អភិបាលក្រុងព្រៃវែង បានអញ្ជើញដឹកនាំមន្រ្តីរដ្ឋបាលក្រុង ចុះជួបសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ និងក្មួយៗសិស្សានុសិស្ស នៅសាលាបឋមសិក្សាបុញ្ញខេត្តារាម


នាព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះ លោក ម៉ននី បណ្ឌិត អភិបាលក្រុងព្រៃវែង បានអញ្ជើញដឹកនាំមន្រ្តីរដ្ឋបាលក្រុង ចុះជួបសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ និងក្មួយៗសិស្សានុសិស្ស នៅសាលាបឋមសិក្សាបុញ្ញខេត្តារាម ស្ថិតនៅភូមិ០៨ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង។

ក្នុងឱកាសនោះផងដែរ លោកអភិបាលក្រុង និងមន្រ្តីរដ្ឋបាលក្រុង បានចូលរួមគោរពទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជា និងស្តាប់ក្មួយៗច្រៀងបទពង្សាវតាខ្មែរ និងបទ គ.វ.អ ផងដែរ។

ឆ្លៀតក្នុងពេលនោះផងដែរ លោក ម៉ននី បណ្ឌិត បានធ្វើការកោតសរសើរដល់លោកនាយក អ្នកគ្រូ ទាំងអស់ដែលបានខិតខំប្រឹងប្រែងបង្ហាត់បង្រៀនដល់ក្មួយៗបានយ៉ាងយកចិត្តទុកដាក់ គោរពវិន័យ បទបញ្ជា គ.វ.អ និងចេះរៀបចំបរិវេណសាលាបានស្អាតផងដែរ។ ពិសេសជាងនេះ លោកអភិបាលក្រុង សូមស្នើសុំឱ្យលោកគ្រូ អ្នកគ្រូ ខិតខំប្រឹងប្រែងបង្រៀនសិស្សានុសិស្សឱ្យក្លាយទៅជាទំពាំងដ៏ល្អរបស់ប្រទេសជាតិ។