(កណ្ដាល)៖ ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ដ្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានបញ្ជាក់ឲ្យដឹងថា អាកាសយានដ្ឋានអន្តរជាតិតេជោ លំដាប់ថ្នាក់ 4F ក្រុងតាខ្មៅ ខេត្ដកណ្ដាល នឹងបើកដំណើរការ ដំណាក់កាលទី១ នៅក្នុងអំឡុងខែកក្កដា ឆ្នាំ២០២៥ខាងមុខនេះ។
ការបញ្ជាក់ឲ្យដឹងបែបនេះ ធ្វើឡើងក្នុងឱកាសដែល ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ ដឹកនាំកិច្ចប្រជុំ និងដឹកនាំក្រុមការងារ ចុះត្រួតពិនិត្យវឌ្ឍនភាព នៃគម្រោងសាងសង់ អាកាសយានដ្ឋាន អន្ដរជាតិតេជោលំដាប់ 4F ដំណាក់កាលទី១ ដើម្បីត្រៀមខ្លួនបញ្ចប់ការងារ និងបើកដំណើរការនៅឆ្នាំក្រោយ នាព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤នេះ។
កិច្ចប្រជុំនេះ ការចូលរួមពីថ្នាក់ដឹកនាំ និងក្រុមការងារបច្ចេកទេស នៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ក៏ដូចជាថ្នាក់ដឹកនាំ និងសមាជិកគណៈកម្មការដឹកនាំគ្រប់គ្រង និងសម្របសម្រួលដោះស្រាយការងាររៀបចំប្រតិបត្តិការ អាកាសយានដ្ឋានអន្តរជាតិតេជោ និងតំណាងក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ខូអិលធីឌី (CAIC)។
ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន ក្រោយបញ្ចប់កិច្ចប្រជុំ, លោក ឆារស៍ វ៉ាន់ នាយកគ្រប់គ្រង នៃក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ឯ.ក (CAIC) បានបញ្ជាក់ថា «នៅក្នុងកិច្ចប្រជុំថ្ងៃនេះ ឯកឧត្ដមរដ្ឋមន្ដ្រី ម៉ៅ ហាវណ្ណាល់ បានកំណត់ក្នុងការបើកដំណើរការ អាកាសយានដ្ឋានអន្ដរជាតិតេជោ នៅក្នុងខែកក្កដា ឆ្នាំ២០២៥»។
លោក ឆារស៍ វ៉ាន់ បានឲ្យដឹងថា រាល់ដំណើរការសាងសង់ នៃអាកាសយានដ្ឋានអន្តរជាតិតេជោ គឺដំណើរការទៅតាមផែនការ ហើយពុំមានបញ្ហាអ្វីធំដុំនោះទេ គឺនៅសល់តែបញ្ហាតិចតួចតែប៉ុណ្ណោះ ដើម្បីត្រៀមរៀបចំបន្ដ ក្នុងការបញ្ចប់ការងារសាងសង់ នៅឆ្នាំ២០២៥។
ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ បានបង្ហាញក្ដីរីករាយសប្បាយចិត្ដ ដោយក្រុមការងារទាំងអស់ រួមទាំងក្រុមហ៊ុនសាងសង់ អាកាសយានដ្នានអន្ដរជាតិតេជោ រួមសហការគ្នាបានល្អ ហើយក៏បានដំណើរការទៅតាមផែនការ ដែលបានគ្រោងទុក។
ឯកឧត្តម សយ សុខាន់ រដ្ឋលេខាធិការនៃលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានបញ្ជាក់ឲ្យដឹងថា វឌ្ឍនភាពគម្រោងអាកាសយានដ្ឋានអន្តរជាតិតេជោ ដែលបានបើកការសាងសង់ តាំងពីឆ្នាំ២០២០ ដែលគិតរហូតមកដល់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤ សម្រេចបានប្រមាណ ៩២ភាគរយហើយ។
បន្ថែមពីនោះទៀត ឯកឧត្តម សយ សុខាន់ បានគូសបញ្ជាក់ថា «យើងនឹងខិតខំប្រឹងប្រែង បំពេញការងារ ដែលនៅសល់ប្រមាណ៨ភាគរយ ឲ្យបានរួចរាល់ នៅក្នុងអំឡុងថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៥»។
សូមបញ្ជាក់ថា អាកាសយានដ្ឋានអន្តរជាតិតេជោ គឺជាអាកាសយានដ្ឋាន Greenfield ដែលមានផ្ទៃដីសរុប ២,៦០០ហិកតា ស្ថិតនៅចម្ងាយ ១៩គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ។ វាត្រូវបានចាត់ថ្នាក់ជាអាកាសយានដ្ឋាន 4F ហើយនឹងត្រូវបានអភិវឌ្ឍជា ៣ដំណាក់កាល។
ថវិកាវិនិយោគសម្រាប់ដំណាក់កាលទី១ គឺ ១៥០០លានដុល្លារ ដោយមិនរាប់បញ្ចូលដីព្រលានយន្តហោះ។
អាកាសយានដ្ឋានអន្តរជាតិតេជោ ជាប្រភេទ 4F គឺប្រភេទព្រលានយន្តហោះធំ ដែលអាចនឹងស្រូបយក និងទទួលបានការហោះហើរពីឆ្ងាយឆ្លងទ្វីប ដែលអាចឲ្យប្រភេទយន្តហោះធុនយក្ស រហូតដល់ Airbus A380-800 និង យន្តហោះ Boeing 747-800 ចុះចតបាន។
ក្រុមហ៊ុនវិនិយោគ មានមហិច្ឆិតាអភិវឌ្ឍន៍ជាព្រលានយន្តហោះថ្មីនេះ ឲ្យធំ និងទំនើបជាងគេ នៅតំបន់អាស៊ី៕