សម្ដេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានថ្លែងអំណរគុណ និងវាយ តម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ឯកឧត្តម ឯកអគ្គរដ្ឋទូតសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រចាំព្រះរាជាណាចក្រកម្ពុជា ក្នុងអាណត្ដិបេសកកម្មការទូតនៅកម្ពុជា ដែលបានខិតខំក្នុងការជំរុញ និងលើកកម្ពស់ទំនាក់ទំនងរវាងប្រទេសទាំងពីរកម្ពុជា-វៀតណាម។ ការថ្លែងរបស់សម្ដេចក្រឡាហោម ស ខេង ដូចនេះក្នុងឱកាសដែលសម្តេចអនុញ្ញាតឱ្យឯកឧត្តម ង្វៀន ហ៊ុយតាំង (Nguyen Huy Tang) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋសង្គមនិយមវៀតណាមប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា ដោយឯកឧត្តមត្រូវបញ្ចប់បេសកកម្មការទូតនៅកម្ពុជា នៅវិមានរដ្ឋសភា កាលពីរសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤។
សម្តេចក្រឡាហោមបានលើកឡើងថា ទោះបីចប់អាណត្តិបេសកកម្មនៅកម្ពុជា ក៏ប៉ុន្តែសម្ដេចសង្ឃឹមជឿជាក់ថា ឯកឧត្តម ង្វៀន ហ៊ុយតាំង (Nguyen Huy Tang) នៅតែបន្តរួមចំណែកពី គ្រប់លទ្ធភាពដើម្បីជំរុញ និងលើកកម្ពស់ដល់ទំនាក់ទំនងប្រទេសទាំងពីរបន្តរីកចម្រើនលូតលាស់ទៅមុខថែមទៀត។ ក្នុងនាមសម្តេចផ្ទាល់ សូមអបអរសាទរចំពោះអ្វីដែលជាសមិទ្ធផលនៃ កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ រវាងរដ្ឋាភិបាលទាំងពីរ រវាងក្រសួងមហាផ្ទៃ និងក្រសួង សន្តិសុខនៃប្រទេសទាំងពីរ ដែលមានរហូតមកដល់ពេលនេះ។ ជាមួយគ្នានេះសម្តេចក្រឡា ហោម ស ខេង ក៏នៅតែបន្តលើកទឹកចិត្តឱ្យគ្រប់យន្តការនៃសហប្រតិបត្តិការរវាងប្រទេសទាំងពីរ បន្តអភិវឌ្ឍន៍រីកចម្រើនល្អប្រសើរទៅមុខថែមទៀត។
ជាការឆ្លើយតប ឯកអគ្គរដ្ឋទូតវៀតណាមដែលត្រូវបញ្ចប់បេសកកម្មបានលើកឡើងថា ក្នុងរយៈពេលប្រមាណជាង៣ឆ្នាំកន្លងមកនេះ ដែលឯកឧត្តមទទួលតួនាទីជាឯកអគ្គរដ្ឋទូតនៅកម្ពុជា ឯកឧត្តមតែងតែទទួលបាននូវការគាំទ្រពីសំណាក់ថ្នាក់ដឹកនាំក្រសួង ស្ថាប័ន ពាក់ព័ន្ធនៃរាជរដ្ឋាភិបាលកម្ពុជា ទើបធ្វើឱ្យការបំពេញបេសកកម្មរបស់ឯកឧត្តម និងសហការីនៅព្រះរាជាណាចក្រ កម្ពុជារហូតដល់ចប់អាណត្តិ និងទទួលបានជោគជ័យ។
ឯកឧត្តម ក៏បានជម្រាបជូនអំពីវឌ្ឍនភាពនៃកិច្ចសហប្របត្តិការរវាងប្រទេសទាំងពីរ ដែលបន្ត អភិវឌ្ឍន៍ល្អប្រសើរជាលំដាប់ ទាំងលើវិស័យនយោបាយ វិស័យពាណិជ្ជកម្ម ទេសចរណ៍ អប់រំ សិក្សាធិការ និងវិស័យសន្តិសុខ ដែលភាគីទាំងពីរបានខិតខំរួមគ្នាថែរក្សាបរិយាកាសសង្គម នៃ ប្រទេសទាំងពីរបានល្អប្រសើរ ដែលបម្រើដល់ការអភិវឌ្ឍរបស់ប្រទេសទាំងពីរ៕ ប្រភព៖ ហ្វេសប៊ុកសម្តេចក្រឡាហោម