គណៈប្រតិភូក្រុមហ៊ុន Medical System Technology Co., Ltd. ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅCDC


គណៈប្រតិភូក្រុមហ៊ុន Medical System Technology Co., Ltd. ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ជាមួយគណៈប្រតិភូក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដើម្បីស្វែងយល់ពីឪកាសវិនិយោគបន្ថែមនៅកម្ពុជា។

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពី រសៀលថ្ងៃអង្គារ ទី១០ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុញ្ញាតឱ្យលោក Weng Keng ប្រធានក្រុមហ៊ុន Medical System Technology Co., Ltd. និងសហការី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។

ជំនួបសម្ដែងការគួរសម និងពិភាក្សាការងារនាឱកាសនេះបានផ្ដល់លទ្ធភាពជូនក្រុមហ៊ុនបានស្វែងយល់បន្ថែមអំពីការអភិវឌ្ឍន៍រីកចម្រើនរបស់កម្ពុជា, ផែនការយុទ្ធសាស្រ្តនានារបស់រាជរដ្ឋាភិបាល, ការលើកទឹកចិត្តវិនិយោគ, និងសក្តានុពលនានាដែលក្រុមហ៊ុនអាចពិនិត្យលទ្ធភាពដើម្បីធ្វើការបណ្ដាក់ទុនវិនិយោគនៅកម្ពុជា។

ស្របតាមការលើកឡើងខាងលើរបស់ក្រុមហ៊ុន ក្នុងនាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានជម្រាបជូនអំពីបេសកកម្មរបស់ស្ថាប័ន ក្រោមការចង្អុលបង្ហាញដោយផ្ទាល់របស់សម្ដេចមហាបវរធិបតីនាយករដ្ឋមន្ត្រី និងជាប្រធានស្ថាប័ន នឹងជួយសម្របសម្រួលរាល់កិច្ចការងាររបស់វិនិយោគិនដែលមានបំណងបណ្ដាក់ទុន និងកំពុងបណ្ដាក់ទុនវិនិយោគបង្កើតឱកាសការងារក្នុងទីផ្សាររបស់កម្ពុជាផងដែរ៕