សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួប ឯកឧត្ដម ចាង កាវលី ឧបនាយករដ្ឋមន្ត្រីចិន


នៅរសៀលថ្ងៃដដែលនេះដែរ បន្ទាប់ពីបានជួបពិភាក្សាការងារជាមួយ ឯកឧត្តម សុង ថាវ រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងអន្តរជាតិមជ្ឈឹមបក្សកុម្មុយនីស្តចិនរួចមក សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានអញ្ជើញជួបពិភាក្សាការងារទ្វេភាគីជាមួយ ឯកឧត្ដម ចាង កាវលី(Zhang Gaoli) ឧបនាយករដ្ឋមន្ត្រីចិន នៅមជ្ឈមណ្ឌលសន្និសីទ និងពិព័រណ៍អន្តរជាតិណាននីង (NICEC)។
ឯកឧត្ដម Zhang Gaoli បានអរគុណដល់ សម្តេចតេជោ ដែលបានអញ្ជើញមកចូលរួមពិព័រណ៍ចិនអាស៊ាន ចំនួនជាង១០ លើករួចមកហើយ រួមទាំងពិពរណ៍ទី១៤ នៅទីក្រុងណានីងថ្ងៃស្អែកនេះ។ ឯកឧត្ដម Zhang Gaoli បានបញ្ជាក់ថា សម្តេចតេជោ គឺជាមិត្តដ៏ល្អរបស់ចិន ហើយកម្ពុជានិងចិនគឺជាបងប្អូននឹងគ្នា។
នៅក្នុងជំនួបកាលពីរសៀលថ្ងៃនេះ សម្តេចតេជោ បានជម្រាបភាគីចិនផងដែរអំពីការខិតខំពង្រីកទីផ្សារ កសិផលដើម្បីជួយកសិករ ក្នុងនោះ សម្តេចតេជោ ក៏បានជម្រាបអំពីគម្រោងពហុកីឡាដ្ឋានមរតកតេជោ ដែលកំពុងសាងសង់ ព្រមទាំងការត្រៀមរៀបចំការបោះឆ្នោតសម្រាប់ឆ្នាំ ២០១៨ និងកាលបរិច្ឆេទនៃការ ប្រជុំ LANCANG-Mekong ដែលគ្រោងនឹងធ្វើនៅថ្ងៃទី ១០-១១ មករា ២០១៨។ សម្តេចតេជោ បានអរគុណមិត្តចិនដែលបានយកចិត្តទុកដាក់ខ្ពស់ចំពោះព្រះរាជសុខភាពរបស់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងសម្តេចម៉ែនៅក្នុងប្រទេសចិន ព្រមទាំងជំនួយជាច្រើនទៀតដែលមិត្តចិនផ្តល់ដល់កម្ពុជា។
ឯកឧត្ដម Zhang Gaoli រីករាយចំពោះកិច្ចសហប្រតិបត្តិការកាន់តែល្អទៅមុខរវាងកម្ពុជាចិន ហើយលោក សុំអោយមានការផ្លាស់ប្តូរទស្សនកិច្ចរវាងមន្រ្តីនៃប្រទេសទាំង២អោយបានច្រើន។ រដ្ឋាភិបាលចិនតែងតែ គោរពស្រឡាញ់និងយកចិត្តទុកដាក់ចំពោះព្រះមហាក្សត្រកម្ពុជា និងសម្តេចម៉ែគ្រប់ពេលវេលា។ មិត្តចិន នឹងបន្តចូលរួមពង្រឹងការអភិវឌ្ឍប្រទេសកម្ពុជា ដោយពង្រីកកិច្ចសហប្រតិបត្តិការគ្រប់វិស័យហើយនៅឆ្នាំ២០១៨នេះកម្ពុជាអាចនាំអង្ករចេញមកចិនបន្ថែមទៀតទៅតាមកូតាថ្មីដែលបានសម្រេចផ្តល់បន្ថែមរួចហើយកាលពីពេលថ្មីៗ។ ទន្ទឹមនឹងនោះដែរ គឺភាគីចិននឹងខិតខំជំរុញគម្រោងសាងព្រលានយន្តហោះថ្មីនៅ សៀមរាប គម្រោងរថភ្លើងល្បឿនលឿន និងគម្រោងផ្សេងៗអោយបានដំណើរកាឆាប់ រួមទាំងគម្រោង អភិវឌ្ឃន៍កសិកម្ម ដើម្បីជួយពលរដ្ឋតាមជនបទ ព្រមជាមួយនឹងគម្រោងជំនួយឥតសំណងនានាដែល ចិនបានសម្រេចជួយកម្ពុជា។ មិត្តចិនសន្យានឹងបន្តជួយដល់ការកសាងធនធានយុវជនតាមរយៈសហប្រតិបត្តិការជាមួយសហព័ន្ឋសហភាពយុវជនកម្ពុជា និងគម្រោងជាច្រើនទៀតដើម្បីកាត់បន្ថយភាពក្រីក្រ។ ទន្ទឹមនឹងនេះដែរ មិត្តចិនក៏នឹងជួយដល់ការផ្សព្វផ្សាយព័ត៌មានពីប្រទេសកម្ពុជាតាមរយៈបណ្តាញ ព័ត៌មាន របស់ចិនដើម្បីអោយពិភពលោកបានស្គាល់កម្ពុជាពិតក្នុងសន្តិភាព និងឃើញពីការរីកចម្រើននានា។
ឯកឧត្ដម Zhang Gaoli បានជម្រាប សម្តេចតេជោ ថាបើកម្ពុជាត្រូវការអ្វីអោយមិត្តចិនជួយ គឺសូមប្រាប់ មកភ្លាម នូវគម្រោងអាទិភាពនានាដែលត្រូវការជំនួយទាំងនោះ។ នៅឆ្នាំ ២០១៨ កម្ពុជាគឺជាប្រទេសកិត្តិយសក្នុងការរៀបចំពិព័រណ៍ចិនអាស៊ាន ដែលប្រទេសចិននឹងត្រៀមលក្ខណៈរៀបចំអោយបានល្អបំផុត ព្រោះកម្ពុជាជាមិត្ត ដ៏ល្អនិងជាបងប្អូនដ៏ល្អ ហើយប្រទេសចិនគឺជាខ្នងបង្អែកដ៏រឹងមាំសម្រាប់ជួយកម្ពុជា គ្រប់កាលៈទេសៈទាំងអស់។ បន្ទាប់ពីកិច្ចប្រជុំទ្វេភាគីរួចមក ឯកឧត្ដម Zhang Gaoli បានរៀបចំពិធីជប់លៀងជូនសម្តេចតេជោ និងគណៈប្រតិភូប្រកបដោយបរិយាកាសរីករាយ និងស្និទ្ឋស្នាលក្រៃលែង៕