថ្លែងលើកឡើងរបស់ឯកឧត្តមអភិបាលខេត្តព្រះវិហារ ក្នុងឱកាសដែលលោកអញ្ជើញចូលរួមបិទវគ្គហ្វឹកហ្វឺន បំប៉នពង្រឹង នាយទាហាន នាយទាហានរង ពលទាហាន វគ្គហ្វឹកហ្វឺនម្ចាស់ការនៅនឹងកន្លែង និងបើកវគ្គហ្វឹកហ្វឺនក្បាច់គុន កងយោធពលខេមរភូមិន្ទ នៅវរសេនាតូចលេខ១ របស់តំបន់ប្រតិបត្តិការសឹករងព្រះវិហារ ចំណុះយោធភូមិភាគទី៤ ដោយមានការចូលរួមពីលោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា មេបញ្ជាការសឹករងខេត្ត ព្រមទាំងមេបញ្ជាការរង ប្រធានមន្ទីរអង្គភាពពាក់ព័ន្ធជុំវិញខេត្ត គណៈកម្មការ យោធាចារ្យ កម្មសិក្សាការី នាយទាហាន នាយទាហានរង និងពលទាហាន ជាច្រើនរូបទៀត នៅព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤។

នៅក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្រ្តា បានថ្លៃងបញ្ជាក់ពីការបិទវគ្គហ្វឹកហ្វឺនបំប៉នពង្រឹង នាយទាហាន នាយទាហានរង ពលទាហាន និងវគ្គហ្វឹកហ្វឺនម្ចាស់ការនៅនឹងកន្លែង យុទ្ធវិធីថ្មើរជើងថ្នាក់ពួក ក្រុម កងអនុសេនាតូច បានបញ្ចប់ប្រកបដោយជោគជ័យ គួរជាទីមោទនៈ ដោយមានគោលការណ៍ដឹកនាំដ៏ឈ្លាសវៃប្រកបដោយប្រសិទ្ធិភាព ពីសំណាក់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ដែលជានិច្ចជាកាល តែងតែផ្តល់នូវការរំលឹកដាស់តឿន ទំនុកបំរុងឧបត្ថម្ភនានា លើការងារហ្វឹកហ្វឺន បំប៉នជំនាញ គ្រប់លំដាប់ថ្នាក់ គ្រប់កងឯកភាព ហ្វឹកហ្វឺន ជាប្រចាំសំដៅធ្វើឱ្យកងទ័ពមានសមត្ថភាពគុណភាព និងប្រសិទ្ធភាព ក្នុងការដឹកនាំបញ្ជាសម្រេចបានជោគជ័យនាពេលនេះ។

ឯកឧត្តម គីម រិទ្ធី បានថ្លែងថា ថ្វីត្បិតតែប្រទេសយើងមានសុខសន្តិភាពពេញលេញ ប៉ុន្តែការអភិវឌ្ឍសមត្ថភាពកងកម្លាំង ទាំងសមត្ថភាពចំណេះដឹង ជំនាញ និងការពង្រឹងនូវកាយសម្បទាឱ្យមានភាពរឹងមាំ ស្វាហាប់ ក្នុងការអនុវត្ត តួនាទី ភារកិច្ចរបស់ខ្លួន គឺពិតជាមានសារៈសំខាន់ខ្លាំងណាស់ និងត្រូវធ្វើឱ្យបានជាប់ជាប្រចាំ ដូចមានក្នុងទិសស្លោក «កងកម្លាំង គឺត្រូវមានកម្រិតយល់ដឹងខ្ពស់ មានកាយសម្បទារឹងមាំ ស្វាហាប់ និងរហ័សរហួនជាប់ជានិច្ច» ដើម្បីត្រៀមកម្លាំងអន្តរាគមន៍ដោះស្រាយនូវគ្រប់សភាពការណ៍ផ្សេងៗ ដែលអាចនឹងកើតឡើងជាយថាហេតុ។

ឯកឧត្តមអភិបាលខេត្តព្រះវិហារ បានថ្លែងផ្តាំផ្ញើ និងជំរុញឱ្យនាយទាហាន នាយទាហានរង ពលទាហាន និងសិក្ខាកាមទាំងអស់ ត្រូវមានទស្សនៈស្មោះត្រង់ និងជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាល និងប្រឆាំងដាច់ខាតរាល់ ឧបាយកលសង្គ្រាមចិត្តសាស្ត្ររបស់ពួកអមិត្ត ការញុះញង់ បំបែកបំបាក់ផ្ទៃក្នុងជាតិ នឹងត្រូវគោរពវិន័យ និងបទបញ្ជាឱ្យបានម៉ឺងម៉ាត់ ហើយយកចិត្តទុកដាក់ខិតខំរៀនសូត្រគ្រប់មុខវិជ្ជាដែលគ្រូបានឧទ្ទេសនាមទាំងនៅក្នុងថ្នាក់ និងនៅលើទីលានហ្វឹកហាត់ នឹងបន្តខិតខំយកចិត្តទុកដាក់អនុវត្តតាមផែនការរបស់ថ្នាក់លើ ជាពិសេសគឺការបើកវគ្គហ្វឹកហ្វឺនប្រចាំឆ្នាំតាមផែនការប្រកបដោយភាពទទួលខុសត្រូវខ្ពស់ និងត្រូវត្រៀមខ្លួនជានិច្ចអនុវត្តរាល់ បទបញ្ជាដែលថ្នាក់លើប្រគល់ជូន៕