ពិធីប្រកាសខេត្តកំពង់ចាម ជាខេត្តបញ្ចប់ការវាស់វែងដីធ្លីមុនគេ នឹងធ្វើឡើងនៅថ្ងៃទី២១ ខែធ្នូខាងមុខ ក្រោមអធិបតីភាពសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត


(កំពង់ចាម)៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានឲ្យដឹងថា ពិធីប្រកាសជាផ្លូវការខេត្តកំពង់ចាម ដែលជាខេត្តបញ្ចប់ការវាស់វែងដីធ្លីមុនគេ គ្រោងនឹងប្រារព្ធឡើងនៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤ខាងមុខ ក្រោមអធិបតីភាព សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា។

ថ្លែងប្រាប់នៅព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ឯកឧត្តម អ៊ុន ចាន់ដា បានបញ្ជាក់ថា ចាប់ដំណើរការតាំងពីអំឡុងឆ្នាំ២០០៣ រហូតមកទល់ពេលបច្ចុប្បន្ន មានរយៈពេល២១ឆ្នាំ សម្រេចបានការប្រកាសតំបន់វិនិច្ឆ័យបាន ៩៤៦ភូមិ/៩៤៦ភូមិ លើ១០៩ឃុំ-សង្កាត់ ត្រូវជា១០ក្រុង-ស្រុក, ប្រមូលទិន្នន័យ និងវាស់វែងបាន៩១,៧៧៩៥ក្បាលដី លើចំនួនក្បាលដីដែលប៉ាន់ប្រមាណមាន ទូទាំងខេត្តកំពង់ចាមប្រមាណ ៩២៤,៤២១ក្បាលដី គិតជាភាគរយស្មើនឹង៩៩ភាគរយ (ត្រូវបានបញ្ចប់ នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤)។

ឯកឧត្តមអភិបាលខេត្ត បានបន្ដថា ចំពោះបិទផ្សាយជាសាធារណៈចំនួន៩១៧,៧៩៥ក្បាលដី លើចំនួនក្បាលដីដែលបានវាស់វែងនិងវិនិច្ឆ័យ រួចទូទាំងខេត្តកំពង់ចាម ៩១៧,៧៩៥ក្បាលដី គិតជាភាគរយស្មើនឹង១០០ភាគរយ។

ចេញប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋបានចំនួន ៨៩៥,៤៩៨ក្បាលដី លើចំនួនក្បាលដីដែលបានបិទ ផ្សាយរួចទូទាំងខេត្តកំពងចាម៩១៧,៧៩៥ក្បាលដី គិតជាភាគរយ ត្រូវជា៩៨ភាគរយ និងបានបញ្ចប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធនៅទូទាំងក្រុង-ស្រុកទាំង១០របស់ខេត្តកំពង់ចាម ជាស្ថាពរ។ នេះបើតាមការគូសបញ្ជាក់បន្ថែមរបស់ឯកឧត្តម អ៊ុន ចាន់ដា។

សូមជម្រាបថា ក្នុងឱកាសអញ្ជើញជាអធិបតីពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅបន្ដរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង នៅរសៀលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ម្សិលមិញ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានគូសបញ្ជាក់ផងដែរថា ខេត្តកំពង់ចាម បានក្លាយជាខេត្តដំបូងគេដែលបញ្ចប់ការវាស់វែងកំណត់ព្រំដីធ្លីមុនគេ។

ក្នុងន័យនេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានណែនាំដល់អភិបាលរាជធានី-ខេត្តទាំងអស់ ត្រូវបន្ដខិតខំប្រឹងប្រែងបំពេញការងារនេះឲ្យបានលឿនតាមផែនការដែលបានគ្រោងទុក។ ដោយឡែក ចំពោះរាជធានី-ខេត្ត ដែលទទួលបានប័ណ្ណសម្គាល់អចលនទ្រព្យហើយនោះ ត្រូវតែពន្លឿនក្នុងការប្រគល់ជូនប្រជាពលរដ្ឋ ក្រោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានទម្លាក់ទៅដល់ ដើម្បីឲ្យប្រជាពលរដ្ឋឆាប់បានប័ណ្ណនេះគ្រប់គ្រងដោយផ្ទាល់៕