នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-កូរ៉េ CKCC កាលពីរសៀលថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោកជំទាវ បានអញ្ជើញជាអធិបតីក្នុងពិធីបិទកម្មវិធីប្រឡងចម្រៀងជនមានពីការភាពពានរង្វាន់ ឯកឧត្តម ជា សុមេធី និងលោកជំទាវ ជា ផល្គុន ដោយក្នុងឱកាសនេះឯកឧត្តមរដ្ឋមន្ត្រី បានមានប្រសាសន៍ថា នេះជាលើកទីមួយហើយដែលក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងសមាគមតន្ត្រីសំនៀងជនពិការ ទូរទស្សន៍សង្គម និងជនមានពិការភាព (SDTV News) បានរៀបចំការប្រឡងចម្រៀងប្រកបដោយមោទកភាពនេះឡើង។
ឯកឧត្តមបានបន្តថា ការរៀបចំប្រឡងចម្រៀងនេះមានគោលបំណងចំនួនពីរ៖ ទី១) ចូលរួមអបអរសាទរទិវាជនមានពិការភាពកម្ពុជាខួបលើកទី២៦ និងអន្តរជាតិខួបលើកទី៤២ ក្រោមមូល បទ «បរិយាបន្នពិការភាពលើគ្រប់វិស័យក្នុងយុគសម័យបរិវត្តកម្មឌីជីថល» ដើម្បីជំរុញគាំទ្រសមត្ថភាព និងទេពកោសល្យផ្នែកសិល្បៈនៃជនមានពិការភាពនៅក្នុងប្រទេសកម្ពុជា និងបន្តគាំទ្រ គំនិតផ្តួចផ្តើម និងការគិតគូរដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន កាកបាទក្រហមកម្ពុជា ដែលសម្ដេចទាំងពីរតែងតែមានការអាណិតស្រលាញ់ ឈឺឆ្អាល និងយក ចិត្តទុកដាក់ខ្ពស់ចំពោះជនមានពិការភាព ព្រោះសម្ដេចយល់អារម្មណ៍ និងយល់ពីទុក្ខធុរៈជន មានពិការភាព និងទី២) បន្តការលើកទឹកចិត្ត និងគាំទ្រដល់ជនមានពិការភាព និងជនងាយរងគ្រោះនានាស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១របស់រាជរដ្ឋាភិបាល នីតិកាលទី៧ ក្រោមការដឹកនាំប្រកបដោយភាពប្រាកដនិយម និងស្វាហាប់របស់សម្តេចមហាបវរ ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាក្រកម្ពុជា ដែលបានដើរតាមគន្លងដ៏ត្រឹមត្រូវរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ហើយថាតាមរយៈព្រឹត្តិការណ៍ប្រឡងចម្រៀងនេះដែរ យើងសង្ឃឹមថាសង្គមកម្ពុជាទាំងមូលកាន់តែមានការយកចិត្តទុកដាក់ខ្ពស់ចំពោះជនមានពិការភាព ហើយជនមានពិការភាពកាន់តែមានឱកាសក្នុងការ កែប្រែជីវិតឱ្យកាន់តែប្រសើរឡើងថែមទៀត។
ឯកឧត្តមរដ្ឋមន្ត្រី ជា សុមេធី បានបង្ហាញក្តីរំភើបរីករាយដោយបានឃើញជនមានពិការភាពនៅកម្ពុជាចូលរួមយ៉ាងសកម្ម និងពេញលេញនៅក្នុងសកម្មភាពសិល្បៈសង្គម-សេដ្ឋកិច្ចកម្ពុជា ដែលនេះឆ្លុះបញ្ចាំងឱ្យឃើញពីការបង្កឱកាសជូនជនមានពិការភាព និងការបង្ហាញពីសក្តានុពល និងសមត្ថភាពរបស់បងប្អូនជនមានពិការភាពក្នុងការប្រើប្រាស់សម្បទាដែលខ្លួនមានចូលរួមក្នុង គ្រប់សកម្មភាពសង្គម ស្របតាមពាក្យស្លោក «ពិការតែកាយ ចិត្តមិនពិការឡើយ»៕

.jpeg)
.jpeg)
