ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ ជួបអាជ្ញាធរអាកាសចរណ៍ស៊ីវិលបារាំង ជំរុញកិច្ចសហប្រតិបត្តិការវិស័យអាកាសចរណ៍ស៊ីវិលនៃប្រទេសទាំងពីរ


(បារាំង)៖ ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤ បានជួបប្រជុំជាទ្វេភាគីជាមួយលោក ដាមីម៉្យាង កាហ្សេ (Damien Caze) អគ្គនាយកនៃអាជ្ញាធរអាកាសចរណ៍ស៊ីវិលបារាំង ដើម្បីបន្តជំរុញកិច្ចសហប្រតិបត្តិការវិស័យអាកាសចរណ៍ស៊ីវិលនៃប្រទេសទាំងពីរ ជាពិសេសស្វែងរកលទ្ធភាពនៃការ ផ្តល់ជំនួយបច្ចេកទេស ជាអ្នកជំនាញការវិស័យអាកាសចរណ៍ស៊ីវិល ពីប្រទេសបារាំង ការគាំទ្រលើដំណើរការវិនិយោគអាកាសយានដ្ឋានអន្តរជាតិ និងជំរុញឱ្យមានការហោះហើរត្រង់រវាងប្រទេសទាំងពីរដែរ។

មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ បានបញ្ជាក់ជូនភាគីបារាំងថា ប្រទេសទាំងពីរ (កម្ពុជា-បារាំង) មានទំនងទំនងល្អពិសេស និងចំណងមិត្តភាពដ៏ជ្រាលជ្រៅយូរលង់ ទាំងប្រពៃណីវប្បធម៌ ប្រវត្តិសាស្ត្រ និងសេដ្ឋកិច្ច-នយោបាយ។ ទំនាក់ទំនងដ៏ល្អ នេះ បានជំរុញឲ្យមានកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរលើគ្រប់វិស័យ ជាពិសេសវិស័យអាកាសចរណ៍ស៊ីវិល។

ឯកឧត្តមរដ្ឋមន្ត្រីបន្តថា តាំងពីមានកិច្ចព្រមព្រៀងសម្បទាន ស្តីពីការរៀបចំរចនាប្លង់ ផ្តល់ហិរញ្ញប្បទាន សាងសង់ ជួសជុល ថែទាំកែលម្អ និងប្រតិបត្តិការអាកាសយានដ្ឋាន ចុះថ្ងៃទី០៦ ខែកក្កដា ឆ្នាំ ១៩៩៥ និងអនុស្សរណៈបន្ថែមជាបន្តបន្ទាប់ រវាងរាជរដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុន VINCI, អាកាសយានដ្ឋានអន្តរជាតិនៅកម្ពុជា ត្រូវបានធ្វើការកែលម្អរ និងទំនើបកម្ម ប្រកបដោយសោភ័ណ្ឌភាព និងផាសុកភាព ហើយការណ៍នេះ បានរួមចំណែកក្នុងការទាក់ទាញអ្នកដំណើរតាមផ្លូវអាកាស ភ្ញៀវទេសចរ និងអ្នកវិនិយោគមកកាន់កម្ពុជា។

ឯកឧត្តមបន្ថែមថា ពាក់ព័ន្ធនឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ រវាងអាជ្ញាធរអាកាសចរណ៍ស៊ីវិលនៃប្រទេសយើងទាំងពីរ គឺមានការរីកចម្រើនគួរឱ្យជាទីមោទនៈ ដែលរដ្ឋាភិបាលបារាំង បានផ្តល់ជំនួយបច្ចេកទេសជាច្រើនដល់កម្ពុជា ដូចជាបញ្ជូនជំនាញការបារាំងរយៈពេលវែង មកជួយរៀបចំបទប្បញ្ញត្តិអាកាសចរណ៍ស៊ីវិលកម្ពុជា ផ្តល់ការបណ្តុះបណ្តាលមន្ត្រីបច្ចេក ទេសអាកាសចរណ៍ និងផ្តល់ហិរញ្ញប្បទាន ក្នុងការអភិវឌ្ឍន៍វិស័យអាកាសចរណ៍ស៊ីវិលកម្ពុជា ដើម្បីធ្វើឲ្យប្រសើឡើងនូវ ផ្នែកសុវត្ថិភាព និងបរិស្ថានអាកាសយានដ្ឋាន, ប្រព័ន្ធត្រួតពិនិត្យតាមដានលើសកម្មភាពថែទាំ បច្ចេកទេសអាកាសយាន និង ពង្រឹងសមត្ថភាព និងការត្រួតពិនិត្យលើវិស័យពេទ្យអាកាសចរណ៍។

ជាមការឆ្លើយបត លោក ដាមីយាង កាហ្សេ (Damien Caze) អគ្គនាយកនៃអាជ្ញាធរអាកាសចរណ៍ស៊ីវិលបារាំង បានសម្តែងសេចក្តីសប្បាយរីករាយ ចំពោះលទ្ធផលជាវិជ្ជមាន នៃកិច្ចសហប្រតិបត្តិការទ្វេភាគី លើវិស័យអាកាសចរណ៍ស៊ីវិលនាពេលកន្លងមក ហើយនឹងខិតខំពង្រឹងកិច្ចសហប្រតិបត្តិការជាបន្តទៅទៀត ជាពិសេសជំនួយបច្ចេកទេស ការបណ្តុះបណ្តាលធនធានមនុស្ស និងជួយគាំទ្រ ស្វែងរកលទ្ធភាពឱ្យមានការបើកជើងហោះហើរ រវាងប្រទេសទាំងពីរឡើងវិញផងដែរ៕